អានតួអត្ថបទ
ចិន

ជំនួប​សន្ទនា​ មិន​ធ្លាប់​មាន​រវាង​នាយក​រដ្ឋមន្រ្តី​ចិន​និង​អ្នក​ប្តឹងតវ៉ា​ទៅ​កាន់​អាជ្ញាធរ​

លោក​នាយក​រដ្ឋមន្ត្រី​ចិន Wen Jiabao បាន​ជួប​សន្ទនា​ជាមួយ​ពលរដ្ឋ​ចិន​កាលពី​ថ្ងៃ​ចន្ទ​២៤​មករា​ដែល​មក​ដាក់​ ពាក្យ​បណ្តឹង​តវ៉ា​ទៅកាន់​​អាជ្ញាធរ ​អំពី ការមិនបើក​ប្រាក់ខែ​ឲ្យ ការ​​​បំផ្លាញ​កំទេច​និង​បណ្តេញ​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​​ដោយទាំង​​ បង្ខិតបង្ខំ ក៏​ព្រមទាំង​​ការ​រឹបអូស​យក​ដីធ្លី​របស់​ប្រជាជន​ជាដើម។ ការ​ជួប​សន្ទនា​ជាមួយ​ប្រជាជន​ដែល​មាន​កំហឹង​ទាំងនេះ​ គឺ​ជា​កាយវិការ​​មួយ​មិន​ធ្លាប់​មាន​ឡើយ​​របស់​រដ្ឋាភិបាល និង​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ផង​​ដែរ​ពី ​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ដើម្បី​រម្ងាប់​វិបត្តិ​នៅ​ ក្នុង​សង្គម។ នេះ​​បើយោងតាម​​សារព័ត៌មាន​ផ្លូវការចិន​ចុះ​ផ្សាយ​នៅ​​ថ្ងៃពុធ​ទី​២៦​មករា​ នេះ។

លោក នាយករដ្ឋមន្រ្តីចិន Wen Jiabao
លោក នាយករដ្ឋមន្រ្តីចិន Wen Jiabao © RFI
ផ្សាយពាណិជ្ជកម្ម

 

02:12

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​ លោក​នាយករ​ដ្ឋមន្ត្រី​ចិន Wen Jiabao ទៅ​កាន់​ការិយាល័យ​​រដ្ឋ​មួយ​ដែល ជាកន្លែង​​ចាំ​ទទួល​ពាក្យ​បណ្តឹង​គ្រប់​បែប​យ៉ាង​ពី​សំណាក់​​ពលរដ្ឋ​ចិន ដែល ខឹង​សម្បា​ខ្លាំង​ដោយសារ​ខ្លួន​ពុំ​បាន​បើក​ប្រាក់ខែ ការ​បំផ្លាញកំទេច​និង​បណ្តេញ​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ដោយ​បង្ខិតបង្ខំ​ឬ​ការ​រឹបអូស​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​ជា​ដើម។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ”Human Rights Watch(HRW)” បាន​ចោទ​ប្រកាន់​ប្រមុខ​រដ្ឋាភិបាល​ចិន​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក គ្រាន់តែ​ជា​ប្រតិបត្តិការ​​ជា​និមិត្តរូប​មួយ​ប៉ុណ្ណោះ នៅ​ខណៈ​ដែល ការ​ដាក់​ពាក្យ​ប្តឹងប្តល់​របស់​ប្រជាជន​ចិន ជា​ញឹក​ញាប់​​ត្រូវ​គេ​រារាំង​នៅ​ក្នុង​ប្រទេស​​ដោយ​ប្រើ​មធ្យោបាយ​ស្រប​ច្បាប់ឬ​ក៏​ខុសច្បាប់។

លោក Web Jiabao ដែលត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ថ្នាក់ដឹកនាំ​ចិន​មួយរូប ​មានការ​យកចិត្តទុកដាក់ខ្លាំង​ជាងគេ​ទៅ​លើ​បញ្ហា​ខ្វល់ខ្វាយ​របស់​ប្រជាជន​ខ្លួន បាន​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​វិបត្តិ​ ប្រសិនបើ​ពាក្យ​បណ្តឹង​របស់អ្នកតវ៉ាទាំងនោះ​មាន​លក្ខណៈ​សមហេតុផល។ លោក​នាយក​រដ្ឋមន្ត្រី​ចិន  បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​ដែល​​មក​ពី​ខេត្ត​នានា​​ ប្រាប់​ថា​ ការ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋាភិបាល​គឺ​មាន​គោលដៅ​ដើម្បី​បញ្ចប់​ឲ្យ​អស់​ការ​​បំផ្លាញកំទេច​លំនៅឋាន​របស់​ប្រជាជន​ដោយ​ខុស​ច្បាប់​​និង​ក៏​​ជួយ​ការពារ​ផង​ដែរ​សិទ្ធិ​​របស់​កម្មសិទ្ធិករ។ មិនតែ​ប៉ុណ្ណោះ​ លោក​នាយក​រដ្ឋមន្ត្រី​ចិន បាន​បន្ថែម​ទៀត​ថា ដីធ្លី គឺ​ជា ធនធាន​សំខាន់ ជា​អាយុជីវិត របស់​ប្រជាកសិករ។

សមាគម​ការពារ​សិទ្ធិមនុស្ស​ជា​ច្រើន នៅ​ក្នុង​ប្រទេស​ បាន​បរិហារ​ជា​ញឹកញាប់​អំពី​សកម្មភាព​​វៀចវេរ​ទុច្ចរិត​របស់​អាជ្ញាធរ​តាម​​តំបន់​នានា ដែល​ធ្វើ​ការ​រារាំង​មិនឲ្យ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​របស់ខ្លួន ​ទៅ​កាន់​រដ្ឋាភិបាល​ចិន។ យោងតាម​ប្រភព​ដដែល នៅ​ទីក្រុង​​ប៉េកាំង​និង​នៅ​តាម​ទីក្រុង​ចិន​ផ្សេងៗ​ទៀត ​មានវ​ត្តមាន​នៃ ពន្ធនាគារ​សម្ងាត់  ជាទី​ដែល​ពលរដ្ឋចិន​ អាច​នឹង​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​រយៈពេល​ជា​ច្រើន​ខែ ក៏ព្រមទាំង​​ទទួលរង​​អំពើហិង្សាវាយដំច្រំធាក់​ផ្ទួនៗ គ្នាទៀត​ផង ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​អ្វី​បន្តិច​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ