អានតួអត្ថបទ
ភូមា

សហភាព​អឺរ៉ុប​ បាន​សំរេចចិត្ត​ សម្រាល​ទណ្ឌកម្ម​របស់​ខ្លួន​ដាក់​ទៅ​លើ​របប​ភូមា

នៅថ្ងៃ​អង្គារ​ម្សិលមិញ សហភាពអឺរ៉ុប បាន​សំរេចចិត្ត​ ​ សម្រាល​​​​ទណ្ឌកម្ម​របស់​ខ្លួនដាក់​​ទៅ​លើ​​របប​ភូមា ដោយ​​ព្យួរ​ចោល​​មួយ​រយៈពេល​​ ​​ការ​ផ្អាប់ទុកធនធាន​​ និង​​ការ​ហាមប្រាម​ការ​ផ្តល់​​ទិដ្ឋាការ​ឲ្យ​​​​ដល់​សមាជិក​រដ្ឋាភិបាល​ភូមា ចំនួន ​១/៣ ក្នុងនោះ​មាន​រូបលោក​ប្រមុខ​ការទូត​​ភូមាផង​ដែរ។ សេចក្តី​សម្រេចចិត្ត​របស់​សហភាពអឺរ៉ុប​នេះ បាន​ធ្វើឡើង​នៅ​​ឱកាស​សម័យ​​ប្រជុំ​​មួយ​របស់​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​​ ​អឺរ៉ុប​នៅទីក្រុង​ Luxembourg។

សហភាពអឺរ៉ុប ទើបសំរេចចិត្តសម្រាល​ទណ្ឌកម្មរបស់ខ្លួន​ទៅលើ​របបភូមា
សហភាពអឺរ៉ុប ទើបសំរេចចិត្តសម្រាល​ទណ្ឌកម្មរបស់ខ្លួន​ទៅលើ​របបភូមា © រូបថត​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

02:25

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

សហភាពអឺរ៉ុប បាន​ពន្យា​រពេល​មួយ​ឆ្នាំ​ថែម​ទៀត​ ការ​ផ្អាប់ទុកធនធាន​​​និង​ការ​ហាម​ប្រាម​ការ​ផ្តល់​​ទិដ្ឋាការ​ឲ្យ​របប​ភូមា ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​មក​កាន់​អឺរ៉ុប​ លើកលែង​តែ​សមាជិក​ស៊ីវិល​ចំនួន១/៣នៃ​​​រដ្ឋាភិបាល​​ដែល​​កាន់​រដ្ឋអំណាច​ប៉ុណ្ណោះ​ ដែលក្នុង​នោះ​ក៏​មានទាំង​​រដ្ឋ​មន្រ្តី​​ក្រសួង​ការបរទេស​លោក  U Wunna Maung Lwin ផងដែរ។

មិនតែប៉ុណ្ណោះ​ ​សហភាព​អឺរ៉ុប  ក៏​បាន​សម្រេច​ចិត្ត​ដែរ ក្នុង​ការ​ចាប់​ផ្តើម​បំពេញ​​ទស្សនកិច្ច​ថ្នាក់​ជាន់​ខ្ពស់​ឡើងវិញ​នៅ​ភូមា ដោយ​គូសបញ្ជាក់​ថា​ខ្លួនក៏គ្រោងទុក នូវ​ការជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​នៃ​​រដ្ឋាភិបាល​ភូមា ក៏ព្រមទាំង​អ្នកតំណាងដ៏​សំខាន់ៗ​នៃ​គណបក្សប្រឆាំងដែរ។

វិធានការទាំង​នេះ គឺ​មានគោលដៅ​ជាពិសេស​ដើម្បី​​លើក​ទឹកចិត្ត​និង​​ឆ្លើយ​តបវិញ​​ចំពោះ​ដំណើរ​ការ​វិវឌ្ឈន៍មិនទាន់បាន​​ល្អ​ប្រសើរគ្រប់គ្រាន់​នៅប្រទេសភូមា​។ គួររំលឹកថា សេចក្តី​សម្រេចចិត្ត​​របស់​សហភាពអឺរ៉ុបនេះ ត្រូវ​បានធ្វើ​​​​ក្រោយពី​របប​សឹក​ផ្តាច់​ការ​ ​ បាន​​ដោះលែង​លោកស្រី អ៊ុង​សាន់ស៊ូជី ជាមេដឹកនាំបក្ស​​ប្រឆាំង​ ឲ្យ​មាន​សេរីភាព​ឡើង​​វិញ មួយ​សប្តាហ៍​ ក្រោយ​ពី​ការ​បោះឆ្នោតកាលពីខែ​វិច្ឆិកា ឆ្នាំទៅមិញ  បន្ទាប់​ពី​បាន​ឃុំឃាំង​លោកស្រី​ក្នុងលំនៅឋាន​អស់រយៈ​ពេល​៧​ឆ្នាំរួចមក។

ការ​ដោះលែង​លោកស្រីស៊ូជី ​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​នេះ​ហើយ ​ដែល​ជំរុញឲ្យ​មាន​​ការ​ជជែកពិភាក្សាគ្នា ​អំពី លទ្ធភាព នៃ​ការ​លើក​ទណ្ឌកម្ម ដែល​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ ​បានដាក់ទៅលើរបបសឹកផ្តាច់ការភូមា ពីបទ​បានរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស។

នាពេលថ្មី ៗនេះ អ្នកការទូតសហភាពអឺរ៉ុប ប្រមាណ​​ជា​៣០​នាក់ ​ បាន​​​ជួប​​សន្ទនា​ជា​មួយ​លោកស្រី ស៊ូជី និង​គណបក្ស​ប្រឆាំង​ភូមា​ផ្សេងៗ​ទៀត ស្តី​ពី ​​លទ្ធភាព​នៃ​​ការ​លើកចេញវិញ ​ទណ្ឌកម្មដែលសហគមន៍​អន្តរជាតិបានដាក់ទៅលើ​​​របបសឹកផ្តាច់ការ​។

ក៏ប៉ុន្តែ លោកស្រីស៊ូជី នៅតែទាមទារ​សុំ​ឲ្យ​រក្សាទុក​វិធានការ​ប្រឆាំង​ទល់នឹងរបបសឹក​ផ្តាច់ការ​​ ​របស់​សហគមន៍​អន្តរជាតិ ដោយ​ហេតុ ស្ថានការណ៍​នៅ​ក្នុង​ប្រទេសភូមា​ពុំ​ទាន់បាន​​ផ្លាស់​​​ប្តូរ​​គ្រប់​​​គ្រាន់​នៅឡើយ​ទេ។

ម្យ៉ាងទៀត ការរក្សាទុកវិធានការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិនេះ ក៏ជា​មធ្យោបាយ​តែមួយគត់​ដើម្បីដាក់សម្ពាធ​ទៅលើ​ពួក​ឧត្តមសេនីយ​នៅក្នុង​ប្រទេសនេះ ដែល​មាន​អ្នក​ទោស​នយោបាយ​​រហូតដល់ ២២០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ