អានតួអត្ថបទ
ថៃ

តុលាការធម្មនុញ្ញ​ច្រានចោល​បណ្តឹង​របស់​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​​នៅ​ថ្ងៃ​​ចន្ទ​២៩​វិច្ឆិកា​២០១០​

នៅ​ទី​បំផុត អាច​ចាត់​ទុក​ជា​ជោគ​ជ័យ​មួយ​សម្រាប់​ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី អាភិស៊ីត ព្រោះ​តុលាការ​ធម្មនុញ្ញ​ថៃ បាន​ចេញ​សាល​ក្រម​ច្រាន​ចោល បណ្តឹង​​របស់​គណៈកម្មការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ថៃ ថា​ពុំ​បាន​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ការ​នីតិវិធី។

នាយករដ្ឋមន្រ្តីថៃ  Abhisit Vejjajiva(រូបកណ្តាល) ស្ថិតនៅ​ក្នុង​តុលាការធម្មនុញ្ញក្នុងទីក្រុង បាងកកថ្ងៃ ចន្ទទី ២៩ វិច្ឆិកា​២០១០
នាយករដ្ឋមន្រ្តីថៃ Abhisit Vejjajiva(រូបកណ្តាល) ស្ថិតនៅ​ក្នុង​តុលាការធម្មនុញ្ញក្នុងទីក្រុង បាងកកថ្ងៃ ចន្ទទី ២៩ វិច្ឆិកា​២០១០ © Reuters
ផ្សាយពាណិជ្ជកម្ម
02:14

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

តុលាការ​ធម្មនុញ្ញ​ថៃ ទើប​បាន​ប្រកាស​សេចក្តី​សំរេចចិត្ត​របស់​ខ្លួន​នា​ថ្ងៃ​ចន្ទ​២៩​វិច្ឆិកា​នេះ ច្រាន​ចោល​​ពាក្យ​បណ្តឹង​របស់គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ដែល​សុំ​ឲ្យ​គេ​រំលាយ​ចោល​គណបក្ស PD​ កាន់​អំណាច​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន ពីបទ​បាន​ប្រើប្រាស់​ប្រាក់​ខុស​ច្បាប់ ហួស​ការ​កំរិត​សំរាប់​ការ​រៀបចំ​ការបោះឆ្នោត​នា​ឆ្នាំ​២០០៥ ក្នុង​ទឹកប្រាក់​ប្រមាណ​​ជា ២៩​លាន​បាត​ស្មើ​នឹង ៩៦​ម៉ឺន​ដុល្លារ។

ការ​ច្រានចោល​របស់​តុលាការ​ធម្មនុញ្ញ​នេះ គឺ​ដោយសារ​ការ​ដាក់ពាក្យ​បណ្តឹង​មិនស្រប​ទៅ​​តាម​​កាលបរិច្ឆេទ​ស្របច្បាប់។ ក្នុង​ន័យ​នេះ​ដែរ តុលាការ​ធម្មនុញ្ញ​ថៃ មិន​ធ្វើការ​ពិនិត្យមើល​បញ្ហា​អ្វី​ទៀត​ដែរ​នៅ​ក្នុង​សំណុំរឿង​ប្តឹង​នេះ ដោយយោង​ទៅ​លើ​សេចក្តី​សំរេចចិត្ត​អនុម័ត​ដោយ​សំឡេង​ចៅក្រម​៤​រូប​គាំទ្រ​ទល់​នឹង​សំឡេង​ប្រឆាំង​ពីរ​រូប។

សេចក្តី​សំរេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​នា​ថ្ងៃ​ចន្ទ​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​កំហឹង​​ក្រេវក្រោធ​នៅ​ក្នុង​ជួរ​នៃ​ចលនា​ពួក​អាវ​ក្រហម​ថៃ ពីព្រោះ​ចលនា​ពួក​អាវក្រហម​ថៃ បាន​ទាមទារ​ជា​យូរយារ​​មក​ហើយ​ឲ្យ​គេ​រំលាយចោល​គណបក្ស​ដឹកនាំ​ដោយ​លោក​អាភិស៊ីត ដោយ​បាន​បរិហារ​អាក្រាត​ជាពិសេស​ថា គឺ​ជា​យុត្តិធម៌​មួយ​ដែល​ផ្អៀង​ទៅ​ម្ខាងៗ។

យោងទៅ​តាម​ចលនា​ពួក​អាវ​ក្រហម តុលាការ​ធម្មនុញ្ញ បំរើ​ទាំង​ស្រុង​ពួក អ្នក​នយោបាយ​នៃ​គណបក្ស​ដ៏​សំខាន់ នៅ​ទីក្រុង​បាងកក ជាអាទិ៍​គណបក្ស​ប្រជាធិបតេយ្យ PD របស់លោក​នាយករដ្ឋមន្រ្តីអាភិស៊ីត។

គណបក្ស​ប្រជាធិបតេយ្យ PD​នេះ​ឯង បាន​សំរេច​ឈាន​ឡើង​កាន់​រដ្ឋអំណាច​កាលពី​២​ឆ្នាំ​មុន -ក្រោយពី​មាន​សេចក្តី​សំរេចចិត្ត​របស់​តុលាការ​ថៃ ដែល​បាន​ធ្វើ​ឲ្យ​គ្នីគ្នា​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន ខ្ទាត​ចេញ​ពី​អំណាច។

សូមបញ្ជាក់​ថា ចលនា​ពួក​អាវ​ក្រហម​ថៃ​ដែល​ស្មោះស្ម័គ្រ ចំពោះ​លោក​ថាក់​ស៊ីន បាន​ធ្វើ​បាតុកម្ម អស់​រយៈពេល ២​ខែ​នៅ​ទីក្រុង​បាងកក នា​ដើម​ឆ្នាំ​នេះ ដើម្បី​ទាមទារ ឲ្យ​លោក​អាភិស៊ីត​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន លាលែង​ចេញ​ពី​មុខ​តំណែង​របស់ខ្លួន។ វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ ដែល​ប្រទេស​ថៃ​សម័យ​បច្ចុប្បន្ន ជួប​ប្រទះ​ជា​លើក​ដំបូង បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៩១ នាក់​និង​របួស ១៩០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ