អានតួអត្ថបទ
អាស៊ី-អឺរ៉ុប

ជំនួប​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​៨​ផ្តើម​ឡើង​នៅ​បែលហ្សិក​

ជំនួប​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​៨ ផ្តើម​ឡើង​នៅ​ទីក្រុង​Bruxelles ប្រទេស​បែលហ្សិក នៅ​ថ្ងៃចន្ទ​ទី​​៤​​តុលា​​នេះ ​នឹង​ត្រូវ​បញ្ចប់​​នៅ​យប់​ថ្ងៃ​អង្គារ​ស្អែក។ ថ្នាក់ដឹកនាំ​នៃ​ទ្វីប​ទាំង​ពីរ ត្រូវ​ជជែក​គ្នា​ពី​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ការ​ទប់ស្កាត់​កំណើន​កំដៅ​នៃ​ភព​ផែន​ដីនិង​ការ​រំលែក​អំណាច​ខ្លះ​នៅ​ក្នុង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ពី​សំណាក់​អឺរ៉ុប​ទៅ​ឲ្យ​អាស៊ី។ អឺរ៉ុប​និង​អាស៊ី ក៏​ប្រហែល​ជា​ត្រូវ​និយាយ​គ្នា​ដែរ​អំពី​បញ្ហា​ប្រកប​ទៅ​ដោយ​សង្គ្រាម​ប៉ាកកា​មួយ​ចំនួន រួម​មាន​តម្លៃ​ថោក​ជ្រុល​នៃ​ប្រាក់​យ័ន​ចិន ភាព​តានតឹង​រវាង​ជប៉ុន​និង​ចិន​និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា។ 

ជំនួបកំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​៨ (Asem) ផ្តើមឡើង​នៅ​ថ្ងៃទី​ ៤និង​ទី​៥​តុលា​ ២០១០​នៅទីក្រុង​ Bruxelles​ប្រទេស​ បែល​ហ្សិក
ជំនួបកំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​៨ (Asem) ផ្តើមឡើង​នៅ​ថ្ងៃទី​ ៤និង​ទី​៥​តុលា​ ២០១០​នៅទីក្រុង​ Bruxelles​ប្រទេស​ បែល​ហ្សិក REUTERS/Thierry Roge
ផ្សាយពាណិជ្ជកម្ម
06:16

បទអន្តរាគមន៍​របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ASEM ឬ​ជា​ភាសា​អង់គ្លេស​Asia Europe Meeting ត្រូវ​បាន​បង្កើត​ជា​ផ្លូវការ នៅ​ឆ្នាំ​១៩៩៦​នៅ​ប្រទេស​ថៃ ក្រោម​ការ​ផ្តួចផ្តើម​ឡើង​របស់​បារាំង​និង​សិង្ហបុរី។ មូលហេតុ កាលណោះ គឺ​មក​អំពី​ប្រទេស​បារាំង​កត់​សម្គាល់​ឃើញ​ថា​អាស៊ី​ងាក​ទៅ​រក​អាមេរិក​និង​ប៉ាស៊ីហ្វិក​ខ្លាំង​ឡើងៗ ជាក់ស្តែង​តាម​រយៈ​ការ​បង្កើត​អង្គការ​APEC ពោល​គឺ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ឆ្នាំ​១៩៨៩។ ម្ល៉ោះហើយ ចំពោះ​ប្រទេស​បារាំង អឺរ៉ុប​ត្រូវ​តែ​ប្រញាប់​ពង្រឹង​ទំនាក់ទំនង​ឲ្យ​បាន​មាំ​ល្អ​ជាមួយ​អាស៊ី។

សព្វថ្ងៃ​នេះ សមាជិក​ASEM កើន​ចំនួន​ដល់​ទៅ​៤៦​ប្រទេស គឺ​ប្រទេស​ទាំង​២៧​របស់​សហភាពអឺរ៉ុប ប្រទេស​ទាំង​១០ របស់​ASEAN និង​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ប៉ាគីស្តង់ ម៉ុងហ្គោលី រុស៊្សី នូវែលហ្សេឡង់ និងអូស្រ្តាលី។ សូម​ជម្រាប​ថា ប្រទេស​បី​ចុង​ក្រោយ គឺ​រុស្ស៊ី នូវែលហ្សេឡង់ និង​អូស្រ្តាលី ទើប​តែ​ក្លាយ​ជា​សមាជិក​របស់​ASEM នៅ​ឆ្នាំ​២០១០​នេះ។

ជាគោលការណ៍ សំណុំរឿងដែលជំនួបកំពូលASEM អាចលើកយកមកពិភាក្សាគ្នា គឺមាន​ច្រើន​យ៉ាង ពីសំណុំរឿងនយោបាយ រហូតទៅដល់សំណុំរឿងវប្បធម៌ ដោយឆ្លងកាត់តាម សំណុំរឿងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ដោយឡែក សូមជម្រាបថាASEM នេះ មិនមែនជាអង្គការមួយនៅឡើយទេ តែជាវេទិកា​មួយ​ប៉ុណ្ណោះ ជាទីដែលបណ្តាប្រមុខរដ្ឋឬបណ្តាប្រមុខរដ្ឋាភិបាលរបស់អាស៊ី និងរបស់អឺរ៉ុប
ជួបគ្នាពីរឆ្នាំម្តង បានន័យថាមិនទាន់មានអគ្គលេខាធិការដ្ឋានមួយជាប្រចាំ ដូចករណី ASEAN ឬករណីAPEC ទេ។

ម្ល៉ោះហើយបានជា ពេលណា​មានជំនួបកំពូលម្តងៗ គេតម្រូវឲ្យមានអ្នកសម្របសម្រួល តំណាងតំបន់ឬអង្គការនីមួយៗ។ ឧទាហរណ៍ នាឱកាសជំនួបកំពូលលើកទី៨​របស់ASEM នៅBruxelles ពីថ្ងៃចន្ទទី៤ដល់ថ្ងៃអង្គារទី៥តុលាស្អែកនេះ កម្ពុជា តាមរយៈ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកសម្របសម្រួលតំណាងASEAN  រីឯកូរ៉េខាងត្បូង តាមរយៈលោក ប្រធានាធិបតី លី ម្យ៉ុងបាក់(Lee Myung-Back) ជាអ្នកសម្របសម្រួល តំណាងតំបន់អាស៊ី បូព៌ា។

 

អាស៊ី​​និង​​អឺរ៉ុប​​រក​​ជំហរ​​រួម មុន​ជំនួប​កំពូល​G​២០ និង​មុន​សន្និសីទ​អាកាសធាតុ​នៅ​ម៉ិចស៊ិច

 
ក្នុងចំណោមសំណុំរឿងដែលត្រូវលើកមកពិភាក្សាថ្ងៃនេះ មានប្រធានបទផ្លូវការ និង ប្រធានបទ​ក្រៅ​ផ្លូវការ បាន​ន័យថា​មាន​សំណុំរឿង​ដែល​ត្រូវចែង និង​មាន​ប្រធានរឿង ដែល​មិន​ត្រូវចែង នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ពេល​ចប់​អង្គប្រជុំ​នៅ​ថ្ងៃ​ស្អែក។

នៅក្នុងចំណោមប្រធានបទផ្លូវការដែលថ្នាក់ដឹកនាំកំពូលអាស៊ី-អឺរ៉ុបនឹងលើកឡើង មាន ជា​បឋម កំណែ​ទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ប្រទេសបារាំងដែលនឹងក្លាយជាប្រធាន ផ្លាស់​វេន​របស់​G២០ ចាប់ពីថ្ងៃទី១២វិច្ឆិកាខាងមុខនេះទៅ ចង់ឲ្យបណ្តាប្រទេសអាស៊ីនិង អឺរ៉ុប​គាំទ្រ​ខ្លួន​ ក្នុងការជម្រុញឲ្យមានកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីចៀសវាង កុំឲ្យ​វិបត្តិ​សេដ្ឋកិច្ច​សកលដូចវិបត្តិចុងឆ្នាំ២០០៨ កើតឡើងបានទៀត។

បន្ទាប់មកទៀត មានផែនការកំណែទម្រង់មូលនិធិរូបិយវត្ថុអន្តរជាតិFMI។ បណ្តាប្រទេស អាស៊ី​​នឹង​បញ្ចុះបញ្ចូល​ឲ្យអឺរ៉ុបយល់ព្រមរំលែកឥទ្ធិពលខ្លះរបស់ខ្លួនមកឲ្យពួកគេ នៅក្នុង FMI ដែលមកទល់សព្វថ្ងៃឋិតនៅក្នុងដៃរបស់អឺរ៉ុបនិងសហរដ្ឋអាមេរិក។ គួរនិយាយថា មហាសន្និបាត​ប្រចាំឆ្នាំរបស់FMI នឹងប្រព្រឹត្តទៅ ពីថ្ងៃទី៨ដល់ទី១០តុលាចុងសប្តាហ៍នេះ។

ក្រៅពីនេះ ក៏មានដែរប្រធានរឿងអាកាសធាតុ។ តាមមើលទៅ អឺរ៉ុបនិងអាស៊ី ត្រូវចេញ សេចក្តី​ថ្លែងការណ៍​រួមគ្នាមួយ ដើម្បីប្តេជ្ញាទប់ទល់នឹងការកើនកំដៅនៃភពផែនដី ពីព្រោះពី​ថ្ងៃ​​ទី​២៩​វិច្ឆិកា​ដល់ថ្ងៃទី១០ធ្នូខាងមុខនេះ សន្និសីទអន្តរជាតិស្តីពីការប្រែប្រួល អាកាសធាតុ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅនៅCancun ប្រទេសម៉ិចស៊ិច(Mexique)។

ទន្ទឹមជាមួយគ្នានេះ គេរំពឹងថាថ្នាក់ដឹកនាំអឺរ៉ុបនិងអាស៊ី ក៏នឹងលើកបញ្ហាមួយចំនួនមក
ពិភាក្សា​ក្រៅផ្លូវការដែរ ក្នុងនោះរួមមានជាអាទិ៍ នយោបាយបញ្ចុះតម្លៃប្រាក់យ័ន (Yuan) នៅប្រទេសចិន និងតម្លៃប្រាក់យេន(Yen) នៅប្រទេសជប៉ុន ដែលជាហេតុធ្វើឲ្យផលិតផល
អឺរ៉ុបមិនអាចប្រកួតប្រជែងនឹងផលិតផលអាស៊ីបាន។ រីឯប្រទេសចិនវិញ បារម្ភខ្លាចតែ ថ្នាក់​ដឹកនាំ​អឺរ៉ុប​លើក​រនាំង​ខ្ទប់​មិន​ឲ្យ​ផលិតផល​ចិន​ហូរ​ចូល​មក​ក្នុង​សហភាព​អឺរ៉ុប​ច្រើនពេក។

ដោយឡែក គេ​រំពឹង​ថា​អាស៊ី​និង​អឺរ៉ុប ក៏​ត្រូវ​លើក​ឡើង​ពី​ករណី​ប្រទេស​ភូមា​ដែរ។ បណ្តា​ឧត្តម​មន្ត្រី​អឺរ៉ុប​និង​អាស៊ី ដែល​បាន​រួម​ប្រជុំគ្នា កាលពី​ម្សិលមិញ បាន​អនុម័ត​ពង្រាង សេចក្តី​ថ្លែង​ការណ៍​​​រួម​មួយ តម្រូវ​ឲ្យ​ភូមា​ដែល​ជា​សមាជិក​របស់​ASEM ចាត់វិធានការ ចាំបាច់ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នាពេល​ខាងមុខ​ប្រព្រឹត្ត​ទៅ ដោយ​សេរី​និង​យុត្តិធម៌ និង​តម្រូវ ឲ្យ​របប​សឹក​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​មុន​ថ្ងៃ​បោះឆ្នោត។ គួរ​និយាយ​ត្រង់​នេះ​ថា របប​សឹក​ភូមា បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា នឹង​ដោះលែង​លោកស្រី​Aung San Su Kyi នៅ​ពេល​ដែល​ការ​បោះឆ្នោត​សភា​ថ្ងៃ​ទី​៧​វិច្ឆិកា​ចប់​ដាច់​ស្រេច​ហើយ។

យ៉ាងណាមិញ បណ្តា​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ី​ដែល​ចូល​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ កំពូលៗ​របស់​អឺរ៉ុប អាច​នឹង​ទាមទារ​ឲ្យ​កែ​តម្រូវ​វិញ ពាក្យ​សំដី​ខ្លះៗ នៅ​ក្នុង​សេចក្តី ថ្លែងការណ៍​រួម​ចុង​ក្រោយ។
 

មកទល់ពេលនេះ តែងតែ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ថ្នាក់ដឹក​នាំ​អឺរ៉ុប​និង​អាស៊ី​ជុំវិញ ករណី​ប្រទេស​ភូមា។ អឺរ៉ុប​មិន​ចង់​អង្គុយ​ចរចា​ជាមួយ​អ្នក​ដឹកនាំ​កំពូល​របស់​ភូមា នៅ​ក្នុង ជំនួប​កំពូល​ASEM ម្តងៗ។ កាលពី​ជំនួប​កំពូល​ASEM ឆ្នាំ​២០០៦ នៅ​ប្រទេស​វៀតណាម អឺរ៉ុប​និង​អាស៊ី​បាន​​រក​ឃើញ​ដំណោះស្រាយ​មួយ នោះ​គឺ​ពីអំណើះតទៅ នៅ​ក្នុង​គ្រប់​ជំនួប កំពូល​ASEM ភូមា​ត្រូវ​អនុញ្ញាត​ឲ្យ​តំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ខ្លួន តែ ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ