អានតួអត្ថបទ
ថៃ

បក្សប្រជាធិបតេយ្យ​នៅប្រទេសថៃ​ប្រហែលជា​អាចនឹង​ត្រូវរំលាយ​

នៅ​ប្រទេស​ថៃ​ សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីត​វ៉េចាជីវ៉ា​ស្គាល់​ភាព​ឃ្លេង​ឃ្លោង។​ ព្រះរាជ​អាជ្ញា​ថៃ​ទើប​នឹង​ទាមទារ​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​​ទី១៣​​កក្កដា​​ឆ្នាំ២០១០​​ឲ្យ​​រំលាយ​​គណបក្ស​​ប្រជា​ធិបតេយ្យ។​ពួក​អាវ​ក្រហម​ដែល​ជា​ក្រុមបាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោកអភិស៊ីត​តែង​ស្រែក​ប្រកាស​ឲ្យដឹងថា​ មាន​តុលាការ​អយុត្តិធម៌​នៅប្រទេសថៃ។​

លោក​នាយក​រដ្ឋមន្រ្តី​​​អភិស៊ីត​​វ៉េចាជីវ៉ា​​​​នៅ​ថ្ងៃទី​៨កក្កដា​​​ឆ្នាំ២០១០​​​នៅតុលាការនៃ​ទីក្រុង​បាងកក
លោក​នាយក​រដ្ឋមន្រ្តី​​​អភិស៊ីត​​វ៉េចាជីវ៉ា​​​​នៅ​ថ្ងៃទី​៨កក្កដា​​​ឆ្នាំ២០១០​​​នៅតុលាការនៃ​ទីក្រុង​បាងកក ©Reuters/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

03:41

បទវិភាគ​របស់​ សៀក​ សារិន

ព្រះរាជ​អាជ្ញា​ថៃ​ទើប​​នឹង​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​ប្រជាធិបតេយ្យ​ មក​ពី​តុលាការ​ថៃ​រកឃើញ​ថា​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​នាយក​រដ្ឋមន្រ្តី​អភិស៊ីត​វ៉េចាជីវ៉ា​បាន​ទទួល​ហិរញ្ញប្បទាន​ខុស​ច្បាប់​ ហើយ​ការ​រំលាយ​គណបក្ស​ប្រជាធិបតេយ្យ​នេះ​ក៏​បាន​ត្រូវ​ទាមទារ​ជា​យូរ​មក​ហើយ​ដោយ​ពួក​អាវ​ក្រហម។​ ពួក​អាវ​ក្រហម​ដែល​ជា​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​អភិស៊ីត​តែង​ស្រែក​ប្រកាស​ឲ្យ​ដឹង​ថា​ មាន​តុលាការ​អយុត្តិធម៌​នៅ​ប្រទេស​ថៃ។

 
បញ្ហា​ហិរញ្ញប្បទាន​ខុស​ច្បាប់​អាច​បណ្តាល​ឲ្យ​គណបក្ស​ប្រជា​ធិប​តេយ្យ​​ដែល​ជា​គណបក្ស​នយោបាយ​ចាស់​ជាងគេ​នៅ​ប្រទេស​ថៃ​ឈាន​ទៅរក​ការ​បិទ​បញ្ចប់​ជីវិត​របស់​ខ្លូន។​ បញ្ហា​ហិរញ្ញប្បទាន​ខុស​ច្បាប់​នេះ​បាន​កើត​មាន​នៅ​ឆ្នាំ២០០៥​ ដែល​កាលណោះ​ បក្ស​ប្រជាធិបតេយ្យ​បាន​ត្រូវ​គេ​ចោទ​ថា​ បាន​ទទួល​ប្រាក់​ហិរញ្ញប្បទាន​ប្រមាណ​២៥៨​លាន​បាទ​(​ត្រូវជា​ជិត​៦​លាន​អឺរ៉ូ​)​ពី​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ផលិត​ស៊ីម៉ង់តិ៍​ ដែល​​​ជា​បរិមាណ​ច្រើន​លើសលុប​ហួស​ពី​ការ​អនុញ្ញាត​ដោយ​ច្បាប់​ថៃ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​គណបក្ស​នយោបាយ។

អនុលោម​តាម​អនុសាសន៍​របស់​គណៈកម្មការ​បោះឆ្នោត​ ព្រះរាជ​អាជ្ញា​ថៃ​បាន​ទាមទារ​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ទី១៣​កក្កដា​ឆ្នាំ២០១០​ឲ្យ​រំលាយ​គណបក្ស​ប្រជាធិបតេយ្យ។​ ព្រះរាជ​អាជ្ញា​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ធម្មនុញ្ញ​ដែល​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​ចុងក្រោយ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។

នៅ​ពេលនេះ​អ្វីៗ​ក៏​នៅ​ពុំ​ទាន់​សម្រេច​រួចរាល់​នៅ​ឡើយ​ ក៏​ប៉ុន្តែ​បើ​ប្រ​សិន​ជា​គណបក្ស​ប្រជាធិបតេយ្យ​បាន​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​មែន​នោះ​ សមាជិក​ប្រមាណ​៤០នាក់​នៃ​បក្ស​ប្រជា​ធិប​តេយ្យ​​ដែល​បាន​កាន់​កាប់​តំណែង​នៅ​រវាង​ឆ្នាំ​២០០៤​និង​ឆ្នាំ​២០០៥​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ជីវិត​នយោបាយ​ថៃ​សម្រាប់​រយៈកាល​៥ឆ្នាំ​ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ឈ្មោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​អភិស៊ីត​វ៉េចាជីវ៉ា​ផងដែរ។

អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​គឺ​ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​អភិស៊ីត​វ៉េចាជីវ៉ា​ដែល​បាន​ឡើង​មក​កាន់​អំណាច​នៅ​ចុង​ឆ្នាំ​២០០៨​ ក៏​ដោយ​សារ​តែ​មាន​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​ថៃ​ ក្រោយពី​មាន​ការ​រំលាយ​គណបក្ស​ដែលជា​សម្ពន្ធមិត្ត​របស់​លោក​ថាក់​ស៊ីន។​ ដូច្នេះ​ហើយ​បាន​ជា​ពួក​បាតុករ​អាវ​ក្រហម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​អភិស៊ីត​បាន​នាំគ្នា​ធ្វើការ​ទាមទារ​ឲ្យ​តុលាការ​ថៃ​ធ្វើ​ការ​វិនិច្ឆ័យ​ទៅលើ​គណបក្ស​ប្រជាធិបតេយ្យ​ដូចគ្នា​ដែល​ខ្លួន​បាន​កាត់ក្តី​ឲ្យ​រំលាយ​គណបក្ស​ដែលជា​សម្ពន្ធមិត្ត​របស់​លោក​ថាក់​ស៊ីន។

ក៏​ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រុង​ប្រៀប​រៀបចំ​ឲ្យ​មាន​ជា​ស្រេច​នូវ​គណបក្ស​នយោបាយ​ថ្មី​មួយ​សម្រាប់​ចូល​រួម​ធ្វើ​ការ​បោះឆ្នោត​ដែល​គ្រោង​រៀបធ្វើ​នៅ​ឆ្នាំ​ក្រោយ​ នៅ​ករណី​ដែល​តុលាការ​ថៃ​សម្រេច​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រំលាយ​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ