បក្សកុម្មុយនិស្តកូរ៉េខាងជើងនឹងប្រជុំវិសាមញ្ញដើម្បីរៀបចំការស្នងតំណែង
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានផ្សព្វផ្សាយឲ្យដឹងថា គណបក្សកុម្មុយនិស្តនៃរបបPyongyang នឹងបើកអង្គប្រជុំជាវិសាមញ្ញមួយនៅថ្ងៃទី២៨កញ្ញាខាងមុខនេះ។ គោលដៅនៃអង្គប្រជុំដ៏វិសេសវិសាលនិងដែលមានលក្ខណៈជាប្រវត្តិសាស្រ្តនេះ គឺរៀបចំការស្នងតំណែងពីអគ្គមគ្គទេសក៍Kim Jong-Il ទៅកូនប្រុស Kim Jong-Un។
ចុះផ្សាយនៅថ្ងៃ៖
បទវិភាគរបស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
គឺជាលើកទីមួយហើយតាំងពីឆ្នាំ១៩៦៦មក ដែលបក្សពលករដែលជាបក្សតែមួយគត់របស់កូរ៉េខាងជើង នឹងត្រូវរួមប្រជុំគ្នាជាវិសាមញ្ញនៅថ្ងៃទី២៨កញ្ញាខាងមុខនេះ។ តាមការគ្រោងទុក អង្គប្រជុំវិសាមញ្ញនេះ ត្រូវប្រព្រឹត្តទៅកាលពីសប្តាហ៍មុន តែត្រូវបានពន្យារពេលមិនដឹងមកពីមូលហេតុអ្វី។ បើយោងទៅតាមក្រុមអ្នកវិភាគ មូលហេតុគឺមកពីសុខភាពធ្លាក់ទ្រុឌទ្រោមខ្លាំងរបស់អគ្គមគ្គទេសក៍Kim Jong-Il ដែលគេដឹងថាមានជម្ងឺប្រចាំកាយ។ Kim Jong-Il មានជម្ងឺដាច់សរសៃខួរកាលពីពីរឆ្នាំមុន ហើយបន្ថែមពីលើនេះ មានជម្ងឺទឹកនោមផ្អែម និងបញ្ហាតម្រងទឹកនោម។
អង្គប្រជុំវិសាមញ្ញរបស់គណបក្សនៅចុងខែនេះ ជាព្រឹត្តិការណ៍វិសេសវិសាលដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត ពីព្រោះវាមានគោលដៅ«តែងតាំងថ្នាក់ដឹកនាំកំពូលរបស់បក្ស» នេះបើយោងទៅតាមទីភ្នាក់ងារផ្លូវការរបស់កូរ៉េខាងជើង។ និយាយបែបផ្សេង គឺជាការរៀបចំស្នងតំណែងពីអគ្គមគ្គទេសក៍Kim Jong-Il ទៅកូនប្រុសKim Jong-Un តែមិនទាន់ជាការផ្ទេរអំណាចនៅឡើយទេ។ បានន័យថា នៅថ្ងៃទី២៨កញ្ញាខាងមុខនេះ បណ្តាប្រតិភូរបស់បក្សត្រូវតែងតាំងថ្នាក់ដឹកនាំថ្មីដែលជាអ្នកគាំទ្រឲ្យKim Jong-Un ស្នងតំណែងពីKim Jong-Il នាពេលខាងមុខ។ ដើម្បីសម្រេចគោលដៅនេះបាននៅទីបំផុត បណ្តាប្រតិភូរបស់បក្សនឹងត្រូវតែងតាំងជាបឋម សមាជិកនៃគណៈកម្មាធិការមជ្ឈិម។ បន្ទាប់មកទៀត គណៈកម្មាធិការមជ្ឈិមនេះ នឹងត្រូវតែងតាំងសមាជិកការិយាល័យនយោបាយ សមាជិកអគ្គលេខាធិការដ្ឋាន និសមាជិកគណៈកម្មាធិការយោធា។
របបកុម្មុយនិស្តកូរ៉េខាងជើង ជារបបកុម្មុយនិស្តបន្តពូជ
តាមមើលទៅ ក្នុងចំណោមអ្នកដែលនឹងត្រូវតែងតាំងជាសមាជិករបស់គណៈកម្មាធិការមជ្ឈិមបក្ស នឹងច្បាស់ជាមានKim Jong-Un ផ្ទាល់តែម្តង ពោលគឺបុត្រសម្លាញ់ដែលនឹងត្រូវស្នងតំណែងពីKim Jong-Il និងJang Song-Thaek ប្អូនថ្លៃរបស់Kim Jong-Il ដែលគេចាត់ទុកថា ជាឱពុកធម៌របស់ Kim Jong-Un។ គឺJang Song-Thaek នេះហើយដែលជាឥស្សរជនគន្លឹះនៃការស្នងតំណែងនិងការផ្ទេរអំណាច នាពេលខាងមុខ ពី Kim Jong-Il ទៅKim-Jong Un។ ពីព្រោះថ្មីៗកន្លងទៅនេះ គាត់ត្រូវបានតែងតាំងជាអនុប្រធាននៃគណៈកម្មាធិការយោធាដែលមានKim Jong-Il ជាប្រធាន ហើយបើយោងទៅតាមក្រុមអ្នកសង្កេតការណ៍ នៅពេលណាដែលKim Jong-Il លាលែងពីតំណែងឬស្លាប់ នៅពេលនោះ កូនប្រុស គឺKim Jong-Un នឹងក្លាយជាស្វ័យប្រវត្ត ទៅជាប្រធានគណៈកម្មាធិការយោធា ពោលគឺក្លាយជាបុរសខ្លាំងនៃប្រទេសកូរ៉េខាងជើង។ ត្រង់នេះ គួរគូសបញ្ជាក់ថា នៅក្នុងរបបកុម្មុយនិស្ត ពិសេសរបបកុម្មយនិស្តកូរ៉េខាងជើង អ្នកមានអំណាចធំជាងគេ គឺមិនមែននាយករដ្ឋមន្ត្រីទេ។ អ្នកមានអំណាចធំជាងគេ គឺប្រធានគណៈកម្មាធិការយោធា។
របបPyongyang គឺជារបបកុម្មុយនិស្តបន្តពូជ។ គួររំឭកថា ពីឆ្នាំ១៩១០ ដល់ចប់សង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ កូរ៉េដែលកាលសម័យនោះជាប្រទេសរួមគ្នាតែមួយ ត្រូវប្រទេសជប៉ុនកាន់កាប់។ នៅឆ្នាំ១៩៤៥ ជប៉ុនចាញ់សង្គ្រាម ជាហេតុជម្រុញឲ្យសហភាពសូវៀត និងសហរដ្ឋអាមេរិកដែលឈ្នះសង្គ្រាមពុះចែកកូរ៉េជាពីរ។ កូរ៉េខាងត្បូងក្លាយជារបបយោធា មាននិន្នាការទៅខាងសហរដ្ឋអាមេរិក រីឯកូរ៉េខាងជើងក្លាយជារបបកុម្មុយនិស្ត នៅក្រោមឥទ្ធិពលរបស់សូវៀត និងដឹកនាំដោយKim Il-Sung។ នៅឆ្នាំ១៩៩៤ Kim Il-Sung ទទួលមរណភាព ហើយអំណាចក៏ធ្លាក់ទៅក្នុងដៃរបស់Kim Jong-Il ដែលជាកូន។ កាលណោះនៅឆ្នាំ១៩៩៤ ក្រុមអ្នកសង្កេតការណ៍បាននាំគ្នាហៅរបបកុម្មុយនិស្តPyongyang ថា ជារបបកុម្មុយនិស្តបន្តពូជរួចស្រេចបាត់ទៅហើយ។ ម្ល៉ោះហើយ នាពេលខាងមុខ បើសិនជាការស្នងតំណែងពីKim Jong-Il ទៅកូនប្រុសKim Jong-Un ប្រព្រឹត្តទៅបានដូចការគ្រោងទុកមែន នោះគេនឹងអាចអះអាងបានថា របបកូរ៉េខាងជើងដែលតពីជីតាដល់ចៅ ពិតជារបបកុម្មុយនិស្តបន្តពូជមែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ