អានតួអត្ថបទ
ចិន

វេន យ៉ាបៅចង់បាន​ប្រជាធិបតេយ្យូបនីយកម្ម​នៃប្រទេសចិន​

លោក​នាយករដ្ឋមន្ត្រី​ចិន វេន យ៉ាបៅ(Wen Jiabao) បាន​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​នៅ​ក្នុង​ប្រទេស។ លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​សុន្ទរកថា​មួយ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២​សីហា​កន្លង​ទៅ​នេះ។ ​ដំណឹង​នេះ ដែល​ទើប​តែ​លេចឮ​ខ្លាំង​នៅ​ថ្ងៃ​អង្គារ​ទី​២៤​សីហា​នេះ ត្រូវ​បាន​សារព័ត៌មាន​នៅ​អាស៊ី និង​នៅ​អឺរ៉ុប លើក​យក​មក​បកស្រាយ​ព្រោងព្រាត។

លោក​ប្រមុខ​រដ្ឋាភិបាល​ចិន វេន យ៉ាបៅ
លោក​ប្រមុខ​រដ្ឋាភិបាល​ចិន វេន យ៉ាបៅ ©​​ RFI
ផ្សាយពាណិជ្ជកម្ម

06:53

បទវិភាគរបស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

លោក​ប្រមុខ​រដ្ឋាភិបាល​ចិន វេន យ៉ាបៅ​បាន​ថ្លែង​សុន្ទរកថា​របស់​លោក នៅ​Shenzhen​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស។ គឺ​ជា​ទីក្រុង​មួយ​ដែល​គេ​ចាត់​ទុក​ថា​ជា​និមិត្តរូប​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស​របស់​មហាយក្ស​ចិន។

 
នា​ឱកាស​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ទីក្រុង​នោះ កាល​ពី​ថ្ងៃ​ទី​២២​សីហា លោក វេន យ៉ាបៅ បាន​អះអាង​ជាអាទិ៍​ថា ប្រទេស​ចិន​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​នយោបាយ បង្កើត​ឲ្យ​មាន​នូវ​បរិយា​កាស​និង​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​អនុញ្ញាត​ឲ្យ​រាស្រ្ត​រិះគន់ ឃ្លាំ​មើល​រដ្ឋាភិបាល​និង​ចូល​រួម​ចំណែក​ក្នុង​ការ​កំចាត់​អំពើ​ពុករលួយ។

ចំពោះ​លោក វេន យ៉ាបៅ «ការ​ធានា​ឲ្យ​ប្រជារាស្ត្រ​មាន​សិទ្ធិ​ប្រជាធិបតេយ្យ គឺ​ជា​ការ​មួយ​សំខាន់»។ មិន​តែ​ប៉ុណ្ណោះ លោក​នាយករដ្ឋមន្ត្រី​ចិន ថែម​ទាំង​បាន​គូស​បញ្ជាក់​ថា បើ​សិន​ជា​នៅ​តែ​គ្មាន​កំណែទម្រង់​នយោបាយ​អ៊ីចឹង​ត​ទៅ​ទៀត​ទេ នោះ​លទ្ធផល​ទាំង​អម្បាលម៉ាន​ដែល​បាន​មក​ពី​ការ​អនុវត្តន៍​កំណែទម្រង់​សេដ្ឋកិច្ច នឹង​រលាយ​បាត់បង់​អស់​ទៅ​វិញ នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ឡើយ។

និយាយ​រួម អ្វី​ដែល​លោក វេន យ៉ាបៅចង់​បាន​គឺ​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស​ពោល​គឺ​ផ្ទុយ​ពី​ទិសដៅ​នៃ​បក្ស​កុម្មុយនិស្ត​ចិន ដែល​តាំង​ពី​ឆ្នាំ​១៩៧៩​មក បាន​អនុញ្ញាត​ឲ្យ​ប្រជារាស្រ្ត​មាន​សិទ្ធិ​ទូលំ​ទូលាយ​ធំ​ឡើង​ជា​លំដាប់​នៅ​លើ​វិស័យ​សេដ្ឋកិច្ច តែ​បាន​និង​កំពុង​បន្ត​បំបិទ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ត​ទៅ​ទៀត។

យ៉ាង​ណា​មិញ នៅ​ក្នុង​របប​កុម្មុយនិស្ត​មួយ​ដូច​ប្រទេស​ចិន អំណាច​មិនមែន​ឋិត​នៅ​ក្នុង​ដៃ​របស់​ប្រធានាធិបតី​ឬ​នាយករដ្ឋមន្ត្រី​ទេ តែ​នៅ​ក្នុង​ដៃ​របស់​គណបក្ស។ បក្ស​ជា​អ្នក​ដាក់​ទិសដៅ​នយោបាយ រីឯ​ប្រធានាធិបតី​និង​រដ្ឋាភិបាល​ជា​អ្នក​អនុវត្ត។
នៅ​ក្នុង​ករណី​លោក​វេន យ៉ាបៅ គេ​ត្រូវ​ដឹង​ម្យ៉ាង​ថា គាត់​ជា​អតីត​សេនា​ដៃ​ស្តាំ​របស់​លោក​Zhao Ziyang ដែល​ជា​អតីត​អគ្គលេខាធិការ​នៃ​បក្ស​កុម្មុយនិស្ត​ចិន។ គឺ​លោក​Zhao Ziyang នេះ​ហើយ ដែល​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស និង​បាន​ចេញ​មុខ​ប្រឆាំង​មិន​ឲ្យ​មាន​ការ​វាយ​បង្ក្រាប​ទៅ​លើ​ពួក​និស្សិត​បាតុករ នៅ​លើ​ទី​លាន​Tiananmen ក្នុង​ឆ្នាំ​១៩៨៩។ ដោយ​ឡែក គេ​ត្រូវ​ដឹង​ម្យ៉ាង​ទៀត​ថា លោក វេន យ៉ាបៅ ក៏​ដូច​លោក​ប្រធានាធិបតី ហ៊ូ ជីងតៅ(Hu Jintao) ដែរ នឹង​ត្រូវ​ចាក​ចេញ​ពី​អំណាច នៅ​ឆ្នាំ​២០១២ នឹង​ត្រូវ​ជំនួស​ដោយ​ក្រុម​អ្នក​ដឹក​នាំ​ថ្មី ដែល​នឹង​ត្រូវ​តែងតាំង​ដោយ​បក្ស​កុម្មុយនិស្ត​ចិន។ ម្ល៉ោះ​ហើយ គេ​អាច​និយាយ​ថា លោក វេន យ៉ាបៅ ដែល​ជិត​ចុះចេញ​ពី​អំណាច​ទៅ​ហើយ មិន​ខ្លាច​នឹង​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ឡើយ ទោះ​ជា​មតិ​នោះ វា​ផ្ទុយ​ពី​គន្លង​នយោបាយ​របស់​បក្ស​ក៏​ដោយ។
 
តើ​វេន យ៉ាបៅ ពិត​ជា​មាន​ឆន្ទៈ​ចង់​ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ឬ​ទេ?
 
ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​ប្រឆាំង​ម្នាក់ បាន​លួច​បោះពុម្ភ​សៀវភៅ​មួយ​ក្បាល​នៅ​ហុង​កុង។សៀវភៅ​នោះ​សរសេរ​បក​អាក្រាត​លោក​វេន យ៉ាបៅ ថា​មិនមែន​ជា​អ្នក​កំណែ​ទម្រង់​និយម​ពិត​ប្រាកដ​ទេ តែ​ជា​ឧបករណ៍​នយោបាយ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន​តែ​ប៉ុណ្ណោះ។

ចំពោះ​អ្នក​ប្រឆាំង​ឈ្មោះYu Jie ដែល​ជា​អ្នក​និពន្ធ វេន យ៉ាបៅ ជា​ស្តេច​នយោបាយ​នយោបោក ពូកែ​ខាង​ថ្ពឹន​ភ្នែក​និង​បំភាន់​មតិ​ប្រជារាស្រ្ត។ អ្នក​និពន្ធ​អះអាង​ថា នៅ​ឆ្នាំ​១៩៨៩​អគ្គមគ្គទេសក៍​Deng Xiaoping ផ្ទាល់​ជា​អ្នក​បាន​បញ្ជា​ឲ្យ​វេន យ៉ាបៅ ដើរ​តាម​និង​ធ្វើ​តាម​Zhao Zhiyang ឲ្យ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ពួក​និស្សិត​បាតុករ នៅ​លើ​ទី​លាន​Tiannanmen ដើម្បី​យក​ការណ៍​ឲ្យ​បក្ស ហើយ​ថា​តាំង​ពី​ពេល​នោះ​មក វេន យ៉ាបៅចាប់​ផ្តើម​មាន​ឈ្មោះ​និង​រូបភាព​ល្អ។

ម្ល៉ោះ​ហើយ បើ​យោង​ទៅ​តាម​សៀវភៅ​របស់​Yu Jie វេន យ៉ាបៅ ជា​ឧបករណ៍​របស់​គណ​បក្ស​កុម្មុយនិស្ត​ចិន ជា​ឧបករណ៍​សម្រាប់​និយាយ​លើក​ទឹក​ចិត្ត​ប្រជារាស្រ្ត ឬ​ក៏​សម្រាប់​និយាយ​បញ្ចុះបញ្ចូល​ពួក​អ្នក​ប្រឆាំង។ Yu Jie អះអាង​បន្ថែម​ថា អ៊ីចឹង​ហើយ​បាន​ជា​គេ​តែង​តែ​ឃើញ​វត្តមាន​របស់ លោក វេន យ៉ាបៅ នៅ​ទី​ណា​ដែល​រាស្រ្ត​មាន​ទុក្ខ ដូច​ជា​នៅ​ទី​កន្លែង​ដែល​មាន​គ្រោះ​រញ្ជួយ​ដី ឬ​គ្រោះ​ទឹក​ជំនន់​ជា​ដើម។

 
មិន​ងាយ​នឹង​មាន​ទេ ​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ប្រទេស​ចិន

យ៉ាង​ណា​ក៏​ដោយ ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ ទោះ​ពី​សំណាក់​អ្នក​ដឹកនាំ​កំពូល​ណា​ម្នាក់​ក៏​ដោយ គឺ​ជា​រឿង​មួយ សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​កុម្មុយនិស្ត គឺ​ជា​រឿង​មួយ​ផ្សេង។ ក្រុម​អ្នក​វិភាគ​អះអាង​ថា ពួក​អភិរក្សនិយម​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ពួក​កំណែទម្រង់​និយម​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន​សព្វ​ថ្ងៃ។ បើ​អ៊ីចឹង​មែន មិន​ងាយ​នឹង​មាន​ទៅ​កើត​ទេ ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ។ ពីព្រោះ​ពួក​អភិរក្សនិយម​ទាំង​នេះ​នៅ​តែ​យល់​ឃើញ​ថា សេដ្ឋកិច្ច​សេរី​ធានា​ដោយ​អំណាច​ផ្តាច់ការ​កុម្មុយនិស្ត ជា​នយោបាយ​ដែល​កំពុង​ធ្វើ​ឲ្យ​ចិន​ឈ្នះ មិន​ចាំបាច់​ប្រញាប់​ផ្តល់​សិទ្ធិ​ប្រជាធិបតេយ្យ​ទៅ​ឲ្យ​ប្រជារាស្រ្ត​ទេ។

មិន​តែ​ប៉ុណ្ណោះ ​ការ​ផ្លាស់ប្តូរ​ទិសដៅ​នយោបាយ​ធំៗ មិន​ងាយ​នឹង​ប្រព្រឹត្ត​ទៅ​បាន​ទេ នៅ​ក្នុង​ប្រទេស​ចិន។ តាំង​ពី​ឆ្នាំ​១៩៤៩​មក កំណែ​ទម្រង់​ធំ​ជាង​គេ ដែល​ប្រទេស​ចិន​បាន​ធ្វើ គឺ​កំណែទម្រង់​នៅ​ឆ្នាំ​១៩៧៨-១៩៧៩ ក្រោម​ការ​ដឹក​នាំ​របស់​Deng Xiaoping។ ​កាល​ណោះ Deng Xiaoping បាន​អូសទាញ​ប្រទេស​ចិន​ចេញ​ពី​សករាជ​មនោគមវិជ្ជា​របស់ ម៉ៅ សេទុង តាម​រយៈ​ការ​អនុវត្តន៍​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី តែ​បន្ត​រក្សា​របប​អំណាច​ផ្តាច់ការ​ដឹក​នាំ​ដោយ​គណ​បក្ស​តែ​មួយ។ ជិត​៣០​ឆ្នាំ​ក្រោយ​មក ប្រទេស​ចិន​នៅ​តែ​មិន​ទាន់​ចេញ​ពី​សករាជ​Deng Xiaoping នៅ​ឡើយ​ទេ។

ហើយ​តាម​មើល​ទៅ គឺ​មិនមែន​លោក​ហ៊ូ ជីងតៅ​ឬ​ក៏​លោក វេន យ៉ាបៅ​ទេ ដែល​អាច​នាំ​ប្រ​ទេស​ចិន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​បាន ពីព្រោះ​វីរជន​ទាំង​ពីរ​នឹង​ត្រូវ​ចុះចេញ​ពី​អំណាច​នៅ​ឆ្នាំ​២០១២ ទុក​ឲ្យ​ក្រុម​ថ្មី​និង​ថ្នាក់​ដឹក​នាំ​ថ្មី​មក​កាច់​ចង្កូត​ប្រទេស​ជាតិ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ