អានតួអត្ថបទ
កូរ៉េខាងជើង-ចិន

ប្រធានាធិបតី​​​គីម​ ជុងអ៊ីល​​​ជួប​​ប្រាស្រ័យ​​ជាមួយ​​ប្រធានាធិបតី​​ចិន​ហ៊ូ​​ ជិនតាវ

គឺ​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទីពីរ​ហើយ នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​តែ​បួន​ខែ​ប៉ុណ្ណោះ របស់​អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ីល (Kim Jong-Il)។ លោក គីម ជុងអ៊ីល បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ (Hu Jintao) នៅ​ក្នុង​សណ្ឋាគារ​មួយ​ដែល​ស្ថិត​នៅ​ក្រុង Changchun ប៉ែក​ឦសាន​ប្រទេស​ចិន មុន​វិល​ត្រឡប់​មក​កាន់​កូរ៉េ​ខាង​ជើង​វិញ។ នេះ​បើ​យោងតាម​មធ្យោបាយ​ឃោសនា​មហាជន​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​សៅរ៍ ២៨​សីហា ២០១០​នេះ។

រថយន្ត​​ដែល​គេ​ជឿ​ថា​ដឹក​លោក​ គីម ជុង អ៊ីល (Kim Jong-il)​ឆ្ពោះ​ទៅកាន់​សណ្ឋាគារ Nanhu​ ក្នុង​ក្រុង Changchun
រថយន្ត​​ដែល​គេ​ជឿ​ថា​ដឹក​លោក​ គីម ជុង អ៊ីល (Kim Jong-il)​ឆ្ពោះ​ទៅកាន់​សណ្ឋាគារ Nanhu​ ក្នុង​ក្រុង Changchun © Reuters
ផ្សាយពាណិជ្ជកម្ម

 

02:24

សេចក្តីរាយការណ៍​របស់​​ នុយ ប៊ែរណាដែត

ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រកប​ដោយ​អាថ៌​កំបាំង​បំផុត​នៅ​ក្នុង​ប្រទេស​ចិន អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុងអ៊ីល ប្រហែល​ជា​បាន​ទទួល​ការ​យល់ព្រម​ហើយ​ពី​សំណាក់​សម្ព័ន្ធមិត្ត​ចិន​របស់​ខ្លួន ចំពោះ​គម្រោងការ​ដែល​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង ចង់​លើកស្ទួយ​កូន​ប្រុស​ពៅ​របស់​គាត់​ឲ្យ​ឡើង​គ្រប់គ្រង​ប្រទេស​កូរ៉េ​ខាង​ជើង ស្នង​តំណែង​បន្ត​ពី​រូប​គាត់​នា​ពេល​ខាង​មុខ។

គឺ​ជា​ទស្សនកិច្ច​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​លើក​ទី ១​របស់ ​លោក គីម កាលពី​ខែ​ឧសភា​មុន​នៅ​ក្នុង​ប្រទេស​ចិន។ អម​ដំណើរ លោក​គីម ជុងអ៊ីល- ក៏​ប្រហែល​ជា​មាន​វត្តមាន​កូន​ប្រុស​ពៅ​របស់​គាត់​ដែរ។ កូន​ប្រុស​ពៅ​របស់​លោក​គីម ជុងអ៊ីល ឈ្មោះ គីម ជុនអ៊ុន នេះ ដែល​ដំណឹង​លេច​ឮ​កាន់តែ​ខ្លាំង​ឡើងៗ ថា​ជា​អ្នក​ត្រូវ​ស្នង​តំណែង​បន្ត​ពី​រូប​គាត់​។

លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ​វិញ​ដែល​កំពុង​ស្ថិត​នៅ​តំបន់​ប៉ែក​ឦសាន​ប្រទេស បាន​អញ្ជើញ​ទៅ​កាន់​ក្រុង Changchun និង​ប្រហែល​ជា​បាន​ជួប​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​គីម ជុងអ៊ីលកាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ ម្យ៉ាងទៀត​​ តាមធម្មតា លោក​ប្រធានាធិបតី គីម ជុងអ៊ីល ប្រហែល​ជានឹង​វិល​ត្រឡប់​មក​កាន់​ទីក្រុង ព្យុងយ៉ាង​វិញ​តាម​រថភ្លើង​ពិសេស​របស់​លោក ចាប់ពីថ្ងៃសៅរ៍​នេះ​ដែរ។

មួយវិញទៀត យោងតាម ទូរទស្សន៍ YTN និង​ទីភ្នាក់ងារព័ត៌មាន​កូរ៉េ​ខាងត្បូង Yonhap បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្បួន​រថយន្ត​ប្រមាណ​ជា ២០​គ្រឿង អម​ការពារ​ដោយ​យាន​ជំនិះ​សន្តិសុខ​ចិន​ចំនួន ១០​គ្រឿង បាន​ចាក​ចេញ​ពី​សណ្ឋាគារ​នៅ Changchun នា​ព្រឹក​មិញ​នេះ និង​ឆ្ពោះ​ទៅកាន់​សកលវិទ្យាល័យ​កសិកម្ម​នៅ​ក្នុង​ក្រុង​នេះ​។ មុន​ពេល​នេះ​បន្តិច រថយន្ត​ធំ​មួយ​គ្រឿង​ដែល​ទុក​សំរាប់​ដឹក​ជញ្ជូន​អីវ៉ាន់​របស់​ក្រុម​លោក​គីម ជុងអ៊ីល បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ចំណត​រថភ្លើង​នៅ Changchun​ ដែល​ជា​ទី​ចំណត​នៃ​រថភ្លើង​ពិសេស​របស់​អគ្គមគ្គទេសក៍ កូរ៉េ​ខាង​ជើង។

ចំណែក បណ្តា​អ្នក​ទទួល​ខុសត្រូវ​ផ្សេងៗ​ទៀត របស់​កូរ៉េ​ខាង​ត្បូង​វិញ បាន​អះអាង​ដែរ ថា លោក គីម ជុងអ៊ីល ត្រូវ​ត្រឡប់​មកកាន់​ព្យុងយ៉ាង​វិញ​នា​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​លោក បាន​ទទួល​នូវ​ជំនួយ​ការទូត​និង​សេដ្ឋកិច្ច​ដ៏​សន្ធឹក​មួយ​ពី​ប្រទេស​ចិន ដើម្បី​ជួយ​ទប់ទល់​សេដ្ឋកិច្ច​ដ៏ ទ្រុឌទ្រោម​របស់​កូរ៉េ​ខាង​ជើង ដែល​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ