អានតួអត្ថបទ
ភូមា

ការ​ចោទ​ប្រកាន់​ថ្មី​ប្រឆាំង​នឹង​សកម្មភាព​ក្រុមហ៊ុន​តូតាល់​នៅ​ភូមា

អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិកមួយ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ភូមា EarthRight International បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ប្រេង​ចំនួន​បួន​ ដែល​រក​ស៊ីផលិត​ឧស្ម័ន​​​នៅ​ក្នុង​ប្រទេស​ភូមា ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​បារាំង​ តូតាល់ និង​ក្រុម​ហ៊ុន​អាមេរិក Chevron ថា ​បានជួយ​របប​សឹក​ភូមា​ឲ្យ​សម្រេច​មហិច្ឆតា​​នុយក្លេអ៊ែរ តាម​រយៈ​ប្រាក់​ចំណូល​នៃ​ឧស្ម័ន​ធម្មជាតិ។ ក្រុម​ហ៊ុន​ទាំង​នោះ​សុទ្ធ​សឹង​តែ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ រំលោភ​សិទ្ធិមនុស្ស​ និង​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ។

ក្រុមហ៊ុន​តូតាល់ មាន​វត្តមាន​នៅ​ប្រទេស​ភូមា ក្នុងតំបន់​យ៉ាដាណា តាំង​ពី​ឆ្នាំ​១៩៩២
ក្រុមហ៊ុន​តូតាល់ មាន​វត្តមាន​នៅ​ប្រទេស​ភូមា ក្នុងតំបន់​យ៉ាដាណា តាំង​ពី​ឆ្នាំ​១៩៩២ © AFP
ផ្សាយពាណិជ្ជកម្ម

02:17

សេចក្តីរាយការណ៍ របស់ អៀង សុខម៉ិញ

អៀង សុខម៉ិញ

រំលោភ​សិទ្ធិមនុស្ស ធ្វើការ​ដោយ​បង្ខំ ដៅ​កម្ចាត់​អ្នកភូមិ ជួយ​ឧបត្តម្ភ​ហិរញ្ញវត្ថុ​ដល់​របប​សឹក និង​ជួយ​ជំរុញ​ឲ្យ​មាន​មហិច្ឆតា​នុយក្លេអ៊ែរ ទាំង​នេះ​សុទ្ធ​សឹង​ជា​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សិទ្ធិមនុស្ស​អាមេរិក EarthRight International នៅ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​របស់​ខ្លួន បន្ទាប់​ពី​បាន​​​សិក្សា​ស្រាវ​ជ្រាវ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក។

ពី​ឆ្នាំ​ ១៩៩៨ ដល់ឆ្នាំ ២០០៩ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ផលិត​ឧស្ម័ន នៅ​មជ្ឈមណ្ឌល “យ៉ាដាណា” ភាគ​ខាង​ត្បូង​ប្រទេស​ភូមា មាន​តម្លែ​ប្រមាណ​ជាង​៩ពាន់​លាន​ដុល្លារ។ ភាគ​ផល​ជាង​ពាក់​កណ្តាល​នៃ​ប្រាក់​ចំណូល​នេះ (៤៥០០លាន) ត្រូវ​បាន​ទៅ​​​របប​សឹក តាម​ទ្រង់ទ្រាយ​ពីរយ៉ាង ៖ ម្យ៉ាង​​ជា​ថាមពល​ហ្កាស​សម្រាប់​បម្រើការ​ក្នុង​ស្រុក ដែល​មានតម្លែ​ជា​ទឹក​ប្រាក់ ៩១៥​លាន​ដុល្លារ​អាមេរិក និង​ ៣៦៨៤​លាន​ ជា​លុយ​សុទ្ធ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​របប​ផ្តាច់​ការ​ភូមា​​អាច​​បន្ត​​សាប​ព្រោះ​អំពើ​ ផ្តាច់ការ រំលោភ​សិទ្ធិមនុស្ស និង​ចំណាយ​ទៅ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ខុស​ច្បាប់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ EarthRight International ដដែល។

“យ៉ាដាណា” ជា​​អណ្តូង​ឧស្ម័ន និង​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល​របស់​ភូមា​ ដែល​មាន​ក្រុម​ហ៊ុន​ចំនួន​បួន​កំពុង​កាន់​កាប់​ គឺ​ក្រុមហ៊ុន​ប្រេង​តូតាល់​បារាំង ៣១% ក្រុម​ហ៊ុន​Chevron អាមេរិក២៨% ក្រុមហ៊ុន​ប្រេង PTTEP​ថៃ ២៥% និង​ក្រុមហ៊ុន​ភូមា MOGE ១៥%។

ប្រឈម​នឹង​ចេតនា​ចង់​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ អាវុធ​បរមាណូ​ និង​ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​របស់​របប​សឹក​ភូមា អង្គការ​ EarthRight International ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​នឹង​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ធនធាន​ហ្កាសនេះ ព្រោះ​វា​អាច​ជា​មធ្យោបាយ​សំខាន់​មួយ​ក្នុង​ការ​ដាក់​គំនាប​លើ​របប​យោធា​ភូមា។

អង្គការ​ក៏​​បាន​ចោទ​ប្រកាន់​ជា​ថ្មី​ក្រុម​ហ៊ុន​បារាំង​និង​អាមេរិក ថា​កំពុង​តែ​បង្ក​​គ្រោះ​ថ្នាក់​ តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​​ដោយ​បង្ខំ និង​កំពុង​តែ​ប្រឈម​នឹង​បទ​ឧក្រិដ្ឋ​ព្រហ្ម​ទណ្ឌ​មួយ​ចំនួន​ទៀត។ ក្នុង​ន័យ​នេះ​អង្គការ​មិន​ប្រាថ្នា​ឲ្យ​ក្រុមហ៊ុន​បរទេស​ទាំង​បីដក​ខ្លួន​ថយ​ចេញ​ពី​ប្រទេស​ភូមា​ទេ តែ​ទាម​ទារ​រក​​យុត្តិធម៌ដល់​អ្នក​ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ និង​សូមឲ្យ​ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិបាន​ចែក​ចាយ​ដល់​បណ្តាជន​ភូមា​ផង​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ