អានតួអត្ថបទ
កូរ៉េ

ព្យុងយ៉ាង​ គំរាម​ធ្វើ​សង្គ្រាម​ក្រោយពី​លំហាត់​សឹក​ថ្មី​របស់​សេអ៊ូល​

កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ធ្វើ​សមយុទ្ធ​ថ្មី​ដ៏​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ជិត​ ព្រំដែន​កូរ៉េ​ខាងជើង។ លំហាត់សឹក​នេះ ដែល​មាន​រយៈពេល​តិច​ជាង​មួយ​ម៉ោង​ចូលរួម​ដោយ​ទាហាន​ចំនួន​ប្រមាន​ជា​៨០០នាក់ ​-រថក្រោះ​ឧត្ថម្ភាគចក្រ និង​យន្តហោះ​ចំបាំង។ សមយុទ្ធ​ថ្មី​របស់​កូរ៉េ​ខាងត្បូង​នេះ​ត្រូវ​បាន​ទីក្រុង​ព្យុងយ៉ាង បរិហារ​ថា​ជាការ​បង្កហេតុ​យោធា​មួយ​ដ៏ធ្ងន់ធ្ងរ​និង​គំរាម​ថា​ត្រៀមខ្លួន​ ស្រេច​ដើម្បី​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ បើ មាន​ឱកាស​ហុច​ឲ្យ។

លោកប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-bak (កណ្តាល)​ថតជាមួយ​ទាហាននាឱកាសទស្សនកិច្ច​នៅ​ប៉ុស្តយាមល្បាតមួយ​ក្នុងខ្សែត្រៀមជាមុខថ្ងៃទីធ្នូ២០១០។
លោកប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-bak (កណ្តាល)​ថតជាមួយ​ទាហាននាឱកាសទស្សនកិច្ច​នៅ​ប៉ុស្តយាមល្បាតមួយ​ក្នុងខ្សែត្រៀមជាមុខថ្ងៃទីធ្នូ២០១០។ REUTERS/Jo Bo-Hee/Yonhap
ផ្សាយពាណិជ្ជកម្ម

 

02:28

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

ប្រតិបត្តិការ​លំហាត់សឹក​​របស់​កូរ៉េ​ខាងត្បូង​​ទំាង​ជើងគោក​និង​ជើងអាកាស ដ៏សំខាន់ជាងគេ​បង្អស់​​នៅក្នុងឆ្នាំនេះ ត្រូវ​បានប្រព្រឹត្តទៅ​មួយខែ​ក្រោយពី​កងទ័ព​កូរ៉េខាងជើង បាន​បាញ់​គ្រាប់​កំាភ្លើង​ធំ​ទៅ​​លើ​កោះ​ Yeonpyeong របស់​កូរ៉េ​ខាងត្បូង​។ គឺ​ជា​ការ​វាយ​ប្រហារ​​លើកទីមួយរបស់កូរ៉េខាងជើង​ទៅលើ​តំបន់ស៊ីវិល ​ចាប់តាំងពីសង្គ្រាមនៅ
កូរ៉េ​បានបិទបញ្ចប់​នៅក្នុងឆ្នាំ​១៩៥៣។

កូរ៉េខាងត្បូង​ដែល​បាន​ធ្វើ​សមយុទ្ធកាលពីដើមសប្តាហ៍នៅក្នុងសមុទ្រជប៉ុន  បានគូស​បញ្ជាក់​ថា ​គឺជាប្រតិបត្តិការសម្រាប់ការពារទឹកដីខ្លួនសុទ្ធសាធ។ ក៏ប៉ុន្តែ ចំពោះ​ទីក្រុង​ព្យុងយ៉ាង ទង្វើ​របស់​កូរ៉េ​ខាង​ត្បូង​នេះ គឺ​ជា​បង្កហេតុ​យោធា​មួយ​ដ៏​ធ្ងន់ធ្ងរ និង​ក៏ជាការ​ត្រៀម​ធ្វើ​សង្គ្រាម​ឈ្លាមពាន​មួយ​។ នេះជាសេចក្តីប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ជើង​​លោក គឹម យុង ជុន ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាង​ជើង KCNA ដែលបញ្ជាក់​ទៀត​ថា កងទ័ពកូរ៉េខាងជើង​ត្រៀមខ្លួន​រួច​ស្រេច ​នឹងធ្វើ​សង្គ្រាម​ដ៏សាហាវ​​បំផុត​មួយ​ដោយប្រើ​អាវុធ​នុយក្លេអ៊ែរ​ ​តបទៅ​នឹង​ចេតនា​របស់​សត្រូវដែលបានជម្រុញ​ឲ្យ​ស្ថានការណ៍​​នៅ​ឧទ្វីប​កូរ៉េ​ ឲ្យ​ធ្លាក់ចូល​ទៅ​ក្នុង​ជ្រោះនៃ​​សង្គ្រាម។

នៅចំពោះ​មុខស្ថានការណ៍ដ៏ដុនដាបនេះ ទីក្រុងប៉េកាំង បានសុំ​ឲ្យទីក្រុងព្យុងយ៉ាង​កុំទាន់ចាត់​វិធានការណ៍​អ្វី​ទាំង​អស់​រហូត​ដល់ថ្ងៃទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ហ៊ូជិនតាវ​​នៅសហរដ្ឋអាមរិកនៅ​ថ្ងៃ​ទី ១៩មករាសិន។

លោកប្រធានាធិបតីកូរ៉េខាងត្បូង​ Lee Myung-Bak -ក្នុងដំណើរទស្សនកិច្ចនៅ​បន្ទាយ​ទាហាន​មួយ បានថ្លែងបញ្ជាក់​អំពីការបេ្តជ្ញាចិត្តរបស់លោក​ក្នុងការ​វាយប្រហារតប​កូរ៉េ​ខាង​ជើង​ យ៉ាង​ម៉ឺងម៉ាត់ ​ក្នុង​ករណី​មាន​ការ​វាយប្រហារពីកូរ៉េខាងជើង​​ដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់ និង​រារាំងមិនឲ្យមានការបង្កហេតុដែរ។

នៅ​សហរដ្ឋអាមេរិក​វិញ-ក្រសួងការបរទេស​ បាន​ដៀលត្មះ​ឧបាយកល​និង​ការ​បំប៉ោង​វោហារ​​របស់កូរ៉េខាងជើង​ដើម្បីយកលេសបញ្ឆេះភ្លើងសង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េ និង​ទាមទារ​ឲ្យ​ទីក្រុង​​ព្យុងយ៉ា​ង​ធ្វើសកម្មភាព នានា ដែល​​ប្រកបដោយលក្ខណៈស្ថាបនា។

ម្សិលមិញនេះដែរ សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ទីក្រុង​ព្យុងយ៉ាង ប្រឆាំង​ទល់​នឹង​សកម្មភាព​ហិង្សានានាដោយ បានគូសបញ្ជាក់ដែរថា សមយុទ្ធរបស់កូរ៉េខាងត្បូង គឺមាន​លក្ខណៈ​សំរាប់ការពារប្រទេសសុទ្ធសាធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ