អានតួអត្ថបទ
ចិន

ទីក្រុងប៉េកាំង​បន្ទន់នយោយបាយ​រូបិយវត្ថុ​របស់ខ្លួន​

នៅ​ពេល​​ដែល​ជំនួប​​កំពូល​​នៃ​ក្រុម​​ប្រទេសG20​​ខិត​ជិត​មក​ដល់​​អ្នកដឹកនាំ​​នៃ​​ប្រទេស​ចិន​​ឯណោះ​​បានប្រកាស​ឲ្យដឹង​ថានឹង​មានការ​បន្ធូរ​សម្រួល​ក្នុ​ង​ទំនាក់​ទំនង​​រវាង​​ប្រាក់យ័ន​​ចិន​​និង​​ប្រាក់​​ដុល្លារ​​អាមេរិក។​​ បញ្ហា​​ទំនាក់​ទំនង​​ រវាង​​ប្រាក់យ័ន​​ចិន​​និង​​ប្រាក់​​ដុល្លារ​​អាមេរិក​​នេះ​​ហើយ​​ដែល​​ជា​​ប្រធានបទ​​ មួយ​​ដ៏​​សំខាន់​​នៅ​ក្នុង​​ជំនួប​​កំពូល​​នៃ​​ក្រុម​​ប្រទេស​​G20​​នៅ​​ប្រទេស​​កាណាដា​​ នៅ​​ចុង​​សប្តាហ៍​នេះ។​

១ដុល្លារ​អាមេរិក​ប្តូរ​បា​ន៦,៧៨៩៦យ័ន​ទល់​នឹង​៦,៨១០០យ័ន​កាល​ពី​ពេល​មុន​
១ដុល្លារ​អាមេរិក​ប្តូរ​បា​ន៦,៧៨៩៦យ័ន​ទល់​នឹង​៦,៨១០០យ័ន​កាល​ពី​ពេល​មុន​ © Reuters
ផ្សាយពាណិជ្ជកម្ម

03:59

បទវិភាគរបស់​ សៀក​ សារិន

នៅ​ថ្ងៃសុក្រ​នេះ​ធនាគារ​កណ្តាល​ចិន​បាន​កំណត់​អត្រា​នៃ​ការ​ប្តូរ​ប្រាក់​យ័ន​ចិន​ទល់​​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ នៅ​ក្នុង​កម្រិត​មួយ​ដ៏​សែន​ខ្ពស់​ពុំ​ដែល​មាន​ ពោលគឺ​១ដុល្លារ​អាមេរិក​ប្តូរ​បា​ន៦,៧៨៩៦យ័ន​ទល់​នឹង​៦,៨១០០យ័ន​កាល​ពី​ពេល​មុន​ បាន​សេចក្តី​ថា​ប្រាក់​យ័ន​ចិន​បាន​ឡើង​ថ្លៃ​ប្រមាណ​០,៣%​នៅ​ចំពោះមុខ​ប្រាក់​ដុល្លារ​អាមេរិក។​ ទាំងនេះ​ក៏​ដោយ​​សារ​តែ​មាន​សម្ពាធ​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​នៅ​ពេល​មុន​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​G20។

 
គួរកត់​សម្គាល់​ថា​ កំណត់​អត្រា​នៃ​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នេះ​ ជា​កម្រិត​មួយ​ដ៏​សែន​ខ្ពស់​ពុំ​ដែល​មាន​ចាប់​តាំង​ពី​មាន​កំណែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​នៃ​អត្រា​ប្តូរ​រូបិយប័ណ្ណ​ចិន​នៅ​ខែ​កក្កដា​ឆ្នាំ២០០៥​មក។

សម្រាប់​អ្នក​ឯកទេស​ខ្លះ​ សេចក្តី​ប្រកាស​របស់​ធនាគារ​កណ្តាល​ចិន​ក្នុង​ការ​កំណត់​អត្រា​នៃ​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ពេល​នេះ​គឺ​ធ្វើឡើង​សម្រាប់​តែ​លួងលោម​បំភ័ន្ត​ភ្នែក​សមាជិក​នៃ​ក្រុម​ប្រទេស​G20​តែ​ប៉ុណ្ណោះ។​ អ្នក​ខ្លះ​ទៀត​យល់ថា​ សេចក្តី​ប្រកាស​របស់​ធនាគារ​កណ្តាល​ចិន​នៅ​ពេល​ថ្មីៗ​នេះ​គឺ​ជា​ជំហាន​មួយ​ឈាន​ទៅ​រក​ការ​បោះបង់​ចោល​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​រវាង​ប្រាក់យ័ន​ចិន​ជាមួយ​នឹង​ប្រាក់​ដុល្លារ​អាមេរិក។

អ្នក​ដឹកនាំ​ចិន​ក៏​ពុំ​លាក់​បាំង​ដែរថា​ សេចក្តី​ប្រកាស​របស់​ធនាគារ​កណ្តាល​ចិន​ក្នុង​ការ​កំណត់​អត្រា​នៃ​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ គឺ​ធ្វើឡើង​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ប្រទេស​ចិន​ឋិត​នៅ​ក្រោម​​ការ​ស្ដី​បន្ទោស​របស់​សមាជិក​នៃ​ក្រុម​ប្រទេស​G20​នាឱកាស​ជំនួប​កំពូល​នៅ​ទីក្រុង​តូរ៉ុងតូ​នៃ​ប្រទេស​កាណាដា។

គួរកត់​សម្គាល់​ថា​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ផ្ញើ​លិខិត​ទៅជូន​សមាជិក​នៃ​ក្រុម​ប្រទេស​G20​ទាំងអស់​ ដោយ​គូស​បញ្ជាក់​ឲ្យ​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​កែ​អត្រា​នៃ​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក។​ ទោះ​បី​ជា​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ប្រាប់​ជា​មុន​ថា​ ប្រទេស​ចិន​នឹង​ពុំ​យល់​ព្រម​ឲ្យ​គេ​យក​បញ្ហា​ប្រាក់យ័ន​មក​ពិភាក្សា​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​តូរ៉ុងតូ​ក៏ដោយ។​ ពី​ព្រោះ​វា​ជា​បញ្ហា​អធិតេយ្យ​របស់​ប្រទេស​ចិន។

រីឯ​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​ ពួក​គេ​បាន​ស្វាគមន៍​ទទួល​យក​សេចក្តី​ប្រកាស​របស់​ធនាគារ​កណ្តាល​ចិន​ក្នុង​ការ​កំណត់​ថ្មី​នៃ​អត្រា​នៃ​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក។​ ដោយ​ពួក​គេ​យល់ថា​ នេះ​ពិត​ជា​”​វិធានការ​ដ៏​វិជ្ជមាន​”​។

ចំណែក​ឯ​លោក​Dominique Strauss-Kahn អគ្គ​នាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​យល់​ថា​ នេះ​ពិត​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ប្រជាជន​ចិន​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​មាន​សន្ទុះ​កើន​ទៅ​មុខ​​ ដោយ​ហេតុ​តែ​អំណាច​ទិញ​ឬ​Le Pouvoir d’Achat ​បាន​កើនឡើង​ខ្ពស់​ ដោយ​សារតែ​ប្រាក់​យ័ន​ចិន​កើន​ឡើង​ថ្លៃ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក​និង​រូបិយប័ណ្ណ​បរទេស​ដទៃ​ទៀត។

លោក​Timothy Geithner រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​វិញ​ បាន​រំលឹក​បញ្ជាក់​ថា​ អ្វី​ដែល​មាន​សារៈសំខាន់​គឺ​គេ​ចង់​ដឹង​ថា​ តើ​ការប្តូរ​ប្រែ​អត្រា​នៃ​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​អាច​មាន​ដល់​កម្រិត​ណា?​ ហើយ​តើ​ការ​ប្តូរ​ប្រែ​អត្រា​នេះ​មាន​ចង្វាក់​និង​មាន​ល្បឿន​ត្រឹម​ណា​ដែរ?​

ទាំងនេះ​ ក៏​ដោយ​ហេតុ​តែ​អ្នកដឹកនាំ​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ គេ​នឹង​ធ្វើ​ការ​ប្តូរ​​ប្រែ​អត្រា​នៃ​ការ​ប្តូរ​ប្រាក់យ័ន​ចិន​ទល់​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ដោយ​សន្សឹមៗ​ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការនាំ​ទំនិញ​ចិន​ចេញ​ទៅលក់​ក្រៅ​ប្រទេស​ ដោយ​ត្រូវ​ខិតខំ​រក្សា​ឲ្យ​មាន​ស្ថិរភាព​និង​តុល្យភាព។

សូមគូស​បញ្ជាក់​ថា​ ចាប់​ពី​ឆ្នាំ២០០៥​មក​ទល់​ឆ្នាំ២០០៨​ ប្រាក់​យ័នចិន​បាន​កើនឡើង​ប្រមាណ​២១%​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក។​ ក៏​ប៉ុន្តែ​ការ​ឡើង​ថ្លៃ​ខ្លាំង​នៃ​ប្រាក់យ័ន​ចិន​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក​អាច​នឹង​កើត​មាន​ទៀត​នៅ​ពេល​អនាគត​ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ