អានតួអត្ថបទ
អ.ស.ប-ឧបទ្វីបកូរ៉េ

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពាវនាវ​កូរ៉េ​ទំាង​ពីរ​ឲ្យ​បិទ​បញ្ចប់​កាយវិការ​នំា​ឲ្យ​ផ្ទុះ​សង្រ្គាម

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១៤​ មិថុនា ឆ្នំា ២០១០ កូរ៉េខាងត្បូង និង​​កូរ៉េខាងជើង​​បាន​លើក​យក​ភស្តុតាង​ជា​ច្រើន​ទៅ​បង្ហាញ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ស្តីពី​ព្រឹត្តិការណ៍​លិច​នាវា​ចម្បំាង​​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ទី ២៦ មីនា​កន្លង​ទៅ ដែល​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ទាហាន​កូរ៉េខាងត្បូង​ចំនួន ៤៦នាក់។ ដូច​ដែល​បាន​ព្រាងទុក ទីក្រុង​សេអ៊ូ​បាន​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ពី​ការ​ទទួល​ខុស​ ត្រូវ​របស់​ទីក្រុង​ព្យុងយ៉ាង។ តែ​ទីក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​យ៉ាង​ដាច់​ណាត់។ អ្វី​ជា​ការ​កត់​សម្គាល់ ទឡ្ហីករណ៍​របស់​កូរ៉េខាងត្បូង​ហាក់​ដូច​ជា​ច្បាស់​ជាង​ទឡ្ហីករណ៍​ដែល​លើក​ ឡើង​ដោយ​កូរ៉េខាងជើង។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​ទាន់​បាន​សម្រេច​អ្វី​ទេ តែ​បាន​អំពាវនាវ​កូរ៉េ​ទំាង​ពីរ​ឲ្យ ​បិទ​បញ្ចប់​កាយវិការ​នំា​ឲ្យ​​ផ្ទុះ​សង្រ្គាម​ជា​ថ្មី​​រវាង​គ្នា។

ទាហាន​កូរ៉េខាងត្បួង​កំពុង​ស្រង់​នាវាចំបំាង​ខ្លួន ពី​ក្នុងទឹកសមុទ្រ កាលពី​ថ្ងៃទី ១៥ មេសា ២០១០
ទាហាន​កូរ៉េខាងត្បួង​កំពុង​ស្រង់​នាវាចំបំាង​ខ្លួន ពី​ក្នុងទឹកសមុទ្រ កាលពី​ថ្ងៃទី ១៥ មេសា ២០១០ ©REUTERS/Seo Jae-hun
ផ្សាយពាណិជ្ជកម្ម

01:37

សេចក្តី​រាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

បើយោងតាម​ក្រុម​អ្នក​ការទូត ការ​ជជែក​ត​ទល់​គ្នា​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​នៅ​ចំពោះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​មាន​ប្រៀប​ជាង​កូរ៉េខាងជើង។ មាន​ប្រៀប​ជាង​នៅ​ត្រង់​ថា គ្រប់​ភស្តុតាង​ជា​ខ្សែអាត់​វីដេអូ​ក្តី ឬ​មួយ​ជា​សាក្សី​របស់​ក្រុម​អ្នក​ឯកទេស​បរទេស​ក្តី សុទ្ធ​តែ​បាន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​កូរ៉េខាងជើង ថា​ជា​អ្នក​ដែល​បាន​បាញ់​ពន្លិច​នាវា​ចម្បំាង​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃទី ២៦ មីនា​កន្លង​ទៅ។ ចំពោះ​ប្រទេស​បារំាង​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​បាន​អះអាង​ថា បើ​យោង​តាម​ភស្តុតាង​ដែល​បង្ហាញ​ដោយ​ភាគី​កូរ៉េខាងត្បូង កូរ៉េខាងជើង​ពិត​ជា​អ្នក​បាន​បាញ់​ពន្លិច​នាវា​ចំបំាង​កូរ៉េខាងត្បូង ដោយ​គ្មាន​អ្វី​គួរ​មន្ទិល​សង្ស័យ​ទៀតទេ។

ក្រឡេក​ទៅ​មើល​ការ​អះអាង​របស់​កូរ៉េខាងជើង​វិញ​ម្តង ភស្តុតាង​ដែល​បាន​បង្ហាញ​ដោយ​លោក Sin Son-ho ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចំា​នៅ​អង្គការ​សហប្រជាជាតិ ហាក់​ដូច​ជា​មិន​បាន​ធ្វើ​គេ​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ លោក Sin Son-ho មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ទេ តែ​បែរ​ជា​បាន​និយាយ​ច្រំ​ដែលៗ​ថា កូរ៉េខាងជើង​មិន​មែន​ជា​អ្នក​បាញ់​ពន្លិច​នាវា​ចម្បំាង​កូរ៉េខាងត្បូង​នោះ​ទេ។ សម្រាប់​លោក Sin Son-ho កូរ៉េខាងជើង​ជា​អ្នក​រងគ្រោះ​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ទៅ​វិញ។

 
យ៉ាង​ណា​ក៏​ដោយ សហគម​ន៍អន្តរជាតិ​បាន​​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​តឹងរ៉ឹង​មួយ​នៅ​ក្នុង​សំណុំរឿង​នេះ។ តែ​ដូច​ជា​សព្វ​មួយ​ដង ប្រទេស​ចិន​បាន​ចេញ​មុខ​ការពារ​កូរ៉េខាងជើង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ ក្នុង​ខណៈ​នេះ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​ទាន់​បាន​សម្រេច​អ្វី​ទេ តែ​បាន​អំពាវនាវ​កូរ៉េ​ទំាង​ពីរ​ឲ្យ​បិទ​បញ្ចប់​កាយវិការ​ដែល​ឈាន​ដល់​ការ​ផ្ទុះ​សង្រ្គាម​ជា​ថ្មី​​រវាង​គ្នា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ