អានតួអត្ថបទ
ប៉ាគីស្តង់

មាន​ករណី​អាសន្នរោគ​មួយ-កើត​មាន​នៅ​មណ្ឌល​លិចទឹក

អសប ​បាន​បញ្ជាក់​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ អំពី​ករណី​អាសន្នរោគ​មួយ​កើត​មាន​នៅ​ប៉ាគីស្តង់ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ចាប់តាំង​ពី ៨០​ឆ្នាំ​មក និង​បាន​ប្រកាស​បង្កើន​សកម្មភាព​ខ្លួន ដើម្បី​មើល​ព្យាបាល​ជន​ដែល​កើត​រោគ​រាករូស​ខ្លាំង។

ទឹក​ជំនន់​នៅ ប៉ាគីស្តង់​បាន​បង្ក​មហន្តរាយ​ដែល​ប្រទេស​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈពេល​៨០​ឆ្នាំនេះ
ទឹក​ជំនន់​នៅ ប៉ាគីស្តង់​បាន​បង្ក​មហន្តរាយ​ដែល​ប្រទេស​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈពេល​៨០​ឆ្នាំនេះ Reuters / Akhtar Soomro
ផ្សាយពាណិជ្ជកម្ម

 

02:14

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ទឹក​ជំនន់ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ដោយ​ខ្យល់​រដូវ បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រងគ្រោះ​ស្លាប់​ជាង ១៦០០​នាក់​គ្មាន​ទីជម្រក ២​លាន​នាក់ និង​ជន​រងគ្រោះ​ជាង ១៤​លាន​នាក់​ត្រូវ​ប្រមាណ​ជា​៨% នៃ​បណ្តាជន​ដែល​ក្នុង​ចំណោម​នេះ ៦​លាន​នាក់ នៅតែ​ត្រូវការ​ស្បៀង​អាហារ និង​ទឹកស្អាត។

រដ្ឋាភិបាល​ដែល​វិលស៊ុង​នឹង​ទំហំ​នៃ​វិនាសកម្ម ទទួលរង​ការទិតៀន​រិះគន់​ដោយ​ហេតុ​យឺតយ៉ាវ​ក្នុង​ការឆ្លើយ​តប​ចំពោះ​វិបត្តិ​មនុស្សធម៌​ដោយ​ទុក​ឲ្យ​កងទ័ព និង​អង្គការ​មនុស្សធម៌​អន្តរជាតិ​ចាត់ចែង​សភាពការណ៍។

ក្តី​ទោមនស្ស​កាន់​តែ​រីក​ធំ​ឡើង​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ចលាចល​ក្នុង​សង្គម ប៉ុន្តែ ស្របតាម​ក្រុម​អ្នក​ធ្វើ​វិភាគ កងទ័ព​កំពុង​ជាប់​ដៃ​ក្នុង​ការប្រយុទ្ធ​ទល់​នឹង​ពួក​តាលីបង់​ប៉ាគីស្តង់ ដើម្បី​ចូល​ជ្រៀតជ្រែក ក្នុង​ជីវិត​នយោបាយ និង​ប៉ុនប៉ង ក្តាប់​យក​អំណាច​វិញ។

អសប បាន​បញ្ជាក់​ប្រាប់​ថា ជំនួយ​មនុស្សធម៌ ពុំ​គ្រប​ដណ្តប់ សេចក្តី​ត្រូវការ​របស់​ពួក​អ្នករងគ្រោះ​បាន​ទេ។ ជន ៦​លាន​នាក់ នៅ​តែ​ពុំ​ទាន់​បាន​ទទួល​ជំនួយ និង​ទឹក​ស្អាត។ ជិត​មួយ​ភាគ​បី​នៃ​ដែនដី​ប៉ាគីស្តង់ ត្រូវ​បាន​លិច​ទឹក គឺ ស្មើ​នឹង​ផ្ទៃ​ដី​នៃ​ប្រទេស​អឺរ៉ូប​មួយ។

លោក​អគ្គលេខាធិការ​អសប Ban Ki-moon ត្រូវ​អញ្ជើញ​ទៅកាន់​ប៉ាគីស្តង់ នៅ​ថ្ងៃ​សៅរ៍ ១៤​សីហា​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អំពី​វិធានការ​ត្រូវ​ចាត់​ជា​បន្ទាន់។

អសប ខ្វល់ខ្វាយ​កាន់តែ​ខ្លាំង​ឡើង​នឹង​រោគ​បណ្តាល​មក​ពី​ការប្រើ​ទឹក​មិន​ស្អាត។ មាន​ករណី​អាសន្នរោគ​មួយ​ត្រូវ​បាន​បញ្ជាក់​អះអាង​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ជ្រលង​ភ្នំ Swat នៅ​ប៉ែក​ខាងជើង​ប្រទេស ហើយ​អង្គការ​មនុស្សធម៌​របស់​អសប លោក Maurizio Giuliano បាន​បញ្ជាក់​ប្រាប់​ថា ជន ៣​ម៉ឺន ៦០០០​នាក់​កើត​រោគ​រាករូស​ខ្លាំង។ “ដោយ​ហេតុ​អាសន្នរោគ គឺជា​ហានិភ័យ​ធំ ជា​រោគ​ប្រកប​ដោយ​គ្រោះថ្នាក់ និង​អាច​នាំ​ឲ្យ​ស្លាប់​ជាជាង​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ម្នា​ទាំង​ឡាយ យើង​បាន​សំរេចចិត្ត​មើល​ព្យាបាល​ទាំង​អស់​គ្នា​ប្រឆាំង​នឹង​អាសន្នរោគ” នេះ​ជា​សំដី​របស់​លោក Giuliano៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ