អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ដ៏​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួន​មាន​ការ​កក់ក្តៅ​ក្នុង​ចិត្ត

តៃវ៉ាន់ បាន​ធ្វើ​សមយុទ្ធ​របស់​ខ្លួន​ដោយ​បាញ់​កាំជ្រួច​មីស្ស៊ីល​ នៅ​ថ្ងៃ​អង្គារ​ទី​១៨​មករា​ម្សិលមិញ​ ជា​ថ្ងៃទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ហ៊ូជិនតាវ​នៅ​សហរដ្ឋអាមេរិក។ យោងតាម​អ្នកវិភាគនយោបាយ សមយុទ្ធ​​នេះ មានគោលដៅ​ដើម្បី​ធ្វើ​ឲ្យ​​ពលរដ្ឋ​តៃវ៉ាន់ មាន​ការ​កក់ក្តៅ​ក្នុងចិត្ត។

សមយុទ្ធ​ដោយ​បាញ់​កាំជ្រួច​មីស្ស៊ីល​របស់តៃវ៉ាន់ នៅ​មូលដ្ឋាន​យោធា Chiupeng នៅ​ប៉ែក​ខាង​ត្បូង​កោះ​តៃវ៉ាន់​ថ្ងៃ​អង្គារ​១៨​មករា​២០១១។
សមយុទ្ធ​ដោយ​បាញ់​កាំជ្រួច​មីស្ស៊ីល​របស់តៃវ៉ាន់ នៅ​មូលដ្ឋាន​យោធា Chiupeng នៅ​ប៉ែក​ខាង​ត្បូង​កោះ​តៃវ៉ាន់​ថ្ងៃ​អង្គារ​១៨​មករា​២០១១។ © Reuters
ផ្សាយពាណិជ្ជកម្ម
02:25

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

សមយុទ្ធ ដោយ​បាញ់​កាំជ្រួច​មីស្ស៊ីល​របស់​តៃវ៉ាន់​ នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​​មូលដ្ឋាន​យោធា Chiupeng ​ប៉ែក​ខាង​ត្បូង​កោះ​តៃវ៉ាន់។ គឺ​ជា​ប្រតិបត្តិការ​មួយ​ដ៏​សំខាន់​បំផុតនិង​បើក​ចំហ​​ចំពោះ​​សាធារណជន​ ចាប់តាំង​ពី​​លោក Ma Ying-jeou ជាប់ឆ្នោត​ជា​ប្រធានាធិបតី តៃវ៉ាន់​នៅ​ឆ្នាំ ២០០៨​មក។

យោងតាម​អ្នកវិភាគ​នយោបាយ នៃ​វិជ្ជាស្ថាន​សិក្សា​អាមេរិក​នៃ​សកល​វិទ្យាល័យ ​Tamkang​ គោលដៅ​នៃ​សមយុទ្ធ​នេះ គឺ​តៃវ៉ាន់​ចង់​បង្ហាញ​ពលរដ្ឋ​ខ្លួនឲ្យឃើញ​​​សមត្ថភាព​​យោធារបស់​​តៃវ៉ាន់​​​ក្នុង​កិច្ច​ការពារ​ប្រទេស។ ពលរដ្ឋ​តៃ​វ៉ាន់​ដែល​កំពុង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​​​ព្រឹត្តិការណ៍​ពីរ​យ៉ាង​ដែល​កំពុង​វិវឌ្ឍ​នៅ​ប្រទេស​ចិន។

ទី​មួយ គឺ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន​៤​ថ្ងៃ​របស់​លោក​ប្រធានាធិបតី​ចិន​ហ៊ូជិនតាវ​នៅ​សហរដ្ឋអាមេរិក និង​ទីពីរ ការសម្ពោធឲ្យ​​ហោះហើរ ជា​លើក​ដំបូង​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ថ្មី​​ដ៏​ទំនើបបំផុត​ ​របស់​ចិនមួយ​ធុន J-20 ជា​ យន្តហោះ​ដែល​ប្រព័ន្ធ​រ៉ាដា​មិន​អាច​ចាប់​បាន​ នៅ​ដើម​ខែ​មករា​នេះ។

ម្យ៉ាងទៀត តៃវ៉ាន់ ក៏​ចង់​បង្ហាញ​ឲ្យ​ ​ទីក្រុង​វ៉ាស៊ីនតោនឃើញ​​ដែរ នូវ​ ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​​និង​ក៏​ចង់​បា្រប់​ ​ទីក្រុង​ប៉េកាំង​ដែរ​ថា តៃវ៉ាន់ នឹង​បន្ត​ការ​បង្កើន​សព្វាវុធ​របស់​ខ្លួន​តទៅ​មុខ​ទៀត ថ្វីដ្បិតតែ​ភាពតានតឹង​នៅ​ក្នុង​តំបន់ បាន​ធ្លាក់ចុះ​​​​ធូរស្រាល​បន្តិច​ក៏ដោយក្តី។

ចំណែក លោក​ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou បាន​ប្រកាស​ដែរ​ថា រាល់​ការពិសោធ​​សាកល្បង​​សព្វាវុធ​នេះ គឺ​ធ្វើឡើង​ក្នុង​គោលដៅសំរាប់តែ​​​ការពារខ្លួន​សុទ្ធសាធ​និង​ក៏គ្មាន​​​បំណង​បង្ក​សង្រ្គាមប្រឆាំង​នរណាឡើយ។​
 

នៅចំពោះ​មុខ​អ្នក​កាសែត លោក​ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែង​ទៀតថា លោក​ពុំទាន់​ពេញ​ចិត្ត​នៅឡើយ​ទេ​​ចំពោះ​​ការពិសោធ​​សាកល្បង​បាញ់​កាំជ្រួច​មីស្ស៊ីល​​លើក​នេះ ពីព្រោះ​​កាំជ្រួច​មីស្ស៊ីល ​ចំនួន​ប្រាំដើម ​ក្នុង​ចំណោម​កាំជ្រួច​មីស្ស៉ីល​​បាញ់​ទាំង​អស់​ចំនួន​១៩ដើម  នៅ​ពុំទាន់​បាន​សម្រេច​ដល់​គោលដៅ​នៅ​ឡើយ។ ដូចនេះ តៃវ៉ាន់​ត្រូវ​ការត្រួត​​ពិនិត្យ​​មើល​ ថា​តើ​បរាជ័យ​នេះ​​បណ្តាល​មកពី​កំហុស​មនុស្ស ​ឬ ​មួយ​ក៏​មកពី​បញ្ហា​បច្ចេកទេស។​ លើស​ពីនេះ តៃវ៉ាន់​ក៏​ត្រូវ​ប្រុងប្រៀប​ត្រៀមខ្លួន ​ធ្វើ​សមយុទ្ធ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី ​ពង្រឹង​សមត្ថភាព​យោធា​របស់​តៃវ៉ាន់ នេះ​ជា​ការ​ថ្លែង​បន្ថែម​របស់​លោក​ប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ