អានតួអត្ថបទ
ជប៉ុន

ជប៉ុនសុំទោស​កូរ៉េពី​អតីត​អាណានិគមកិច្ច​របស់ខ្លួន​

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​Naoto Kan បានសុំទោសនៅថ្ងៃអង្គារនេះ​ពី​ទោស​កំហុស​របស់​ជប៉ុន​ ដែលបាន​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​កូរ៉េ​នៅ​សម័យ​អាណានិគមកិច្ច​អស់​រយៈពេល​៣៥ឆ្នាំ​របស់​ខ្លួន​នៅ​ដើម​សតវត្សរ៍​ទី២០​ ដែល​បាន​ធ្វើឲ្យ​ប្រជាជន​កូរ៉េ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ 

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​Naoto Kan
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​Naoto Kan ©Reuters / Yuriko Nakao
ផ្សាយពាណិជ្ជកម្ម

05:03

បទវិភាគរបស់​ សៀក សារិន

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​Naoto Kan បាន​សុំទោស​កូរ៉េ​នៅ​ពេល​នេះ​ ចំពោះ​ទង្វើ​ដែល​ជប៉ុន​បាន​ប្រព្រឹត្ត​នៅ​សម័យ​អាណានិគមកិច្ច​អស់​រយៈពេល​៣៥ឆ្នាំ​របស់​ខ្លួន​នៅ​ដើម​សតវត្សរ៍​ទី២០​ ដែល​បាន​ធ្វើឲ្យ​ប្រជាជន​កូរ៉េ​រង​ទុក្ខ​យ៉ាង​សែន​វេទនា​ ក៏​ដោយហេតុ​តែ​នៅខែ​សីហា​នេះ​ធ្លាក់​ចំ​ពេល​ប្រារព្ធ​ខួប​ទី​មួយរយ​ឆ្នាំ​នៃ​សន្ធិ​សញ្ញា​ឧបសម្ព័ន្ធ​យក​ទឹកដី​កូរ៉េ​ភ្ជាប់​មក​ប្រទេស​ជប៉ុន។​ ហើយ​ម្យ៉ាងទៀត​ ដោយហេតុតែ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​Naoto Kan ​ជា​អ្នក​នយោបាយ​មក​ពី​គណបក្ស​កណ្តាល​និយម​លំអៀង​ឆ្វេង​ ម៉្លោះ​ហើយ​លោក​តែង​មាន​ការ​យល់​ដឹង​ច្រើន​ពី​ទុក្ខវេទនា​របស់​ប្រជាជន​ ហើយនិង​ចេះ​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស។

 
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​Naoto Kan​ប្រកាស​ថា​ “​ខ្ញុំ​មាន​វិប្បដិសារី​យ៉ាង​ខ្លាំង​និង​ធ្វើ​ការ​សុំទោស​យ៉ាង​ស្មោះ​ជា​ទីបំផុត​ដល់​ប្រជាជន​កូរ៉េ​ចំពោះ​ទោស​កំហុស​និង​ទុក្ខ​វេទនា​ដែល​ជប៉ុន​បាន​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​កូរ៉េ​នៅ​សម័យ​អាណានិគមកិច្ច​របស់​ខ្លួន។

សន្ធិ​សញ្ញា​ឧបសម្ព័ន្ធ​យក​ទឹកដី​កូរ៉េ​ភ្ជាប់​មក​ប្រទេស​ជប៉ុន​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី​២២​សីហា​ឆ្នាំ១៩១០​ ហើយ​ចាប់មាន​សុពលភាព​នៅថ្ងៃទី​២៩​ខែសីហា​នៅ​ឆ្នាំ១៩១០។

ចំណែកឯ​អាណានិគមកិច្ច​ជប៉ុន​ទៅលើ​កូរ៉េ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៥​​សីហា​ឆ្នាំ១៩៤៥​ ទន្ទឹម​គ្នា​នឹង​ការ​សុំ​ចុះ​ចាញ់​របស់​ប្រទេស​ជប៉ុន​នៅ​ពេល​បិទ​បញ្ចប់​សង្គ្រាម​លោក​លើកទី២។​ ហើយ​ចាប់​តាំងពី​ពេលនោះ​មក​ ឧបទ្វីប​កូរ៉េ​បាន​ត្រូវ​គេ​ពុះចែក​ជា​ពីរ​ ម្ខាង​ប្រទេស​កូរ៉េ​ខាងជើង​ប្រកាន់​យក​របប​កុម្មុយនិស្ត​ ម្ខាងទៀត​ប្រទេស​កូរ៉េ​ខាងត្បូង​ប្រកាន់​យក​របប​មូលធន​សេរីនិយម។

ប្រទេស​ជប៉ុន​បាន​ទទួល​ស្គាល់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំ១៩៦៥​ ដោយ​បាន​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​គោលបំណង​ធ្វើ​ជា​ថ្នូរ​ប្តូរ​នឹង​ការ​ពុំ​ទាមទារ​ឲ្យ​ទីក្រុង​តូក្យូ​សង​ជម្ងឺចិត្ត​កូរ៉េ​ចំពោះ​ទោស​កំហុស​និង​ទុក្ខ​វេទនា​ដែល​ជប៉ុន​បាន​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​កូរ៉េ​នៅ​សម័យ​អាណានិគមកិច្ច​អស់​រយៈពេល​៣៥ឆ្នាំ​នៅ​ដើម​សតវត្សរ៍​ទី២០។​ ក៏​ប៉ុន្តែ​ទីក្រុង​តូក្យូ​គ្មាន​ទំនាក់​ទំនង​ជា​ផ្លូវការ​ឡើយ​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​។

ក្រោយពី​ការប្រកាស​ឲ្យ​ដឹង​ពី​ការ​សុំទោស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​Naoto Kan​នៅ​ថ្ងៃ​អង្គារ​នេះ​រួចមក​ លោក​ Naoto Kan​ក៏​បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​Lee Myung-Bak។​ ក៏​ប៉ុន្តែ​ទីក្រុង​សេអ៊ូល​ទទួល​ការ​សុំទោស​របស់​ប្រទេស​ជប៉ុន​ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទីបំផុត។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាងត្បូង​ថ្លែង​ប្រាប់ថា​ “គេ​សង្ឃឹមថា​ប្រជាជន​ជប៉ុន​ទាំងអស់​មាន​ទស្សនៈ​យល់​ឃើញ​ដូច​លោក​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​”។

គួរកត់​សម្គាល់​ថា​ នៅ​ពេល​កន្លងទៅ​ មាន​អ្នកទទួល​ខុស​ត្រូវ​ជប៉ុន​ជាច្រើន​នាក់​ហើយ​ដែល​បាន​សម្តែង​ឲ្យ​ដឹង​ពី​ការ​សោក​ស្ដាយ​និង​វិប្បដិសារី​របស់​ខ្លួន​ចំពោះ​ទោស​កំហុស​និង​ទុក្ខ​វេទនា​ដែល​ប្រទេស​ជប៉ុន​​បាន​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​អាស៊ី​នៅ​ក្នុង​របប​យោធានិយម​ជប៉ុន​នៅ​ដើម​សតវត្សរ៍​ទី២០។

នៅ​ថ្ងៃទី​១៥​សីហា​ឆ្នាំ១៩៩៥​ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​មក​ពី​បក្ស​សង្គមនិយម​ លោក​Tomiichi Murayama​ធ្លាប់បាន​សម្ដែង​ឲ្យដឹង​ពី​វិប្បដិសារី​របស់​ខ្លួន​និង​សុំទោស​ដល់​ប្រជាជន​អាស៊ី​ទាំងអស់​ដែល​បាន​រង​គ្រោះ​នឹង​ទង្វើ​យង់ឃ្នង​របស់​ជប៉ុន​នៅ​ក្នុង​របប​យោធានិយម​ជប៉ុន​នៅ​ដើម​សតវត្សរ៍​ទី២០។

ក៏​ប៉ុន្តែ​ទោះជា​មាន​ការ​សុំទោស​ជា​ផ្លូវការ​យ៉ាងណា​ក៏​ដោយ​ ក៏​គេ​នៅតែ​ពុំ​ភ្លេច​ពី​អ្នក​ដឹកនាំ​ជប៉ុន​ខ្លះ​ដែលមក​បក្ស​អភិរក្សនិយម​នៅ​តែ​បន្ត​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ទោស​កំហុស​របស់​ខ្លួន​ ហើយ​នៅតែ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​យោធា​ជប៉ុន​ស្លាប់​ដើម្បី​ប្រទេស​ជប៉ុន​នៅ​សម័យ​សង្គ្រាម​លោក​លើកទីពីរ​នៅ​វិហារ​Yasukuni​នៅ​ទីក្រុង​តូក្យូ។​ នៅ​ក្នុង​ចំណោម​យោធា​ជប៉ុន​ស្លាប់​ទាំងនោះ​មាន​១៤នាក់​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ដែល​បាន​ទទួល​ទោស​ប្រហារ​ជីវិត​ពី​បក្ស​សម្ព័ន្ធ​ដែល​បាន​ឈ្នះ​សង្គ្រាម​លោក​លើក​ទីពីរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ