អានតួអត្ថបទ
ចិន

លោក​នាយក​រដ្ឋមន្ត្រី​ចិន​ស្នើ​ចង់​ឱ្យ​មាន​កំណែ​ទម្រង់​នយោបាយ

ប្រទេស​ចិន​ត្រូវ​តែ​បន្ត​ដើរ​លើ​មាគ៌ា​កំណែ​ទម្រង់​នយោបាយ​ ដើម្បី​ការពារ​សុខភាព​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ -នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ វេន​ ជាប៉ាវ​ ថ្លែង​នៅ​ឱកាស​បំពេញ​ទស្សនកិច្ច​ នៅ​ទីក្រុង​ Shenzhen។

លោក​វេន ជាប៉ាវ នាយក​រដ្ឋមន្រ្តី​ចិន​​ចង់​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ
លោក​វេន ជាប៉ាវ នាយក​រដ្ឋមន្រ្តី​ចិន​​ចង់​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តី រាយការណ៍​របស់​វីនស្តុន រតនា

លោក​វេន​ ជាប៉ាវ​ដែល​ប្រសាសន៍​របស់​គាត់​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជា​ផ្លូវការ​ចិន​ថ្មី​ ពុំ​បាន​ថ្លែង​ឱ្យ​បាន​លម្អិត​ទេ​អំពី​កំណែ​ទម្រង់​ដែល​គាត់​យល់​ឃើញ​ថា​ត្រូវ​តែ​ធ្វើ​ជា​ចាំ​បាច់​ខាន​មិន​បាន។ប៉ុន្តែ​ ការអំពាវ​របស់​គាត់​គឺ​ជា​ប្រតិកម្ម​តប​ចំពោះ​ការធ្វើ​វិភាគ​ដែល​ថា​ បើ​សិន​ជា​គ្មាន​កំណែ​ទម្រង់​នៃ​គណបក្ស​កុម្មុយនិស្ត​ទេ​ ទោះ​បី​ជា​មាន​កំរិត​ក្តី​ ​ នោះ​អំពើ​ពុករលួយ​និង​ការរំលោភ​បំពាន​ផ្សេងៗ​ ប្រហែល​អាច​នឹង​បំផ្លាញ​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ដ៏​ឆាប់​រហ័ស។

“​ បើ​សិន​ជា​មិន​ការពារ​ការធ្វើ​នយោបាយ​តាម​ទម្រង់​ថ្មី​ទេ​ ​ នោះ​ប្រទេស​ចិន​ប្រហែល​ជា​អាច​នឹង​បាត់​បង់​អ្វី​ដែល​ខ្លួន​បាន​ទទួល​ដោយ​ការធ្វើ​សេដ្ឋកិច្ច​តាម​ទម្រង់​ថ្មី​ ហើយ​គោល​ដៅ​នៃ​ការចាប់​ផ្តើម​ធ្វើ​នវូបនីយកម្ម​របស់​ខ្លួន​ ប្រហែល​អាច​នឹង​ត្រូវ​ខក​ខាន​ពុំ​បាន​សម្រេច​ “​ ​ នេះ​ជា​ប្រសាសន៍​របស់​លោក​វេន​ ជាប៉ាវ។

“​ គេ​ត្រូវ​តែ​ធានា​អះអាង​ចំពោះ​សិទ្ធិ​ប្រជាធិបតេយ្យ​និង​ត្រឹម​ត្រូវ​តាម​ច្បាប់​របស់​ប្រជាជន​ “​ ​ -គាត់​បាន​ពោល​បន្ថែម។

លោក​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ទាំង​សំដែង​សេចក្តី​ប្រាថ្នា​ចង់​ “​ បង្កើត​កាលៈទេសៈ​ “​ ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​អាច​ទិតៀន​រិះ​គន់​និង​ត្រួត​ពិនិត្យ​មើល​លើ​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​ “​ បញ្ហា​ក្តោប​ក្តាប់​អំណាច​ខ្លាំង​ហួស​ហេតុ​ដែល​ជាប់​ទាក់​ទង​នឹង​អភិបាល​គ្មាន​ប្រសិទ្ធិភាព​ “​ ។

លោក​វេន​ ជាប៉ាវ​ដែល​នឹង​ចាក​ចេញ​ពី​មុខ​តំណែង​ខ្លួន​នៅ​ដើម​ឆ្នាំ​២០១៣​ ​ បាន​ឱ្យ​ដឹង​ឮ​ក្នុង​រយៈពេល​ចុង​ក្រោយ​ថា​ គាត់​ប្រហែល​អាច​នឹង​ឩទ្ទិស​អវសាន​នៃ​អាណត្តិ​របស់​ខ្លួន​ចំពោះ​ការកែ​លម្អ​របប​សន្តិសុខ​សង្គម​ ​ ​ ការបណ្តុះ​បណ្តាល​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​លំនឹង​ជាងមុន​និង​ប្រកប​ដោយ​សមធម៌​ជាង​មុន​ ហើយ​និង​ការគន់​គិត​ដល់​ក្តី​ទោមនស្ស​របស់​បណ្តាជន​ចំពោះ​ពួក​អ្នក​គ្រប់​គ្រង​រដ្ឋ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ