អានតួអត្ថបទ
ថៃ

លោក​អាភីស៊ីត​នឹង​ទៅ​និយាយ​ការពារ​គណបក្ស​របស់​ខ្លួន នៅ​ចំពោះ​មុខ​តុលាការ

នៅថ្ងៃ​ចន្ទ​ស្អែក​នេះ នាយករដ្ឋមន្ត្រី​ថៃ លោក​អាភីស៊ីត វីចាជីវ៉ា​នឹង​ចូលទៅ​បង្ហាញខ្លួន នៅតុលាការ​ធម្មនុញ្ញ ដើម្បី​និយាយ​ការពារ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក។ ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​រកឃើញ​ថា គណបក្ស​របស់​លោក​អាភីស៊ីត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​មែននោះ គេ​នឹង​ប្រកាស​រំលាយ​គណបក្ស ចំណែក​លោកអាភីស៊ីត នឹង​មិន​ត្រូវ​គេ​អនុញ្ញាត​ចូលប្រលូក​ក្នុង​ឆាក​នយោបាយ​រយៈពេល​៥​ឆ្នាំ។

លោក​អាភីស៊ីត វីចាជីវ៉ា នាយករដ្ឋមន្រ្តី​ថៃ​នឹង​អាច​ត្រូវ​បាត់បង់​ជីវិត​នយោបាយ ប្រសិន​បើ​តុលាការ​រកឃើញ​លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ
លោក​អាភីស៊ីត វីចាជីវ៉ា នាយករដ្ឋមន្រ្តី​ថៃ​នឹង​អាច​ត្រូវ​បាត់បង់​ជីវិត​នយោបាយ ប្រសិន​បើ​តុលាការ​រកឃើញ​លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:56

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

នៅថ្ងៃស្អែក លោក​អាភីស៊ីត នឹង​ទៅ​បង្ហាញ​ខ្លួន នៅ​តុលាការ​ធម្មនុញ្ញ ក្នុង​នាម​ជា​សាក្សី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​ចុងចោទ។ ក្នុង​បទ​ប្រកាន់​អំពី​ពុករលួយ គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ដ៏​មាន​វ័យចំណាស់​របស់​ថៃ អាច​នឹង​ត្រូវ​គេ​ប្រកាស​រំលាយចោល។ នៅក្រោយ​សវនាការ​នៅថ្ងៃចន្ទ​នេះ សាលក្រម​នឹង​ត្រូវ​គេ​ប្រកាស នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ។

 
លោក​អាភីស៊ីត ឯណោះវិញ និង​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​មួយចំនួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក៏​នឹង​អាច​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​រួម​ក្នុង​នយោបាយ ប្រសិនបើ តុលាការ​ធម្មនុញ្ញ​នៅរក្សា​បទ​ប្រកាន់។

សូមរំលឹក​ថា កាល​ពី​ខែ​មេសា ក្នុង​អំឡុង​ពេល​បាតុកម្ម​តវ៉ា​របស់​ក្រុមអាវក្រហម ក្នុង​ក្រុងបាងកក គណៈកម្មាធិការ​រៀបចំការបោះឆ្នោត​ថៃ​បាន​ស្នើ​ឲ្យ​រំលាយ គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​លោក​អាភីស៊ីត​ជា​ប្រធាន។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​បាន​រកឃើញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ថៃ​បាន​បន្លំ​ប្រាក់ ជាង ២៩​លាន​បាត ក្នុង​ឆ្នាំ ២០០៥។ ចំណែក​លោក​អាភីស៊ីត​វិញ ត្រូវ​ទទួល​រងចោទ​ថា បាន​ទទួល​យក​លុយ​សន្ធឹកសន្ធាប់​ពី​បុគ្គល​ឯកជន​មា្នក់​ដើម្បី​ទ្រទ្រង់​គណបក្ស ដែល​ការ​នេះ​វា​ខុស​នឹង​ច្បាប់​បោះឆ្នោត។

អ្នកវិភាគ​មួយ​វាយ​តម្លៃ​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​មិន​អាច​ត្រូវ​គេ​រំលាយ​ចោល​ដោយ​ងាយៗឡើយ។ គួបញ្ជាក់​ថា លោកអាភីស៊ីត​បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី ក៏​ដោយសារ​មាន​ការគាំទ្រ​ពី​យោធា និង​គ្រួសារ​ព្រះរាជវង្ស​ដែល​មាន​អំណាច​ខ្លាំង​ក្នុង​ប្រទេស​ថៃ។

ទន្ទឹម​គ្នា​នេះ គេ​ក៏​ត្រូវ​ដឹង​ដែរ​ថា ក្នុង​ប្រទេស​ថៃ តុលាការ​ធម្មនុញ្ញ ក៏​មាន​ទឹកមាត់ប្រៃ​ណាស់​ដែរ។ ក្នុង​ករណី​នេះ មេដឹកនាំ​យោធា​ថៃ​អាច​សុខចិត្ត​ឲ្យ​មាន​គេ​រំលាយ​គណបក្ស​របស់​លោក​អាភីស៊ីត ដើម្បី​ធ្វើ​ឲ្យ​ក្រុមអាវក្រហម​ថមថយ​កំហឹង​មួយ​កម្រិត។ ប៉ុន្តែ ព័ត៌មាន​ល្ហៀងៗ​បាន​ឲ្យ​គេ​ដឹង​ថា ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​គេ​រំលាយ​មែន​នោះ សមាជិក​គណបក្ស​នឹង​សម្រេច​បង្កើត​ភ្លាមៗ​គណបក្ស​ថ្មី​មួយ។ នោះ​គឺ​ដើម្បី​អាច​ចូលរួម​ឲ្យ​បាន​ទាន់ពេល​ការបោះឆ្នោត នៅ​ចុង​ឆ្នាំ​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ