អានតួអត្ថបទ
សេដច្ឋកិច្ច

កំណើន​សេដ្ឋកិច្ច​ចិន​ស្គាល់​ការថយ​ចុះ​នៅត្រីមាស​ទី២​ឆ្នាំ២០១០​

សេដ្ឋកិច្ច​ចិន​ដែល​ជា​សេដ្ឋកិច្ច​ ជាប់​ចំណាត់​ថ្នាក់​ទីបី​ក្នុង​លោក​បាន​ស្គាល់​ការ​ថយ​ស្រុត​ចុះ​នៅ​ត្រីមាស ​ទី២​ឆ្នាំ២០១០​ នេះ​ជា​សេចក្តី​ប្រកាស​ឲ្យ​ដឹង​ដោយ​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៥ ​កក្កដា​ឆ្នាំ២០១០។​ រីឯ​វិធានការ​របស់​រដ្ឋាភិបាល​សម្រាប់​ទប់​ទល់​នឹង​ការ​ឡើង​កំដៅ​ខ្លាំង​នៃ​ ម៉ាស៊ីន​សេដ្ឋកិច្ច​ក៏​ហាក់​ដូច​ជា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ 

ទីក្រុង ​សៀង​ហៃ​ បេះដូង​នៃ​សេដ្ឋកិច្ចចិន
ទីក្រុង ​សៀង​ហៃ​ បេះដូង​នៃ​សេដ្ឋកិច្ចចិន ©Mat Booth/ Creative Commons (by-nc)
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តីរាយការណ៍​របស់​ សៀក​ សារិន

កំណើន​ផលិតផល​ដុល​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​ប្រមាណ​១០,៣%​ពី​ខែមេសា​ដល់​ខែ​មិថុនា​ឆ្នាំ២០១០​ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ដោយ​ការិយាល័យ​ជាតិ​ខាង​ស្ថិតិ។

ទោះបី​ជា​តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​នៃ​បី​ត្រីមាស​បន្ត​បន្ទាប់​គ្នា​មាន​ដល់​ទៅ​ពីរ​ខ្ទង់​ក្តី​ ក៏​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​ទី២​ឆ្នាំ២០១០​ដែល​អាច​ស្ទុះ​ដល់​១០,៣%​ នៅ​តែ​មាន​លក្ខណៈ​តិច​ទាប​ជាង​ត្រីមាស​មុនៗ​ បើ​ប្រៀប​ផ្ទឹម​ទៅនឹង​ត្រីមាស​ទី១​ឆ្នាំ២០១០​ដែល​មាន​១១,៩%​ ហើយ​និង​១០,៧%​សម្រាប់​ត្រីមាស​ទី៤​ឆ្នាំ២០០៩។​ ទាំងនេះ​ក្រោយ​ពី​ទីក្រុង​ប៉េកាំង​បាន​ចាត់​វិធានការ​ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​កំដៅ​ខ្លាំង​នៃ​ម៉ាស៊ីន​សេដ្ឋកិច្ច។

ទោះ​ជា​យ៉ាង​ណា​ក្តី​ រដ្ឋាភិបាល​ចិន​នៅ​តែ​បន្ត​អនុវត្ត​នយោបាយ​ម៉ាក្រូ-សេដ្ឋកិច្ច​របស់​ខ្លួន។​ ជាសរុប​ ស្ថានភាព​សេដ្ឋកិច្ច​ចិន​មាន​លក្ខណៈ​ល្អ​ប្រសើរ។​ ទោះ​ជា​បញ្ហា​មួយ​ចំនួន​បាន​កើតមាន​ខ្លះៗ​នៅ​ខណៈ​ដែល​ដំណើរ​សេដ្ឋកិច្ច​ចាប់​មាន​សន្ទុះ​កើន​ឡើង​ក៏​ដោយ។

គួរកត់​សម្គាល់​ថា​ ប្រទេស​ចិន​ដែល​បាន​គេច​ចៀស​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ក៏​ដោយសារ​តែ​ទីក្រុង​ប៉េកាំង​មាន​”ផែនការ​ជម្រុញ​ឲ្យ​មាន​​សន្ទុះ​កំ​ណើន​​​សេដ្ឋកិច្ច​”​ដែល​មាន​ចំនួន​ទឹក​ប្រាក់​ដល់​ទៅ​៤០០ម៉ឺនលាន​យ័ន​ឬ​ត្រូវជា​ជាង​៤៦០​ពាន់លាន​អឺរ៉ូ​សម្រាប់​រយៈកាល​ពីរឆ្នាំ។​ ហើយ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ដោយ​ធនាគារ​ដែល​បាន​​ទ្វេ​មួយ​ជា​ពីរ​ ពោល​គឺ​មាន​ដល់​ទៅ​៩៦០​ម៉ឺន​លាន​យ័ន​នៅ​ឆ្នាំ២០០៩។

ចំណែកឯ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​វិញ​ វិធានការ​របស់​រដ្ឋាភិបាល​ចិន​ហាក់​ដូច​ជា​ទទួល​បាន​ផ្លែផ្កា​ល្អ​ប្រសើរ។​ ដោយ​នៅ​ខែមិថុនា​កន្លង​ទៅ​ គេកត់​សម្គាល់​ឃើញ​អត្រា​នៃ​អតិផរណា​បាន​កើន​ឡើង​តែ​២,៩%​ក្នុង​មួយឆ្នាំ​ ទល់នឹង​៣,១%​សម្រាប់​ខែមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ