អានតួអត្ថបទ
ភូមា

ពន្លឺ​នៃ​ការដោះលែង​លោកស្រី អ៊ុងសាន ស៊ូជី​លេច​ចេញ​កាន់​តែ​ច្បាស់

លោកស្រី​អ៊ុងសាន ស៊ូជី​ មេដឹកនាំ​បក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប្រជាជន​ភូមា នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព នៅ​ថ្ងៃ​សៅរ៍​ស្អែក​​នេះ។ តាម​ប្រភព​មិន​ផ្លូវការ​ពី​អាជ្ញាធរ​ភូមា ឯកសារ​ស្តី​ពី​ការដោះលែង​ម្ចាស់​ជ័យ​លាភី​ណូបែល​សន្តិភាព​ ត្រូវ​បាន​ចុះ​ហត្ថលេខា​រួចរាល់​ហើយ ដោយ​គេ​នៅ​រង់ចាំ​តែ​ពេលវេលា​មក​ដល់​តែ​ប៉ុណ្ណោះ។ ក្រុម​អ្នកគាំទ្រ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​នៅ​តែ​មិន​ទាន់​ទុកចិត្ត​នឹង​ដំណឹង​ស្តី​ពី​ការដោះលែង និង​បារម្ភ​ថា របបសឹក​អាច​នឹង​រកលេស​ចាប់ដាក់​ឃុំ​មេដឹកនាំ​បក្ស​ប្រឆាំង ជាបន្ត​ទៀត។

ព្រះសង្ឃ​ភូមា​និមន្ត​កាត់​ទីស្នាក់ការ​គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ជាទី ដែល​សមាជិក​គណបក្ស​ជួបជុំ​គ្នា​ដើម្បីត្រៀម​អបអរ​ការដោះលែង​លោកស្រី​ស៊ូជី ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ទី ១៣​វិច្ឆិកា ឆ្នាំ ២០១០
ព្រះសង្ឃ​ភូមា​និមន្ត​កាត់​ទីស្នាក់ការ​គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ជាទី ដែល​សមាជិក​គណបក្ស​ជួបជុំ​គ្នា​ដើម្បីត្រៀម​អបអរ​ការដោះលែង​លោកស្រី​ស៊ូជី ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ទី ១៣​វិច្ឆិកា ឆ្នាំ ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម
02:36

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ដំណឹងស្តី​ពីការដោះលែង​លោកស្រី​អ៊ុងសាន ស៊ូជី​បាន​លេចឮ​តាំងពី​ថ្ងៃ​ពុធម្ល៉េះ។ ជា​ផ្លូវការ ការឃុំ​ក្នុង​គេហដ្ឋាន​រយៈពេល ១៨​ខែ ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា ត្រូវ​ផុត​កំណត់ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។ ចាប់តាំងពី​ថ្ងៃ​នេះ គេ​ឃើញ​សន្តិសុខ​នៅ​ជុំវិញ​គេហដ្ឋាន​របស់​លោកស្រី​ស៊ូជី​ត្រូវ​បាន​គេ​ពង្រឹង​យ៉ាងខ្លាំង។ ប៉ូលិស​ជា​ច្រើន​រយនាក់ ត្រូវ​បាន​ពង្រាយ​នៅជុំ​ជិត​គេហដ្ឋាន​របស់​លោកស្រី​ស៊ូជី ក្នុង​ក្រុង​Rangoun។

បើ​ទោះ​ជា​មិន​ទាន់​មាន​ដំណឹង​ផ្លូវការ​ពី​របបសឹក​ភូមា ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់ក្រោម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា លោកស្រី អ៊ុងសាន ស៊ូជី​នឹង​ត្រូវ​គេដោះលែង​ដោយ​ប្រាកដ។ ទោះយ៉ាងណា គេ​មិន​បាន​ដឹង​ច្បាស់​ទេ​ថា តើ​ការដោះលែង​លើក​នេះ នឹង​មាន​ជាប់មក​ជាមួយ​នឹង​លក្ខខណ្ឌ​ពី​របបសឹក​ដែរឬទេ។

គួរ​ដឹង​ថា កាលពី​ឆ្នាំ ២០០២ លោកស្រី​ស៊ូជី​ដែល​ត្រូវ​បានដោះលែង​ឲ្យ​មាន​សេរីភាព ម្តងហើយ ប៉ុន្តែ មាន​លក្ខខណ្ឌ ហាម​មិន​ឲ្យ​ជួប​នឹង​ប្រជាជន​ដែល​គាំទ្រ​លោកស្រី។ ការដែល​ក្បួនរថយន្ត​​ដឹក​លោកស្រី​ទៅ​ជួប​ប្រជាជន ត្រូវ​បាន​ជនមិនស្គាល់មុខ​វាយប្រហារ និង​សម្លាប់​ប្រជាជន​ជាច្រើន​នាក់ កាល​ពី​ឆ្នាំ ២០០៣​បាន​ធ្វើ​ឲ្យ​របបសឹក​យកលេស​ចោទ លោកស្រី​ថា បាន​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​​ក្នុង​សង្គម និង​សម្រេច​ចាប់​លោកស្រី​ស៊ូជី ដាក់ឃុំ​ក្នុង​គេហដ្ឋាន រហូតមក។

លើកនេះ គេ​បារម្ភ​ថា របបសឹក​អាច​នឹង​មាន​កលនយោបាយ​ដូចមុន នោះ​ក៏ព្រោះ​ថា គ្រាន់តែ​ជិត​ដល់​ថ្ងៃ​ដោះលែង​របស់ខ្លួន លោកស្រី​អ៊ុងសាន ស៊ូជី​តាមរយៈ​មេធាវី​របស់​ខ្លួន បាន​និយាយ​ថា ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​សៅរ៍​ស្អែក លោកស្រី​ នង​លើកឡើង​ពីការចាប់ដាក់​ឃុំ​លោកស្រី​ដោយខុសច្បាប់ និង​បរិហារ​ពី​ការបោះឆ្នោត​ដែល​សំបូរ​ដោយ​ការបន្លំ​សន្លឹកឆ្នោត។

នៅពេល​នេះ របបសឹក​សម្រេច​ដោះលែង​លោកស្រី​អ៊ុងសាន ស៊ូជី ដើម្បី​អាច​យក​មុខមាត់ និង​ការកោតសរសើរ​ពី​សហគមន៍​អន្តរជាតិ។ ម្យ៉ាងទៀត លោកស្រី​អ៊ុងសាន ស៊ូជី​នឹង​មិន​អាច​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​របស់​ខ្លួន​ទៀត​ទេ ព្រោះថា មេដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ ត្រូវ​ដោះលែង នៅ​ក្រោយ​ការបោះឆ្នោត ដែល​រៀបចំ​កាល​ពី​ថ្ងៃ​អាទិត្យ និង​ដែល​សហគមន៍​អន្តរជាតិ​បាន​រិះគន់​ជាទូទៅ។

ក្នុង​រយៈពេល ២០​ឆ្នាំ​ដែល​ខ្លួន​មាន​វត្តមាន​ក្នុង​ប្រទេស​ភូមា លោកស្រី​អ៊ុងសាន ស៊ូជី បាន​ចំណាយ​ពេល ១៥​ឆ្នាំ​ហើយ នៅ​ក្នុង​ការឃុំឃាំង​ដែល​បញ្ជា​ដោយ​របបសឹកភូមា។ លោកស្រី​ត្រូវ​បាន​កាត់ផ្តាច់​ទាំងស្រុង​ពីការទាក់ទង​ពី​ពិភពខាងក្រៅ។ គេ​បារម្ភ​ថា លោកស្រី​អាច​នឹង​មិន​ដឹង​ពី​ការវិវឌ្ឍន៍​ជាក់ស្តែង​ក្នុង​សង្គម​ភូមា​បច្ចុប្បន្ន។
ប៉ុន្តែ បើតាម​មេធាវី​របស់​លោកស្រី​ស៊ូជី នៅ​បន្ទាប់​ពី​ការដោះលែង មេដឹកនាំ​ប្រឆាំង​ភូមា​មាន​គម្រោង​ចង់​បង្កើត​Blog Twitter​ក្នុង​អ៊ិនធ័រណេត​ ដើម្បី​អាច​ទាក់ទង និយាយ​ជាមួយ​យុវជន​ភូមា និង​ពិភពលោក​ទាំងមូល។

អ្នកវិភាគ​នយោបាយ​ភូមា​មើលឃើញ​ថា លោកស្រី​ស៊ូជី​អាច​នៅ​ឆ្ងាយ​ពី​ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ លោកស្រី​នៅ​តែ​ជា​វីរនារី​ក្នុង​កែវភ្នែក​របស់​ប្រជាជន​ភូមា។ លោកស្រី​នឹង​ត្រលប់ មក​ធ្វើ​នយោបាយ​វិញ ជា​ប្រាកដ។ ប៉ុន្តែ អ្វី​ដែល​គេ​ប៉ាន់ស្មាន​នោះ​គឺ​ថា លោកស្រី​ប្រហែល​ជា​ត្រូវការ​កំលាំង​ថ្មីសម្រាប់​ធ្វើ​ការប្រឆាំង​នឹង​របបសឹក ពោល​គឺ​យុវជន​ដែល​មាន​សក្តានុពល​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​លោកស្រី។

ប្រវត្តិ​នៃ​ការចាប់ដាក់ឃុំ​លោកស្រី​អ៊ុងសាន ស៊ូជី៖
-នៅ​ឆ្នាំ ១៩៨៩ លោកស្រី​អ៊ុងសាន ស៊ូជី​ត្រូវ​បាន​ចាប់ដាក់ឃុំ​ក្នុង​គេហដ្ឋាន។ នោះ គឺ​បន្ទាប់​ពី​លោកស្រី​បាន​សម្រេច​បង្កើត​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង ដ៏​មាន​ប្រជាប្រិយភាព និង​ឈ្នះឆ្នោត​នៅ​ភូមា នា​ឆ្នាំ ១៩៩០។ ប៉ុន្តែ របបសឹក​មិន​ដែល​ទទួល​ស្គាល់​ជ័យជំនះ និង​សុខចិត្ត​ផ្តល់​អំណាច​ទៅ​ឲ្យ​គណបក្ស​ដឹកនាំ​ដោយ​លោកស្រី​អ៊ុងសាន ស៊ូជី​ទេ។ លោកស្រី​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឆ្នាំ ១៩៩៥។

-នៅ​ឆ្នាំ ១៩៩៨ លោកស្រី​ស៊ូជី​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ឲ្យ​កោះប្រជុំ​តំណាងរាស្រ្ត​ដែល​ជាប់ឆ្នោត ឆ្នាំ ១៩៩០។ នៅ​ខែ​កញ្ញា ឆ្នាំ ២០០០ លោកស្រី​ត្រូវ​របបសឹក​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ការឃ្លាំមើល​ជា​ថ្មី​ពី​អាជ្ញាធរ។ នៅ​ខែ​ឧសភា ២០០២ លោកស្រី​ត្រូវ​បាន​ដោះលែង និង​ទទួល​ស្វាគមន៍​យ៉ាងខ្លាំងក្លា​ពី​សំណាក់​អ្នកគាំទ្រ និង​អ្នកកាសែត​បរទេស។

-នៅ ឆ្នាំ ២០០៣ ក្បួន​រថយន្ត​ដឹកលោកស្រី និង​សមាជិក​គណបក្ស​ប្រឆាំង​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់ប្រហារ។ តាមការប៉ាន់ស្មាន ការវាយប្រហារ​រៀបចំ​ដោយ​របបសឹក។ តាម​អាជ្ញាធរ​មាន​មនុស្ស​បួននាក់​ស្លាប់ ប៉ុន្តែ​បើ​តាម​គណបក្ស​ប្រឆាំង មាន​មនុស្ស​ជាង​មួយរយ​នាក់​បាត់បង់​ជីវិត​ក្នុង​ការវាយប្រហារ។ លោកស្រី​ស៊ូជី និង​សមាជិក​របស់​គណបក្ស​ប្រឆាំង​ត្រូវ​ចាប់ខ្លួន។ លោកស្រី​ស៊ូជី​ត្រូវ​គេ​ចាប់ដាក់ឃុំ​ក្នុង​គេហដ្ឋាន។ នៅ​ខែ ឧសភា ២០០៩ នៅ​ពេល​គេ​សង្ឃឹម​ថា លោកស្រី​នឹង​ត្រូវ​ដល់​ពេល​គេ​ដោះលែង ស្រាប់តែ​មាន​ជនជាតិ​អាមេរិកាំង​ម្នាក់​បាន​ហែល​ទឹក​ចូលទៅ​ក្នុង​ផ្ទះ​លោកស្រី។ លោកស្រី​ស៊ូជី​ត្រូវ​តុលាការ​ភូមា​ចោទ​ពី​បទ​រំលោភ​ច្បាប់​ឃុំខ្លួន​ក្នុង​គេហដ្ឋាន និង​សម្រេច​បន្ត​ឃុំខ្លួន​លោកស្រី​រយៈពេល ១៨​ខែ​បន្តទៀត។ ច្បាប់​បោះឆ្នោត ឆ្នាំ ២០១០​ដែល​រៀបចំ​ដោយ​របបសឹក​ភូមា​បាន​សម្រេច​ដាក់​លោកស្រី​ឲ្យ​នៅ​ក្រៅ​សៃវៀន​នយោបាយ។ ច្បាប់​នេះ​បាន​សម្រេច​ថា អ្នកដែល​មាន​ជាប់ទោស​នយោបាយ​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការបោះឆ្នោត​សភាភូមា​ទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ