អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

អាមេរិក និង​រុស្ស៊ី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម នៅ​ពិធី​បើក​ជំនួប​កំពូល​អាស៊ី​បូព៌ា

ជំនួប​កំពូល​អាស៊ី​បូព៌ា​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី៣០ តុលា​នេះ នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ជំនួប​កំពូល​ដែល​ចូល​រួម​ដោយ​ប្រទេស​អាស៊ាន​ទំាង ១០ និង​ប្រទេស​ដៃគូ​ប្រពៃណី​របស់​អាស៊ាន​ទំាង ៦។ អ្វី​ជា​ការ​កត់​សម្គាល់​ឆ្នំា​នេះ គឺ​វត្តមាន​របស់​អាមេរិក និង​រុស្ស៊ី​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម។ អាមេរិក និង​រុស្ស៊ី​ដែល​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​ជម្លោះ​ដែនដី​រវាង​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់។

លោកស្រី​​ប្រមុខ​​ការទូត​​អាមេរិក Hillary Clinton និង​​លោក​​ប្រមុខ​ការទូត​រុស្ស៊ី Sergueï Lavrov ត្រូវ​​បាន​​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជំនួប​កំពូល​អាស៊ី​បូព៌ា​ឆ្នំា​នេះ
លោកស្រី​​ប្រមុខ​​ការទូត​​អាមេរិក Hillary Clinton និង​​លោក​​ប្រមុខ​ការទូត​រុស្ស៊ី Sergueï Lavrov ត្រូវ​​បាន​​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជំនួប​កំពូល​អាស៊ី​បូព៌ា​ឆ្នំា​នេះ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

02:11

សេចក្តី​រាយការណ៍​របស់​គួច គន្ធារ៉ា​ពី​ទីក្រុង​ហាណួយ ប្រទេស​វៀតណាម

គួច គន្ធារ៉ា

លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton និង​លោក​ប្រមុខ​ការទូត​រុស្ស៊ី Sergueï Lavrov ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជំនួប​កំពូល​អាស៊ី​បូព៌ា​ឆ្នំា​នេះ ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស។ តែ​សម្រាប់​ជំនួប​កំពូល​អាស៊ី​បូព៌ា​នៅ​ឆ្នំា ២០១១ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី អាមេរិក និង​រុស្ស៊ី​នឹង​ត្រូវ​ចូល​រួម​ពេញ​សិទ្ធិ​នៅ​ក្នុង​ជំនួប​កំពូល​នេះ ព្រោះ​ថា អាស៊ាន​បាន​អនុម័ត​ទទួល​យក​ប្រទេស​មហា​អំណាច​ទំាង​ពីរ​ចូល​ជា​មួយ​ក្រុម​ប្រទេស​ដៃគូ​ប្រពៃណី​ទំាង​៦ របស់​ខ្លួន​រួម​មាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និង​នូវែលហ្សេឡង់។ ក្រៅ​ពី​វត្តមាន​ប្រមុខ​ការទូត​រុស្ស៊ី គេ​ក៏​ឃើញ​មាន​វត្តមាន​លោក​ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev ផង​ដែរ។

ជំនួប​កំពូល​ប្រទេស​អាស៊ាន​ទំាង ១០ និង​ប្រទេស​ដៃគូ​ប្រពៃណី​ទំាង ៦​របស់​អាស៊ាន​ពេល​នេះ​បាន​ធ្វើ​ឡើង ជួនចំ​ពេល​ដែល​ជម្លោះ​ដែនដី​រវាង​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​កំពុង​តានតឹង។

កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ វិបត្តិ​រវាង​ប្រទេស​ជប៉ុន និង​ចិន​បាន​ធ្លាក់​ចុះ​មួយ​កំរិត​ទៀត បន្ទាប់​ពី​ទីក្រុង​ប៉េកំាង​បាន​ចោទ​ទីក្រុង​តូក្យូ ថា​បាន​ធ្វើ​ឲ្យ​ខូច​បរិយាកាស​ដែល​នំា​ឲ្យ​គ្មាន​ការជួប​គ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទំាង​ពីរ ចិន ជប៉ុន​ក្នុង​ទីក្រុង​ហាណូយ។ គួរ​រម្លឹក​ជូន​ថា វិបត្តិ​ចិន ជប៉ុន​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ក្រោយ​ពី​កង​នាវា​ល្បាត​ជប៉ុន​បាន​ចាប់​កប៉ាល់​នេសាទ និង​ឃុំ​អ្នក​នេសាទ​ចិន​នៅ​ក្បែរ​ទីប្រជុំ​កោះ Senkaku ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​កើត និង​ដែល​ប្រទេស​ទំាង​ពីរ​កំពុង​ដណ្តើម​គ្នា​កាន់​កាប់។

ម្យ៉ាង​ទៀត ជម្លោះ​ដែនដី​ស្រដៀង​គ្នា​នេះ​ក៏​ចិន​មាន​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ចំនួន ៤​ទៀត នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទាក់ទង​នឹង​ប្រជុំ​កោះ Paracel និង​Spratly។ ក្នុង​សំណុំរឿង​នេះ គេ​សង្កេត​ឃើញ​មាន​ការធូរស្រាល​មួយ​ចំនួន បន្ទាប់​ពី​ចិន​បាន​សម្តែង​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា ទៅ​តាម​ករណី​ជាក់ស្តែង​នីមួយៗ។ ក៏ប៉ុន្តែ ចិន​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី ដែល​វា​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​គំាទ្រ​ដោយ​អាមេរិក ចង់​បាន​ដំណោះស្រាយ​ជា​ពហុភាគី។

លោក​នាយករដ្ឋមន្រ្តី​ចិន វ៉េង យ៉ាបាវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា « យើង​នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង យើង​នឹង​ធ្វើ​ការ​ចរចា​ជា​ឧភតោភាគី​ដើម្ប ស្វែង​រក​ដំណោះស្រាយ​សមស្រប​ដែល​ទទួល​យក​បាន​ទំាង​អស់​គ្នា »៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ