អានតួអត្ថបទ
ចិន

ពិព័រណ៍​ពិភពលោក៖ ៤​ខែ​ក្រោយ​ពី​ពេល​បើក មនុស្ស​នៅ​តែ​សម្រុក​ចូល​ទស្សនា

ពិព័រណ៍​ពិភពលោក ឆ្នាំ​២០១០ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​ចាប់​ផ្តើម​បើក​ធ្វើ តាំង​ពី​ថ្ងៃ​ទី១ ខែ​ឧសភា មក​ម៉្លេះ។ រហូត​មក​ទល់ពេលនេះ ជាង ៤ខែ​ហើយ មនុស្ស​នៅតែ​ពពាក់ពពូន​នាំ​គ្នា​ចូល​ទស្សនា។ គេ​រំពឹង​ថា ​ពិព័រណ៍​ពិភពលោក​នៅ​សៀងហៃ​នេះ​អាច​នឹង​មាន​អ្នក​ចូល​ទស្សនា​សរុប​ដល់​ទៅ ៧០​លាននាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​ពិព័រណ៍​ពិភពលោក​មុនៗ។

ពិព័រណ៍​ពិភពលោក​សៀងហៃ ចាប់ផ្តើម​ដើម​ខែ ឧសភា នៅ​តែ​មាន​មនុស្សច្រើន​កុះករ​​ចូល​ទស្សនា​
ពិព័រណ៍​ពិភពលោក​សៀងហៃ ចាប់ផ្តើម​ដើម​ខែ ឧសភា នៅ​តែ​មាន​មនុស្សច្រើន​កុះករ​​ចូល​ទស្សនា​ Stringer
ផ្សាយពាណិជ្ជកម្ម

02:42

សេចក្តី​រាយការណ៍​របស់​សេង ឌីណា​ពី​ទីក្រុង​សៀងហៃ

សេង ឌីណា

គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ទី៦ កញ្ញា​នេះ ពិព័រណ៍​ពិភពលោក​នៅ​សៀងហៃ មានមនុស្ស​ចូល​ទស្សនា​សរុប​ដល់​ទៅ​ជិត ៤៩​លាន​នាក់​ហើយ។ គិត​ជា​មធ្យម ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ចូលទស្សនា​ប្រមាណ​ជា ៤០ម៉ឺន​នាក់​។ ថ្ងៃ​ខ្លះ ចំនួន​អ្នក​ចូល​ទស្សនា​មាន​រហូត​ដល់​ទៅ​ ៦០​ម៉ឺននាក់​ក៏មាន។

ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ នៅ​លើ​ផ្ទៃដី​ជាង ៥​គីឡូម៉ែត្រ​ការ៉េ​ ស្ថិត​នៅ​ត្រើយ​សងខាង​ទន្លេ​ ហ៊័ងពូ (Huangpu) និង​នៅ​ចន្លោះ​ស្ពាន​​ពីរ ដែល​ឆ្លង​កាត់​ទន្លេ​​នេះ។ បើ​សិន​ជាយើង​ក្រឡេក​មើល​ពី​ស្ពាន លូប៉ាន (Luban) ទីតាំង​ពិព័រណ៍​ពិភពលោក​​ប្រៀបបាន​ទៅ​នឹង​កូន​ទីក្រុង​តូចមួយ ដែល​ពោរពេញ​ទៅ​ដោយ​សំណង់​អគារ​ចម្លែកៗ ​​ខុស​ពីធម្មតា។ អគារ​ទាំងនោះ គឺ​ជា​ផ្ទះ​ (Pavillion) តំណាង​ប្រទេស ឬ​តំណាង​អង្គការ​អន្តរជាតិ​នានា ដែល​មានចំនួន​សរុប​ទាំងអស់ ជាង ២៤០ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផងដែរ។ នៅ​ក្នុង​បរិវេណ​ទីតាំង​ពិព័រណ៍​នេះ មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​មាន​គ្រប់​ប្រភេទ៖ មាន​ទាំង​រថយន្ត​ក្រុង ទាំង​រថភ្លើង​ក្រោមដី និង​ទូក​សម្រាប់​ឆ្លង​កាត់​ទន្លេ​ពី​ត្រើយម្ខាង ទៅ​ត្រើយ​ម្ខាង​ទៀត។

ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ គឺ​ជា​ពិព័រណ៍​ធំ​ជាង​គេ​បំផុត មិនធ្លាប់​មាន គិត​ទាំង​ទំហំ​ផ្ទៃដី និងទាំង​ចំនួន​ប្រទេស​ចូលរួម។ ​អ្នក​ចូល​ទស្សនា​ក៏​​ទំនង​ជាអាច​​មានចំនួន​ច្រើន​ជាង​ពិព័រណ៍​ពិភពលោក​មុនៗ​ដែរ។ គេ​ព្យាករ​ថា នៅ​ពេល​បិទ​ពិព័រណ៍ នៅថ្ងៃ​ទី​៣១ តុលា​ ចំនួន​អ្នក​ចូល​ទស្សនា​សរុប​អាច​នឹង​មាន​ដល់​ទៅ ៧០​លាននាក់។ គួរ​បញ្ជាក់ថា កន្លងមក​ ពិព័រណ៍​ពិភពលោក ដែល​មាន​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ​ គឺ​ពិព័រណ៍​នៅ​ទីក្រុងអូសាកា ប្រទេស​ជប៉ុន កាល​ពីឆ្នាំ​១៩៧០ ដែល​មាន​អ្នក​ចូលទស្សនា​សរុប​ជាង ៦០លាននាក់។

រហូត​មកទល់​ពេលនេះ ជាង ៤ខែ​ហើយ ដែល​ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ​បាន​បើក​ទ្វារ​ឲ្យ​សាធារណជន​ចូល​ទស្សនា ប៉ុន្តែ អ្នក​ចូល​ទស្សនា​​នៅ​តែ​មាន​​ចំនួនច្រើន។ កាល​ពី​ថ្ងៃ​អាទិត្យ​ ម្សិលមិញ អ្នក​ចូល​ទស្សនា​ពិព័រណ៍​មាន​ចំនួន​ជិត ៣០​ម៉ឺននាក់។

នៅគ្រប់​ច្រក​ចូល​ទាំងអស់ គេ​ឃើញ​មនុស្ស​ពពាក់ពពូន ឈរ​តម្រង់​ជួរ​ចាំ​ចូល​ទៅ​ក្នុង​បរិវេណ​ពិព័រណ៍។ ជាមួយ​នឹង​វិធានការ​សន្តិសុខ​ដ៏​តឹងរ៉ឹង​ផង​នោះ ពេល​ខ្លះ គេ​ត្រូវ​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​រាប់​ម៉ោង ទម្រាំ​បាន​ចូល​។ ពេល​ចូល​ទៅ​ដល់​ខាង​ក្នុង​បរិវេណ​ពិព័រណ៍​ហើយ គេ​ត្រូវ​ឈរ​តម្រង់​ជួរ​យ៉ាងយូរ​ទៀត ដើម្បី​ចូល​ទស្សនា​ការ​តាំងពិព័រណ៍ នៅ​ខាង​ក្នុង​ផ្ទះ​តំណាង​ប្រទេស ឬ​អង្គការ​​នីមួយៗ។

ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ “Better City, Better Life” ពោល​គឺ​ការប្រាថ្នា​ចង់​ឃើញ​ការរៀបចំ​ក្រុង​ ដែល​អាច​ឲ្យ​​អ្នករស់នៅ​ក្នុង​ក្រុង​នេះ មាន​ជីវិត​កាន់តែ​ប្រសើរ​ឡើង។ ការតាំងពិព័រណ៍ នៅ​ក្នុង​ផ្ទះ​តំណាង​ប្រទេស ឬ​អង្គការ​​នីមួយៗ​ត្រូវ​បាន​​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ប្លែកៗ​ពីគ្នា។ “ជីវិត​វប្បធម៌​ក្នុង​ទីក្រុង” គឺ​ជា​ប្រធាន​បទ​ នៃ​ការតាំង​ពិព័រណ៍​របស់​ផ្ទះ​ខ្មែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ