អានតួអត្ថបទ
ប្រទេសចិន

កិច្ច​​សន្យា​និង​សិទ្ធិ​មនុស្ស​គឺ​ជា​ចំណុច​សំខាន់​២​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​Cameron​នៅ​ប្រទេស​ចិន​

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​ចាត់​ទុក​ទស្សនកិច្ច​នេះ​ថា​ជា​”​ បេសកកម្ម​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជា​អាយុ​ជីវិត​ “​និង​គឺ​ជា​កិច្ចសន្យា​តម្លៃ​ជាង​១០០០លានដុល្លារ​ដែល​លោក​David​ Cameron​សម្រេច​បាន​នៅ​ទិវា​ទីមួយ​នៃ​ទស្សនកិច្ច​របស់​គាត់​ នៅ​ប្រទេស​ចិន។លោក​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​អម​ដំណើរ​ដោយ​គណៈប្រតិភូ​មាន​ រដ្ឋមន្ត្រី​៤រូប​និង​ប្រធាន​សហគ្រាស​ឩស្សាហកម្ម​អង់គ្លេស​៥០​រូប។ 

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron (រូបឆ្វេង) អញ្ជើញ​មកដល់​ Pékin, ចាប់ដៃ​លោកប្រធានាធិបតីចិន  Hu Jintao ថ្ងៃទី​១០ វិច្ឆិកា២០១០.
លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron (រូបឆ្វេង) អញ្ជើញ​មកដល់​ Pékin, ចាប់ដៃ​លោកប្រធានាធិបតីចិន Hu Jintao ថ្ងៃទី​១០ វិច្ឆិកា២០១០. REUTERS/Petar Kujundzic
ផ្សាយពាណិជ្ជកម្ម

 

02:30

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

ចុះ​កិច្ចសន្យា​ជាមួយ​ប្រទេស​ចិន​ពុំ​ឃាត់​ឃាំង​ដល់​ការ​និយាយ​ស្តី​អំពី​សិទ្ធិ​មនុស្ស​នោះ​ទេ។ នេះហើយ​ជា​សារ​ដែល​ក្រុម​អ្នក​ជំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ចង់​ឱ្យ​គេ​ដឹង​ឮ នៅ​ឱកាស​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នេះ។ បញ្ហា​សិទ្ធិមនុស្ស​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ចំពោះ​នៅ​ឱកាស​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន វេន ជាប៉ាវ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​៩​វិច្ឆិកា។ បញ្ហា​ដដែល​នេះ ក៏​នឹង​ត្រូវ​លើក​ឡើង​ម្តង​ទៀត​នៅ​រសៀល​ថ្ងៃ​ពុធ​១០​វិច្ឆិកា​នេះ​នៅ​ឱកាស​ថ្លែង​សុន្ទរកថា​នៅ​ពី​មុខ​និសិ្សត​នៃ​សកល​វិទ្យាល័យ​ប៉េកាំង។

ស្របតាម​សេចក្តី​ដកស្រង់​ចុះ​ផ្សាយ​ដោយ​មន្ទីរ​ក្រសួង​របស់​គាត់ លោក David Cameron ត្រូវ​អំពាវនាវ​នៅ​ឱកាស​នេះ​សូម​ឲ្យ​រដ្ឋអំណាច​ចិន” បើក​ចំហ​នយោបាយ​ឲ្យ​បាន​ធំ​ទូលាយ​ជាង​មុន”។ ប៉ុន្តែ​គេ​ពុំដឹង​ជា​តើ​គាត់​បាន​និយាយ​អំពី​ករណី​លោក លីវ ស៊ាវប៉ូ​ឬ​ទេ?? ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ជា​អ្នក​ទទួល​ខុសត្រូវ​នយោបាយ​លោក​ខាង​លិច​ទី​មួយ​ដែល​បាន​អញ្ជើញ​មក​កាន់​ប៉េកាំង បន្ទាប់ពី​មាន​ការ​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ឲ្យ​អ្នក​ប្រឆាំង​រឹងរូស​នឹង​រដ្ឋអំណាច​ចិន​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។

សិល្បករ​ចិន​ឈ្មោះ Ai Wei Wei ដែល​ស្នាដៃ​របស់​គាត់​នៅ​ខណៈ​នេះ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​វិចិត្រសាល Tate Gallery​នៅ​ទីក្រុង Londres និង​ត្រូវ​ចុះផ្សាយ​នៅ​ទំព័រ​ទី​មួយ​នៃ​ទស្សនាវដ្តី​រូបភាព​នៅ​ប្រទេស​អង់គ្លេស បាន​អំពាវនាវ​យ៉ាង​ច្បាស់លាស់​នៅ​ថ្ងៃ​ចន្ទ​ម្សិលម្ង៉ៃ សូម​ឲ្យ​លោក​ខាងលិច សំដែង​កាយវិការ​គាំទ្រ​ពួក​អ្នក​ការពារសិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន។

ប៉ុន្តែ​នៅខណៈនេះ លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រូវ​គេ​មើល​ឃើញ ជាពិសេស​នៅ​ទីនេះ គឺ​នៅ​ទីក្រុង​ប៉េកាំង​ជា Businessman។ “ Cameron means buisness” នេះ​ជា​ចំណងជើង​នៃ​កាសែត Global Times​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ «  គាត់​បាន​មក​រក​លុយ​នៅ​ប្រទេស​ចិន » នេះ​ជា​សំដី​របស់​និសិ្សត​ចិន​ម្នាក់​នៅ​ពេល​ក្រឡេក​ឃើញ​ចំណងជើង​កាសែត​ចិន​Quotidien du Peuple​តាំង លក់​នៅ លើ រាន​អ្នក លក់ កាសែត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ