អានតួអត្ថបទ
ប៉ាគីស្តង់

មនុស្ស​ស្លាប់​ ៥៥​នាក់​​នៅក្នុង​​ការ​​​​វាយប្រហារ​របស់​កង​ទ័ព​ទៅ​លើ​ពួក​តាលីបង់​​

កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ កងទ័ព​ប៉ាគីស្តង់ ធ្វើការ​ទម្លាក់​គ្រាប់បែក​ទៅ​លើ​ជំរក​ដែល​គេ​សង្ស័យ​ថា​ជា​របស់​ក្រុម​ អត្តឃាតជន​តាលីបង់​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស​ប៉ាគីស្តង់។ យោងតាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ក្នុង​តំបន់​នា​ថ្ងៃ​ពុធ​នេះ មនុស្ស​ស្លាប់​មាន​ចំនួន​យ៉ាងតិច ៥៥​នាក់​ក្នុង​នោះ​ក៏​មាន​ប្រជាជន​ស៊ីវីល​ផង​ដែរ។

មនុស្ស​ស្លាប់​យ៉ាង​តិច​​៥៥​នាក់​នៅក្នុង​ការ​វាយ​ប្រហារ​របស់​កងទ័ព​ប៉ាគីស្តង់​ទៅលើ​ពួក​តាលីបង់​កាលពី​យប់​ថ្ងៃ​អង្គារ​​ទី ៣១​សីហា​២០១០​ក្នុងនោះ​ក៏មាន​បណ្តាជន​ស៊ីវីល​ដែរ
មនុស្ស​ស្លាប់​យ៉ាង​តិច​​៥៥​នាក់​នៅក្នុង​ការ​វាយ​ប្រហារ​របស់​កងទ័ព​ប៉ាគីស្តង់​ទៅលើ​ពួក​តាលីបង់​កាលពី​យប់​ថ្ងៃ​អង្គារ​​ទី ៣១​សីហា​២០១០​ក្នុងនោះ​ក៏មាន​បណ្តាជន​ស៊ីវីល​ដែរ © Reuters
ផ្សាយពាណិជ្ជកម្ម

 

01:53

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

យន្តហោះ​ប្រដេញ​របស់​កងទ័ព​ប៉ាគីស្តង់ ធ្វើការ​ទម្លាក់​គ្រាប់បែក​កាលពី​យប់​ថ្ងៃ​អង្គារ​ទី ៣១​សីហា​ម្សិលមិញ​ទៅ​លើ​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​ពួក​តាលីបង់​នៅ​​ស្រុក Khyber ក្នុង​តំបន់​កុលសម្ព័ន្ធ​ជាប់​ព្រំដែន​ជាមួយ អាហ្វហ្កានិស្តង់។

 
យោងតាម​កង​កម្លាំងសន្តិសុខ​ប៉ាគីស្តង់ ក្រុម​ឧទ្ទាម​តាលីបង់​ប្រើប្រាស់​ជំរំ​នេះ​សម្រាប់​រៀបចំ​យានជំនិះ​ដែល​ផ្ទុក​ពេញ​ទៅ​ដោយ​គ្រឿងផ្ទុះ​ក៏​ព្រមទាំង​អ្នក​បើក​បរ​យានជំនិះ​ដែរ​ដើម្បី​ធ្វើ​ភេរវកម្ម​នា​សប្តាហ៍​នេះ។ នាខណៈ​ដែល​នាយ​ទាហាន​នៃ​កង​កម្លាំង​សន្តិសុខ​ប៉ាគីស្តង់ អះអាង​ថា ពួក​ឧទ្ទាម​តាលីបង់​ស្លាប់​អស់​ចំនួន ៣០​នាក់ អាជ្ញាធរ​ក្នុង​តំបន់​វិញ បាន​​បង្ហើប​ឲ្យ​គេ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏​មាន​ប្រជាជន​ស៊ីវីល​ជាច្រើន​នាក់​ដែរ។ ចំណែក តួលេខ​នៃ​ជន​រងគ្រោះ​ស្លាប់​ដោយ​ការ​វាយប្រហារ​របស់​កងទ័ព​ប៉ាគីស្តង់ មាន​រហូត​ដល់​ទៅ ៥៥​នាក់។

 
ក្រុម​ឧទ្ទាម​តាលីបង់ បាន​យក​ប្រជាជន​ស៊ីវីល​ក៏​ព្រម​ទាំង​ក្រុម​គ្រួសារ​គេ មក​ធ្វើ​ជា​ខែល​បាំង​មុខ​របស់​ពួក​គេ ជាហេតុ​បណ្តាល​ឲ្យ​ប្រជាជន​ស៊ីវិល​ស្លាប់​អស់​យ៉ាងតិច​ចំនួន ១២ នាក់​​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​ប៉ាគីស្តង់​ទៅ​លើ​ក្បួន​យានជំនិះ​មួយ​ខ្សែ។ នេះ បើយោងតាម​ការ​អះអាង​របស់​បណ្តា​អ្នក​ទទួល​ខុសត្រូវ​នៃ​យោធា​ប៉ាគីស្តង់​មួយ​ចំនួន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

 
តំបន់​កុលសម្ព័ន្ធ​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស អាហ្វហ្កានិស្តង់ សុទ្ធសឹង​ជា​បន្ទាយ​របស់​ក្រុម​ឧទ្ទាម​តាលីបង់។ ពួក​តាលីបង់​ដែល​ជា​សម្ព័ន្ធ​របស់​ក្រុម​បណ្តាញ​ភេរវនិយម Al-Qaïda ក៏​ជា​អ្នក​បង្ក​អំពើ​ភេរវកម្ម​យ៉ាង​ច្រើន​បំផុត​ដែរ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្តង់។ អំពើភេរវកម្ម​ភាគ​ច្រើន ជា​អំពើ​ភេរវកម្ម​អត្តឃាត ដែល​សម្លាប់​ជីវិត​មនុស្ស​អស់​ជិត ៣៦០០​នាក់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្តង់​ក្នុង​រយៈ​ពេល​តែ ៣​ឆ្នាំ​ប៉ុណ្ណោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ