អានតួអត្ថបទ
ចិន-អាឡឺម៉ង់

ចិន ​មាន​បំណង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អាឡឺម៉ង់

ឧបនាយករដ្ឋមន្រ្តី​ចិន លោកLi Keqiang អញ្ជើញ​មក​ដល់​ទីក្រុង ប៊ែរឡាំង​នា​ថ្ងៃ​ព្រហស្បតិ៍​៧មករា​ម្សិលមិញ​ដើម្បី​បំពេញ​ទស្សនកិច្ច​ក្នុង ​ប្រទេស​អាឡឺម៉ង់​ចំនួន​៤ថ្ងៃ។ លោក Li Keqiang ​បាន​ថ្លែង​​ប្រាប់​ទីក្រុង ប៊ែរឡាំង ថា​"ប្រទេស​ចិន​និង​អាឡឺម៉ង់ ត្រូវតែ រួម​កម្លាំង​គ្នា​ដើម្បី ពង្រីក​សហប្រតិបត្តិការណ៍​សេដ្ឋកិច្ច​ដើម្បី​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ពី​ គ្នា​ទៅ​វិញ​ទៅ​មក"។ នៅ​ថ្ងៃ​សុក្រ​នេះ លោក Li Keqiang ត្រូវ​ជួប​សន្ទនា​ជាមួយ លោកស្រី​នាយក​រដ្ឋមន្ត្រី​អាឡឺម៉ង់ Angela Merkel និង​លោក​ប្រធានាធិបតី​អាឡឺម៉ង់ Christian Wulff ក៏ព្រមទាំង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស Guido Westerwelle។

លោកស្រីនាយករដ្ឋមន្ត្រីអាឡឺម៉ង់ Angela Merkel និង​លោក Li Keqiang ឧបនាយករដ្ឋមន្ត្រីចិននៅទីក្រុង Berlin ថ្ងៃសុក្រទី​៧មករា២០១១
លោកស្រីនាយករដ្ឋមន្ត្រីអាឡឺម៉ង់ Angela Merkel និង​លោក Li Keqiang ឧបនាយករដ្ឋមន្ត្រីចិននៅទីក្រុង Berlin ថ្ងៃសុក្រទី​៧មករា២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

02:06

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

នៅ​ឱកាស​ថ្លែង​សន្ទរកថា​មួយ នាពេល​ទទួលទាន​អាហារ​ល្ងាច​​​ជា​មួយ​បណ្តា​អ្នកតំណាង​សហគ្រាស​អាឡឺម៉ង់​និង​ចិន លោក Li Keqiang បានថ្លែង​បញ្ជាក់ថា ប្រទេស​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​អស់​ក្នុង​ការ​រក្សា​និង​ធានា​នូវ​ការ​រីក​ចំរើន​សេដ្ឋកិច្ច​មួយ​ដែល​មាន​ស្ថិរភាព​និង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ដ៏​យូរ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន បាន​បន្ត​ទៀត​ថា « ក្នុង​ពេល​នេះ ចិន ស្ថិត​នៅ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច្នេះ ចិន​ត្រូវតែ​ខំ​ប្រឹងប្រែង សម្រេច​ឲ្យ​បាន​ជោគជ័យ​នូវ​គោលដៅ​ធ្វើ​នវូបនីយកម្ម​នានា​ដើម្បី ឲ្យ​ប្រជាជន​ចិន​ទាំង​អស់ បាន​ទទួល​ផលប្រយោជន៍​ពី ការ​រីក​ចំរើន​​សេដ្ឋកិច្ច​និង​សង្គម។

នៅ​ក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​អាឡឺម៉ង់​វិញ  ដោយសារ​​សហប្រតិបត្តិការ និង​ការ​សម្រប​សម្រួល​​គ្នា​បាន​ស្អិតល្មួត​ល្អ ប្រទេស​ទាំង​ពីរ ​បាន​​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​មួយ​ឲ្យ​ងើប​ចេញ​ផុត​ពី​ ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។ មិនតែប៉ុណ្ណោះ លោក​ឧបនាយក​រដ្ឋមន្រ្តី​ចិន បាន​គូស​បញ្ជាក់​ទៀត​ថា ពាណិជ្ជកម្ម​ឧភតោភាគី បាន​​កើន​ឡើង​រហូត​​ដល់ ១៤​​ម៉ឺន​លាន​ដុល្លារ នៅ​ឆ្នាំ ២០១០ គឺ ​ទំហំ ច្រើន​ជាង ៣០​ដង​ បើ​ប្រៀប​ទៅ​ឆ្នាំ ១៩៩០។

យោងតាម លោក លី ចិន​និង​អាឡឺម៉ង់ មិន​គ្រាន់តែ ពង្រីក​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​ដែល​ធ្លាប់​មាន​ជា​យូរ​មកហើយ ដូចជា ផ្នែក​បរិក្ខារ និង​សាងសង់​គ្រឿងយន្ត-រោងចក្រ​គីមី និង​ឧស្សាហកម្ម​យានជំនិះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ត្រូវ​ពង្រីក​សហការ​ផងដែរ នៅ​លើ​ផ្នែក​ថ្មីៗ​ទៀត​ដូចជា ឋាមពល សម្ភារៈ​ថ្មីៗ ​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ការពារ​បរិស្ថាន។ មិនតែប៉ុណ្ណោះ លោក លី​ មាន​បំណង​ចង់​ឲ្យ​ប្រទេស​អាឡឺម៉ង់ បើក​ចំហរ​ទីផ្សារ​របស់​ខ្លួន​ជានិច្ច​ដែរ។

នៅទីបញ្ចប់ លោក ឧបនាយករដ្ឋមន្ត្រី​ចិន បាន សម្តែង​ចេតនា​ចង់​លើក​ស្ទួយ​ទំនុក​ទុកចិត្ត​រវាង​ចិន​និង​សហភាពអឺរ៉ុប ព្រោះ​លោក​ចង់​ឃើញ ចិន​និង​សហភាព​អឺរ៉ុប​ មាន​ការ​រួបរួមគ្នា និង​រីក​ចម្រើន​រួម​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ