អានតួអត្ថបទ
ចិន​-ជប៉ុន

ចិន និង​ជប៉ុន​បន្ត​មើល​មុខ​គ្នា​មិន​ចំ

មួយ​សប្តាហ៍​កន្លង​មក​ហើយ ដែល​ចិន​និង​ជប៉ុន​មើល​មុខ​គ្នា​មិន​ចំ។ មូលហេតុ​ធំ ដូច​ដែល​យើង​បាន​ជូន​ព័ត៌មាន​ជា​ហូរហែ​រួច​មក​ហើយ គឺ​មក​អំពី​កាល​ពី​ថ្ងៃ​អង្គារ​ទី​៧​កញ្ញា​កន្លង​ទៅ​នេះ ទូក​នេសាទ​មួយ​របស់​ចិន​ដែល​មាន​ដឹក​មនុស្ស​១៥​នាក់​បាន​ប៉ះ​ទង្គិច​ជាមួយ​ នាវា​ល្បាត​របស់​ជប៉ុន ហើយ​កងល្បាត​ជប៉ុន​ក៏​បាន​ស្ទាក់​ចាប់​នាវា​នេះ។ កាល​ពី​ម្សិលមិញ ជប៉ុន​បាន​សម្រេច​ដោះលែង​អ្នក​នេសាទ​ចិន​ចំនួន​១៤​នាក់ តែ​បន្ត​ឃុំ​ខ្លួន​មេ​ទទួល​ខុស​ត្រូវ​នៃ​ទូក​នេសាទ។ នៅ​ថ្ងៃ​អង្គារ​ទី​១៤​កញ្ញា​នេះ ទីក្រុង​Pékin​បញ្ចេញ​ប្រតិកម្ម​ជា​ថ្មី និង​ទាម​ទារ​ឲ្យ​ទីក្រុង​Tokyo ដោះលែង​ជនជាតិ​ចិន​ចុង​ក្រោយ​មួយ​រូប​នេះ។

ផែនទី​ បញ្ជាក់​ពីទីតាំង​របស់​កោះ Senkaku​ (ជប៉ុន)
ផែនទី​ បញ្ជាក់​ពីទីតាំង​របស់​កោះ Senkaku​ (ជប៉ុន) © Wikipedia
ផ្សាយពាណិជ្ជកម្ម

 

05:10

បួវិភាគរបស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

ឧប្បត្តិហេតុ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ទី​៧​កញ្ញា​សប្តាហ៍​មុន នៅ​ប៉ែក​អាគ្នេយ៍​នៃ​សមុទ្រ​ចិន​ជា​រឿងរ៉ាវ​មួយ​រសើប។ មូលហេតុ​គឺ​មក​អំពី​ការ​ប៉ះទង្គិច​គ្នា​នេះ​រវាង​ទូក​នេសាទ​ចិន​និង​នាវា​ល្បាត​ជប៉ុន​បាន​កើត​ឡើង នៅ​ត្រង់​ទី​ប្រជុំកោះ​មួយ​ដែល​សព្វ​ថ្ងៃ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន តែ​ដែល​ចិន​និង​តៃវ៉ាន់​ទាមទារ​ចង់​បាន​ដែរ។

ទី​ប្រជុំ​កោះ​នោះ​ដែល​ជប៉ុន​ហៅ​ថា​Senkaku និង​ដែល​ចិន​ហៅ​ថា​ Diaoyutai ឋិត​នៅ​ចន្លោះ​តៃវ៉ាន់​និង​កោះ Okinawa របស់​ជប៉ុន។ ម្ល៉ោះ​ហើយ​រៀង​រាល់​ឆ្នាំ ក្រុម​អ្នក​ជាតិ​និយម​ចិន​ដីគោក ក៏​ដូច​ក្រុម​អ្នក​ជាតិនិយម​ចិន​តៃវ៉ាន់​តែងតែ​នាំ​គ្នា​ជិះ​កប៉ាល់​ទៅ​បង្ក​សកម្មភាព​ផ្សេងៗ នៅ​ក្បែរ​ទី​ប្រជុំកោះ​នោះ។ ហើយ​ជា​ញឹកញយ កង​ល្បាត​ជប៉ុន​តែងតែ​ចាប់​ខ្លួន​ពួក​អ្នក​ជាតិ​និយម​ចិន​ទាំង​នោះ រួច​ហើយ​ដោះលែង​មក​វិញ នៅ​ទី​បំផុត។

នៅ​ក្នុង​បរិបទ​បែប​នេះ ការ​ប៉ះ​គ្នា​រវាង​ទូក​នេសាទ​ចិន​និង​នាវា​យាម​ល្បាត​ជប៉ុន កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន នៅ​ក្បែរ​ទីប្រជុំកោះ​Senkaku មិន​អាច​ជា​ឧប្បត្តិហេតុ​មួយ​ធម្មតា​សម្រាប់​ជប៉ុន​និង​សម្រាប់​ចិន​ទេ។ នៅ​ខាង​ជប៉ុន គេ​ត្រូវ​តែ​ម៉ឺងម៉ាត់ ពីព្រោះ​បើ​ធូរលុង ត​ទៅ​ថ្ងៃ​មុខ នឹង​ច្បាស់​ជា​មាន​ឧប្បត្តិហេតុ​បែប​នេះ​កើត​ឡើង​ទៀត នៅ​ក្បែរ​ទីប្រជុំកោះ Senkaku តាម​រយៈ​ការ​បង្ក​រឿង​ពី​សំណាក់​កប៉ាល់​អ្នកជាតិនិយម​ចិន​ឬ​ពី​សំណាក់​ទូក​នេសាទ​ចិន។ នៅ​ខាង​ចិន​វិញ​ដែល​ចាត់​ទុក​ទីប្រជុំកោះ​នេះ​ថា​ជា​កម្មសិទ្ធិ​របស់ខ្លួន គេ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​រឿងរ៉ាវ​នេះ​ក្លាយ​ជា​បុព្វហេតុ​ជាតិ។ អ៊ីចឹង​ហើយ​បាន​ជា ថ្នាក់ដឹកនាំ​ចិន​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ទីក្រុង​Pékin ឲ្យ​មក​ជួប​ខ្លួន​ចំនួន​បួន​លើក​រួច​មក​ហើយ ដើម្បី​តវ៉ា ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​នេសាទ​ចិន​ទាំង​១៥​រូប។ អ៊ីចឹង​ហើយ​ដែរ​បាន​ជា ថ្នាក់​ដឹក​នាំ​ចិន​បាន​បើក​ដៃ​ឲ្យ​ជនជាតិ​ចិន​មួយ​ក្រុម​ធ្វើ​បាតុកម្ម នៅ​ពី​មុខ​ស្ថានទូត​ជប៉ុន​នៅ​ទីក្រុង​Pékin កាល​ពី​សប្តាហ៍​មុន។ ហើយ​នៅ​ថ្ងៃ​នេះ​ទៀត ថ្នាក់ដឹកនាំ​ចិន នៅ​តែ​មិន​សុខ​ចិត្ត និង​ទាមទារ​ឲ្យ​ជប៉ុន​ដោះលែង​ជនជាតិ​ចិន​ចុង​ក្រោយ គឺ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ទូក​នេសាទ​ដែល​អាជ្ញាធរ​ជប៉ុន​មិន​បាន​ដោះ​លែង ដំណាល​គ្នា​ជាមួយ​អ្នក​នេសាទ​ទាំង​១៤​នាក់​កាល​ពី​ម្សិលមិញ។

ទីប្រជុំកោះ​Senkaku ត្រូវ​បាន​ជប៉ុន​ឈ្លានពាន​យក​ពី​ចិន​នៅ​ឆ្នាំ​១៨៩៥​
 
Senkaku គ្មាន​មនុស្ស​រស់​នៅ​ទេ ពីព្រោះ​គ្មាន​ព្រៃ​ឈើ មាន​តែ​ដុំថ្ម​និង​ផ្ទាំងថ្ម។ ក៏​ប៉ុន្តែ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋអាមេរិក ដី​បាត​សមុទ្រ​នៅ​ជុំវិញ​ទីប្រជុំកោះ​នេះ អាច​មាន​ផ្ទុក​ទៅ​ដោយ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ។ មិន​តែ​ប៉ុណ្ណោះ ទឹក​សមុទ្រ​នៅ​ទីនោះ​សម្បូណ៌​ទៅ​ដោយ​ត្រី។

ដោយឡែក​ទី​ប្រជុំកោះ​Senkaku នេះ​ដែល​ចិន​ហៅ​ថា Diaoyutai ត្រូវ​បាន​ជប៉ុន​ឈ្លានពាន​យក​ពី​ចិន​នៅ​ឆ្នាំ​១៨៩៥ ពោល​គឺ​នៅ​ក្រោយ​សង្គ្រាម​លើក​ទី​១​រវាង​ជប៉ុន​និង​ចិន។ បន្ទាប់​មក​ នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ សហរដ្ឋអាមេរិក​បាន​កាន់កាប់​កោះ​Okinawa របស់​ជប៉ុន​និង​ទីប្រជុំកោះ​Senkaku នេះ មុន​នឹង​ប្រគល់​ទាំង​Okinawa ទាំង​Senkaku ទៅ​ឲ្យ​ជប៉ុន​វិញ នៅ​ឆ្នាំ​១៩៧២។ តាំង​ពី​ពេល​នោះ​មក ទាំង​ចិន​ដី​គោក ទាំង​ចិន​តៃវ៉ាន់​បាន​និង​កំពុង​បន្ត​ទាមទារ​ចង់​បាន​ទីប្រជុំកោះ​នេះ ក៏​ប៉ុន្តែ​ជប៉ុន​មិន​ដែល​ព្រម​ចង់​ដោះស្រាយ​បញ្ហា​នេះ​ឡើយ ពីព្រោះ ទីប្រជុំកោះ​Senkaku ជា​សម្បុក​ត្រី អាច​ជា​ជង្រុក​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ។

ក្រៅ​ពី​មាន​ទំនាស់​ជាមួយ​ជប៉ុន​ជុំវិញ​ទីប្រជុំកោះSenkaku ចិន​ក៏​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ទៀត​ដែរ ជុំ​វិញ​ទីប្រជុំកោះ​Paracel និងSpratley នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន។

មិន​តែ​ប៉ុណ្ណោះ ចិន​បាន​និង​កំពុង​បន្ត​ចាយ​ប្រាក់​ជា​ច្រើន​ម៉ឺន​លាន​ដុល្លារ ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​កងទ័ព​ជើង​ទឹក​របស់​ខ្លួន ពីព្រោះ​មហិច្ឆតា​របស់​ចិន​គឺ​ពង្រីក​ដែន​អំណាច​របស់​ខ្លួន ទៅ​ឲ្យ​កាន់​តែ​ឆ្ងាយ ក្នុង​ផ្ទៃ​សមុទ្រ​ទាំង​ប៉ុន្មាន​នៅ​ប៉ែក​ខាង​ត្បូង នៅ​ប៉ែក​អាគ្នេយ៍ និង​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស។ អ៊ីចឹង​ហើយ​បាន​ជា កាល​ពី​សប្តាហ៍​មុន ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​សកម្មភាព​យោធា​របស់​ចិន និង​ចំពោះ​កង្វះ​តម្លាភាព​នៃ​នយោបាយ​ការពារ​ជាតិ​របស់​ចិន។

ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​ជា​យថាហេតុ​ពី​សំណាក់​ប្រទេស​ចិន ប្រទេស​ជប៉ុន​គ្រោង​នឹង​បង្កើត​កង​កម្លាំង​ពិសេស​មួយ នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ បេសកកម្ម​នៃ​កង​កម្លាំង​ពិសេស​នេះ គឺ​ពង្រឹង​ការ​ការពារ​បណ្តា​កោះ​នានា​របស់​ជប៉ុន នៅ​ប៉ែក​និរតី​នៃ​ប្រទេស និង​បេសកកម្ម​មួយ​ទៀត គឺ​វាយ​រំដោះ​​មក​វិញ កោះ​ណា​ដែល​អាច​នឹង​ត្រូវ​ខ្មាំង​ឈ្លាន​ពាន​យក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ