អានតួអត្ថបទ
ថៃ

យោធាថៃ​ដំឡើង​បង្ហាញសាច់ដុំ​មុនពេល​បោះឆ្នោត​សភា​

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភាថៃ​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ដើមខែ​កក្កដា​ឆ្នាំ២០១១​ខិត​កាន់តែ​ជិតមកដល់។​ ភាពពុំ​ជាក់ច្បាស់​និង​លទ្ធផល​ដែល​អាច​កើតចេញ​ពី​ការបោះឆ្នោត​នេះ​អាច​ក្លាយ​ជា​គ្រោះថ្នាក់​មួយ​ដល់​គណបក្ស​របស់​លោក​អាប់ភិស៊ីត​ ​ ហេតុ​ដូច្នេះហើយ​បាន​ជា​នៅ​ពេល​មុនការ​បោះឆ្នោត​សភានេះ​ ​ យោធាថៃ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​កាន់​កាប់​អំណាច​សព្វថ្ងៃនេះ​បាន​ឆ្លៀត​ឱកាស​ដំឡើង​បង្ហាញ​សាច់ដុំ​របស់​ខ្លួន។

យោធាថៃ​នៅ​ក្នុង​បន្ទាយ​របស់ខ្លួន​នៅ​ខេត្ត​ Sri Sa Ket
យោធាថៃ​នៅ​ក្នុង​បន្ទាយ​របស់ខ្លួន​នៅ​ខេត្ត​ Sri Sa Ket © REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភិស៊ីត​វេចាជីវ៉ា​ដែល​គ្រោង​រៀបចំ​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភាថៃ​នៅ​ដើមខែ​កក្កដា​ឆ្នាំ២០១១​ ​ ​ បាន​ថ្លែង​សង្កត់​បញ្ជាក់ថា​ ​ សង្គ្រាម​ព្រំដែន​រវាង​ថៃ​និង​កម្ពុជា​នឹង​ពុំ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​សភា​នៅ​ដើមខែ​កក្កដា​ខាង​មុខនេះ​ឡើយ។

 
ក៏ប៉ុន្តែ​អ្នកជំនាញការ​ជាច្រើន​យល់ឃើញថា​ ​ សង្គ្រាម​ព្រំដែន​ថៃ-កម្ពុជា​អាច​ក្លាយជា​ឧបករណ៍​​មួយ​ដ៏​ប្រពៃ​នៅក្នុង​ដៃ​របស់​ក្រុម​យោធាថៃ​សម្រាប់​យក​មកប្រើ​ដើម្បី​ខាឃាំង​សម្ព័ន្ធមិត្ត​នយោបាយ​របស់​លោក​ថាក់ស៊ីន​ឡើងមក​កាន់កាប់​អំណាច​នៅ​ប្រទេស​ថៃ។

អ្នកខ្លះ​ទៀត​បារម្ភ​ខ្លាចក្រែង​លោកនាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភិស៊ីត​យកលេស​សង្គ្រាម​ព្រំដែន​ថៃ-កម្ពុជា​មកប្រើ​ ​ សម្រាប់​លើកពេល​ការបោះឆ្នោត​សភា​ដែលគ្រោង​ធ្វើ​នៅ​ដើមខែ​កក្កដា​ឆ្នាំ២០១១​យក​ទៅដាក់​នៅពេល​ក្រោយ។

គួរកត់​សម្គាល់ថា​ ​ សង្គ្រាម​ព្រំដែន​ថៃ-កម្ពុជា​ពិត​ជា​បាន​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​យោធាថៃ​យក​ខ្លួន​មក​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការបំភ្លឺ​បញ្ចាំង​នៅ​ឆាក​នយោបាយ​ថៃ។​ សង្គ្រាម​ព្រំដែន​ថៃ-កម្ពុជា​ពិតជា​លេស​មួយ​ដ៏​ប្រពៃ​សម្រាប់​យោធា​និង​រដ្ឋាភិបាល​ថៃ​ឆ្លៀត​បង្ហាញ​ឲ្យ​ប្រជា​ពលរដ្ឋ​ថៃ​ឃើញ​នូវ​ “ការស្នេហាជាតិ”​របស់​ពួកគេ។

សូមបញ្ជាក់ថា​ ​ លោក​ថាក់ស៊ីន​ដែល​បច្ចុប្បន្ន​នេះ​ភៀស​ខ្លួន​រស់នៅ​ឯបរទេស​បាន​ត្រូវ​គេ​ចាត់ទុកថា​ ​ ជា​ប្រមុខដឹកនាំ​ពិតប្រាកដ​នៃ​គណបក្ស​Puea Thai ដែល​ជា​បក្ស​ប្រឆាំង។​ ចំណែកឯ​ប្រមុខ​យោធាថៃ​ លោក​ឧត្តមសេនីយ​Prayut Chan-O-Cha​ដែល​ជា​អ្នក​រាជា​និយម​​ប្រឆាំង​នឹង​ពួក​អាវក្រហម​បាន​ថ្លែង​ឲ្យ​ដឹងថា​លោក​នឹង​គោរព​លទ្ធផល​ដែល​ប្រសូត​ចេញ​ពី​ការបោះឆ្នោត​សភា​នៅពេល​ខាងមុខនេះ។​ ក៏​ប៉ុន្តែ​លោក​ក៏​ពុំបាន​ធ្វើការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ “រដ្ឋប្រហារ”​ដែល​អាច​កើតមាន​ជាយថាហេតុ​នៅ​ខណៈពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​និង​សម្ព័ន្ធមិត្ត​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភិស៊ីត​វេចាជីវ៉ា​គ្មាន​លទ្ធភាព​នឹង​ឃាឃាំង​ពុំ​ឲ្យ​គណបក្ស​Puea Thai​និង​បក្សពួក​របស់​លោក​ថាក់ស៊ីន​ឡើង​មក​កាន់កាប់​អំណាច​នៅ​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ