អានតួអត្ថបទ
ភូមា

លោកនាយក​រដ្ឋមន្ត្រី​ ថេន សេន​ ត្រូវ​បាន​តែង​តែង​ជា​ប្រធានាធិបតី​

លោក​អតីត​ឧត្តមសេនីយ ថេន សេន ​ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្រ្តី​ភូមា ទើប​បាន​សភា​បោះឆ្នោត​ឲ្យ​ទទួល​តំណែង​ប្រធានាធិបតី។ តាម​រយៈ​ការ​តែងតំាង​លោក ថេន សេន ​ឲ្យ​ទទួល​មុខ​តំណែង​ដ៏កំពូល​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​ភូមា​ផ្ទេរ​អំណាច​ពី​របបសឹក​ដឹកនំា​ដោយ​លោក​ឧត្តមសេនីយ ថាន់ ស្វេ ទៅ​រក​របប​ស៊ីវិល​មួយ ដែល​អំណាច​បន្ត​ស្ថិត​ក្នុង​កណ្តាប់ដៃ​យោធា​ដដែល។

លោកអាតីត​ឧត្តមសេនីយ ថេន សេន​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី និង​កៅអី​ប្រធានាធិបតី​ភូមា
លោកអាតីត​ឧត្តមសេនីយ ថេន សេន​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី និង​កៅអី​ប្រធានាធិបតី​ភូមា ©AFP/Christophe Archambault
ផ្សាយពាណិជ្ជកម្ម
02:22

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ពិត​ជា​មិន​មាន​អ្វី គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ។ ការ​តែងតំាង​លោក​នាយករដ្ឋមន្រ្តី ថេន សេន​ ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​នា​ពេល​នេះ គឺ​ជា​សេណារីយ៉ូ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ មាន​អាយុ ៦៥ឆ្នំា លោក ថេន សេន មិន​មែន​ជា​ឥស្សរជន​នយោបាយ​ថ្មីថ្មោង​ទេ តែ​ជា​អតីត​ឧត្តមសេនីយ​ជើងចាស់​ម្នាក់។ ក្រៅ​ពី​ការ​តែងតំាង​លោក ថេន សេន ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី សភា​ថ្មី​ភូមា​ក៏​បាន​តែងតំាង​អនុប្រធានាធិបតី​ចំនួន​ពីរ​រូប គឺ​លោក Tin Aung Myint Oo និង​លោក Sai Mouk។ អនុប្រធានាធិបតី​ទំាង​ពីរ​រូប​នេះ​ក៏​​ជា​ឥស្សរជន​នយោបាយ​ដែល​ធ្លាប់​មាន​ឈ្មោះ ពិសេស​គឺ​លោក Tin Aung Myint Oo ដែល​ជា​អតីត​ឧត្តមសេនីយ។

ជា​រួម​ទៅ ទំាង​រូបប្រធានាធិបតី និង​រូបអនុប្រធានាធិបតី សុទ្ធសឹង​ជា​ឥស្សរជន​ដែល​ចេញ​មក​ពី​ប្រភព​យោធា​ដូច​គ្នា និយាយ​ឲ្យ​ស្រួល​យល់ សុទ្ធសឹង​ជា​មនុស្ស​ជំនិត​របស់​មនុស្ស​ខ្លំាង​ភូមា គឺ​លោក​ឧត្តមសេនីយ ថាន់ ស្វេ។ គេ​ពិត​ជា​នៅ​ចំា​មិន​ភ្លេច​ទេ​ថា គឺ​រូបលោក ថេន សេន ​ជា​អ្នក​ដែល​បាន​រៀបចំ តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នំា ២០០៨ និង​ជា​អ្នក​ដែល​បាន​រៀបចំ​ផែនទី​ចង្អុលផ្លូវ​មួយ​ដែល​មាន ៧ដំណាក់កាល ក្នុង​ការ​នំា​ប្រទេស​ភូមា​ឆ្ពោះ​ទៅ​កាន់​របបប្រជាធិបតេយ្យ​មាន​វិន័យ។

ឥឡូវ​នេះ ផែនទី​ចង្អុលផ្លូវ​ទំាង ៧ដំណាក់កាល​បាន​អនុវត្ត​ចប់​សព្វ​គ្រប់​អស់​ហើយ មាន​ន័យ​ថា ជា​ពេល​វេលា​ដែល​ភូមា​ផ្តើម​ធ្វើ​កំណែទម្រង់​ប្រទេស​ឆ្ពោះ​ទៅ​កាន់​របបប្រជាធិបតេយ្យ​មាន​វិន័យ។ តែ​នៅ​លើក​នេះ អំណាច​បាន​ស្ថិត​ក្នុង​ដៃ​លោក​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី ថេន សេន គឺ​មិន​មែន​ស្ថិត​ក្នុង​ដៃ​មនុស្ស​ខ្លំាង លោក​ឧត្តមសេនីយ​ថាន់ ស្វេ​ដូច​មុន​ទៀត​ទេ នេះ​បើ​តាម​ទ្រឹស្តី។

តើ​នៅ​ពេល​នេះ លោក​ឧត្តមសេនីយ ថាន់ ស្វេ​បាត់មុខ​ទៅ​ណា​ហើយ ឬ​ក៏​ថា តើ​គាត់​មាន​តំណែង​អ្វី​ថ្មី ?

អ្វី​ដែល​ជាក់ច្បាស់ តំាង​ពី​ក្រោយ​ការ​បោះឆ្នោត​មក ឈ្មោះ​លោក​ឧត្តមសេនីយ​ ​ថាន់ ស្វេ​ មិន​សូវ​​បាន​គេ​ឮ​ញឹកញាប់​ទេ។ បើ​យោង​តាម​ប្រភព​ព័តមាន​នៅ​ភូមា​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ ថាន់ ស្វេ​ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៧ឆ្នំា អាច​នឹង​ចូល​និវត្ត។ ប៉ុន្តែ​បើ​យោង​តាម​ក្រុម​អ្នកវិភាគ​នយោបាយ លោក ថាន់ ស្វេ​អាច​នឹង​រក្សា​តំណែង​មួយ​បន្ទាប់បន្សំ ដើម្បី​ចៀស​វាង​ការ​សងសឹក ដើម្បី​ធានា​សន្តិសុខ​លើ​រូបលោក និង​ធានា​សន្តិសុខ​ដល់​ក្រុមបក្ស​ពួក​របស់​លោក។

យ៉ាង​ណា​ក៏​ដោយ លោកស្រី​ប្រមុខ​បក្សប្រឆំាង អ៊ុង សានស៊ូជី​បាន​បញ្ជាក់​រួច​ហើយ​ថា លោកស្រី​មិន​បាន​រង់ចំា​កំណែទម្រង់​ណា​មួយ​ពី​រដ្ឋាភិបាល​ថ្មី​ទេ។ ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​អះអាង​ថា ការ​ផ្លាស់ប្តូរ​ជា​រឿង​មួយ​ចៀស​មិន​រួច នៅ​ពេល​ខាង​មុខ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ