អានតួអត្ថបទ
កូរ៉េ

ក្រុង​ព្យុងយ៉ាង​គំរាម​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ

ប្រឈម​មុខ​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា អាមេរិក-កូរ៉េខាង​ត្បូង​ នៅ​ក្នុង​សមុទ្ទ​ជប៉ុន​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ទី ២៥​ កក្កដា ២០១០ កូរ៉េ​ខាង​ជើង​បាន​ប្រកាស​​ធ្វើ​ "សង្គ្រាម​សង​សឹក"​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង ដោយ​​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដ៏​មាន​ថាមពល​របស់​ខ្លួន។ប៉ុន្តែ​ពាក្យ​គំរាម​កំហែង​ទាំង​នេះ មិន​បាន​ធ្វើ​ឲ្យ​បណ្តា​ជន​កូរ៉េ​ខាង​ត្បូង​ភ្ញាក់​ផ្អើល​អ្វី​សោះ​ឡើយ។

នាវា​ចុះ​ចត​យន្ត​ហោះ​ចម្បាំង​អាមេរិក​ដែលទើប​មក​ដល់​កំពង់​ផៃ​កូរ៉េ​ខាង​ត្បូង​ Pusan ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ
នាវា​ចុះ​ចត​យន្ត​ហោះ​ចម្បាំង​អាមេរិក​ដែលទើប​មក​ដល់​កំពង់​ផៃ​កូរ៉េ​ខាង​ត្បូង​ Pusan ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ © reuters
ផ្សាយពាណិជ្ជកម្ម
01:44

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

សមយុទ្ធ​អាមេរិក-កូរ៉េ​ខាង​ត្បូង​ក្នុង​​សមុទ្រ​ជប៉ុន នៅ​ថ្ងៃស្អែក​ បាន​ធ្វើ​ឲ្យ​ក្រុងព្យុងយ៉ាង​​ឆេះ​រោល​ដោយ​កំហឹង​យ៉ាង​សន្ធោសន្ធៅ ! អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​មាន​​​ទម្លាប់​​ធ្វើ​សមយុទ្ធ​​រួម​គ្នា តាំង​ពី​​៣០​ឆ្នាំ​មក​ហើយ ហើយ​ដូច​ជា​សព្វ​មួយ​ដង នៅ​រាល់​ពេល​មុន​ចាប់​ផ្តើម​​​ កូរ៉េ​ខាង​ជើង​តែង​​ដំឡើង​សំឡេង​ប្រកាស​សង្គ្រាម​។

ម្សិលមិញ ក្រុងព្យុងយ៉ាង​សន្យា​នឹង​មាន​ឈាម និង​សាកសព ប្រសិន​​នរណា​ហ៊ាន​ឈ្លាន​ពាន​ចូល​ក្នុង​​ទឹក​ដី​របស់​ខ្លួន។ ហើយ​នៅ​ថ្ងៃ​នេះ គណៈកម្មការ​ការពារជាតិ ដែល​ជា​ស្ថាប័ន​កំពូល​​របស់​​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ បាន​អះអាង​ថាត្រៀម​ជា​សេ្រច​នឹង​បញ្ឆេះ​ “សង្គ្រាម​ សងសឹក​ដ៏​ធំ​” ដោយប្រើ​​អាវុធ​នុយក្លេអ៊ែរ​ដ៏​មាន​ថាមពល​របស់​ខ្លួន ប្រឆាំង​នឹង​អ្វី​ដែល​កូរ៉េ​ខាង​ជើង​ហៅថា “ចក្រពត្តិអាមេរិក និងអាយ៉ង​កូរ៉េ​ខាង​ត្បូង”។

លំហាត់​យោធា​ នៅ​ថ្ងៃ​ស្អែក ដែល​មាន​ទំហំ​ធំ​បំផុត​ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សមយុទ្ធ​កូរ៉េ​ខាង​ត្បូង-​អាមេរិក ត្រូវ​បាន​របប​ស្តាលីន ចាត់​ទុក​ថា​អំពើ​បង្ក​ហេតុ រក​រឿង​ចង់​បិទ​ខ្ទប់​កូរ៉េ​ខាង​ជើង​តាម​រយៈ​កម្លាំង​យោធា។

នៅ​កូរ៉េ​ខាង​ត្បូង ការ​គំរាម​កំហែង​ ​របស់​ក្រុង​ព្យុងយ៉ាង​នេះ បាន​ក្លាយ​ទៅ​ជា​ពាក្យ​​​ដដែល​ ឡើង​ជ្រេញ​ត្រចៀក​​ និង​ស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ ដូច្នេះ​ពេល​នេះ​ក្រុង​សេអូល​ ទទួល​ដឹង​ឮ​​កំហឹង​របស់​កូរ៉េ​ខាង​ជើង​ជា​បងប្អូន​បង្កើត​គូ​សត្រូវ​ ដោយ​ស្ងប់​ស្ងាត់​បំផុត និង​គ្មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ។

កាលពី​១៥​ឆ្នាំ​មុន បណ្តា​ជន​កូរ៉េ​ខាង​ត្បូង​ជ្រួល​ច្របល់​ រត់​ជាន់​គ្នា​ទៅ​រក​ទិញ​​ទឹក ទិញ​អង្ករ និង​ស្បៀង​អាហារ​ ស្តុក​ទុក ព្រោះ​កូរ៉េ​ខាង​ជើង​​បាន​គំរាម​ កម្ទេច​​ក្រុង​សេអូល​​ឲ្យ​ខ្ទេចខ្ទី​ក្រោម​អណ្តាត​ភ្លើង ក៏​ប៉ុន្តែ​លើក​នេះ​ នៅ​តាម​ទីផ្សារ ក្នុង​ក្រុង​ ក៏​ដូច​នៅ​តាម​ព្រំ​ដែន​ជាប់​ជាមួយ​នឹង​កូរ៉េខាង​ជើង​ គេ​ពុំ​សង្កេត​ឃើញ​មាន​សកម្មភាព​អ្វី​ប្លែក​ខុស​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ