អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​ថៃ​សម្រេច​ពន្យា​បំរាមគោចរ​ចំនួន ៣យប់​បន្ថែម​ទៀត នៅ​បាងកក និង​​ខេត្ត​ចំនួន ២៣

នៅ​ថ្ងៃ​ពុធ ទី១៩ ឧសភា​នេះ កងទ័ព​បាន​បើក​ប្រតិបត្តិការ​វាយ​បំបែក​ជំរំ​របស់​ពួក​អាវក្រហម​នៅ​ក្នុង​ សង្កាត់ Rachaprosong។ ជំរំ​ដែល​ពួក​គេ​បាន​កាន់​កាប់​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ ខណៈ​នេះ ប្រតិបត្តិការ​បាន​បញ្ចប់​ហើយ ដោយ​កងទ័ព​បាន​ចូល​កាន់​កាប់​ជំរំ​នោះ​ទំាង​ស្រុង។ ចំណែក​ឯ​ក្រុម​មេ​អាវក្រហម​វិញ មាន​អ្នក​ខ្លះ​បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស និង​អ្នក​ខ្លះ​ទៀត​បាន​រត់​ផាស​ក្រញំា។

រដ្ឋាភិបាល​ថៃ​សម្រេច​ពន្យា​បំរាមគោចរ​ចំនួន ៣យប់​បន្ថែម​ទៀត
រដ្ឋាភិបាល​ថៃ​សម្រេច​ពន្យា​បំរាមគោចរ​ចំនួន ៣យប់​បន្ថែម​ទៀត ©Reuters
ផ្សាយពាណិជ្ជកម្ម

07:00

បទអន្តរាគមន៍​​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ប្រតិបត្តិការ​​របស់​កងទ័ព​បាន​ចាប់​ផ្តើម​នៅ​ម៉ោង ៦​ស្រាងៗ​ព្រឹក​មិញ ម៉ោង​ក្នុង​ទីក្រុង​បាងកក។ ប្រតិបត្តិការ​ដំបូង​បង្អស់ គឺ​កង​រថក្រោះ​បាន​បរ​ចូល​ទៅ​កំទេច​របំាង​ឫស្សី កង់ឡាន និង​ខ្សែលួស​ដែល​ពួក​អាវក្រហម​បាន​ដាក់​ព័ទ្ធ​ជុំ​វិញ​ជំរំ​របស់​ពួក​គេ។ ទន្ទឹម​គ្នា​នោះ ទ័ព​ថ្មើរ​ជើង​ក៏​បាន​ផ្តើម​រំកិល​ខ្លួន​បន្តិច​ម្តងៗ ជា​មួយ​នឹង​ការ​បាញ់​កំាភ្លើង​ឡើង​លើ​បង្ហើរ​ត្រឹម​កំពស់​មនុស្ស​ដើម្បី​ជា​ការ​សម្លុត គំរាម បំបាក់ស្មារតី។ ពេល​នោះ​នៅ​ក្នុង​ជំរំ គេ​កត់​សម្គាល់​ឃើញ​មាន​បាតុករ​ប្រមាណ​តែ​ពី ២០០០ ទៅ ៣០០០​​នាក់​ប៉ុណ្ណោះ ដែល​កំពុង​ស្ថិត​នៅ​ទី​នោះ ហើយ​ដែល​ភាគ​ច្រើន ជា​ស្រ្តី និង​កូនក្មេង។ ដំបូង​ឡើយ ពួក​អាវ​ក្រហម​ដៃ​ដល់​ជា​ច្រើន​នាក់​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ត​ទល់​វិញ​ដែរ ដោយ​ប្រើ​ដប​សំាង និង​មាន​ទំាង​គ្រាប់​បែប​មែន​ទែន​ផង។ ចំណែក​ឯ​អ្នក​ផ្សេង ពិសេស​ស្ត្រីៗ​បាន​នំា​គ្នា​ស្រែក​ច្រៀង​ចម្រៀង​​តស៊ូ​ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​ដល់​គ្នីគ្នា​គេ កុំ​ឲ្យ​តក់ស្លុត បាក់ស្មារតី ជា​មួយ​នឹង​បដា​សរសេរ​ថា « ឈប់​សម្លាប់​ប្រជាជន​ស្លូតត្រង់​ទៅ »។

បន្ទាប់​ពី​បាន​ប្រឈម​មុខ​ដាក់​គ្នា​អស់​មួយ​ព្រឹក​ធំ​មក ស្រាប់​តែ​ក្រុម​មេ​អាវ​ក្រហម​បាន​ប្រកាស​សុំ​ទម្លាក់​អាវុធ និង​ប្រកាស​បិទ​បញ្ចប់​ក្បួន​បាតុកម្ម។ ការ​ប្រកាស​សុំ​ចាញ់​បាន​ធ្វើ​ឡើង​នៅ​ប្រហែល​ម៉ោង​ ១​រសៀល ម៉ោង​ក្នុង​ទីក្រុង​បាងកក។ ជា​មួយ​គ្នា​នេះ មាន​មេ​អាវក្រហម​ខ្លះ បាន​ប្រគល់​ខ្លួន​ឲ្យ​រដ្ឋអំណាច និង​ខ្លះ​ទៀត​បាន​រត់​ផាស​ក្រញំា​បាត់។ ទូរទស្សន៍​ជាតិ​ក្នុង​ស្រុក​ថែម​ទំាង​បាន​បង្ហាញ​មុខ​មេអាវក្រហម​៤​នាក់​ដែល​កំពុង​ស្ថិត​នៅ​ប៉ុស្តិ៍​ប៉ូលិស។

គួរ​ជម្រាប​ជូន​ថា ទន្ទឹម​គ្នា​នឹង​ម៉ោង​បើក​ប្រតិបត្តិ​យោធា​លើ​ជំរំ​ពួក​អាវ​ក្រហម រដ្ឋាភិបាល​ក៏​បាន​ដាក់​ពង្រាយ​កម្លំាង​បាញ់​ស៊ីប​មួយ​ក្រុម​ដែល​មាន​គ្នា​ចំនួន ១០០០នាក់។ ក្រុម​កម្លំាង​បាញ់​ស៊ីប​បាន​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល ឲ្យ​បាញ់​ទៅ​លើ​ជន​ណា​ដែល​កំពុង​ដុត​បំផ្លាញ ឬ​មួយ​ក៏​កំពុង​បះបោរ​ឲ្យ​មាន​ការ​ឆក់​ប្លន់​នៅ​តាម​ហាង​ទំនិញ​នានា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​បាងកក។ និយាយ​ពី​ចំនួន​មនុស្ស​ស្លាប់ និង​រង​របួស​វិញ តួ​លេខ​បណ្តោះ​អាសន្ន​ចុង​ក្រោយ គឺ​មាន​មនុស្ស​ស្លាប់ ៦​នាក់ ក្នុង​នោះ មាន​ម្នាក់​ជា​អ្នក​កាសែត​ជនជាតិ​អ៊ីតាលី។ មាន​អ្នក​រង​របួស​ចំនួន ៥៨នាក់ ក្នុង​នោះ​មាន​របួស​ស្រាល​អ្នក​កាសែត​ជនជាតិ​ហូឡង់​ម្នាក់។

បំរាម​គោចរ​ត្រូវ​បាន​ពន្យា​ចំនួន ៣យប់​បន្ថែម​ទៀត នៅ​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន ២៣

ស្ថានការណ៍​បាន​វិវឌ្ឍន៍​​ទៅ​យ៉ាង​ឆាប់​រហ័ស ពិសេស​ចាប់​ពី​ថ្ងៃ​រសៀល​តែ​ម្តង។ ក្រោយ​ពី​មេ​អាវក្រហម​បាន​ប្រកាស​បិទ​បញ្ចប់​ក្បួន​បាតុកម្ម និង​មាន​មួយ​ក្រុម​តូច​បាន​ប្រគល់​ខ្លួន​ឲ្យ​រដ្ឋាភិបាល​មក កងទ័ព​ក៏​បាន​ប្រកាស​បិទ​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​ដែរ។ ខណៈ​នេះ ជំរំ​របស់​ពួក​អាវក្រហម​ទំាង​មូល​ក៏​បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​កម្លំាង​ទាហាន។ ចំណែក​ឯ​ពួក​បាតុករ​វិញ ក៏​បាន​ផ្តើម​ចាក​ចេញ​ពី​ទី​នោះ​ជា​បណ្តើរៗ ដោយ​រដ្ឋាភិបាល​បាន​រៀប​ចំ​ឡាន​ក្រុង​សម្រាប់​ដឹក​ពួក​គេ។ មួយ​វិញ​ទៀត កម្លំាង​បោស​សំអាត ជា​មួយ​ម៉ាស៊ីន​ចូក​ក៏​បាន​ផ្តើម​ប្រមូល​កង់​ឡាន ឫស្សី និង​សំរាម​ចេញ​ពី​ជំរំ​ជា​បណ្តើរៗ​ដែរ។ ប៉ុន្តែ​ទន្ទឹម​​គ្នា​នេះ គេ​កត់​សម្គាល់​ឃើញ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​ស្ថិត​ជុំ​វិញ​ជំរំ​នោះ ពិសេស​នៅ​ប៉ែក​ខាង​ជើង។ នៅ​ក្នុង​ទីក្រុង​បាងកក មាន​ការ​ដុត​អាគារ​ប្រមាណ​ជា ២០ ក្នុង​នោះ​មាន​ស្ថានីយ៍​ទូរទស្សន៍​​មួយ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន​កន្លែង​ទៀត។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​បាន​ដាក់​បំរាម​គោចរ​ក្នុង​ទីក្រុង​បាងកក​ចាប់​ពី​ម៉ោង ៨​យប់​ថ្ងៃទី ១៩ ឧសភា រហូត​ដល់​ម៉ោង ៦​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២០ ឧសភា។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ថា បន្ទាប់​ពី​អ្នក​ធ្វើ​ការ និង​អ្នក​រក​ស៊ី​បាន​ត្រឡប់​​ទៅ​ផ្ទះ​អស់​ហើយ កម្លំាង​ទ័ព និង​ប៉ូលិស​ផ្តើម​ចាត់​ការ​នឹង​ក្រុម​ជ្រុល​និយម និង​ក្រុម​ឆ្លៀត​ឱកាស​និយម។

មេអាវក្រហម៖ ចុះ​ចាញ់​មក​ពី​មិន​ចង់​ឃើញ​មនុស្ស​ស្លាប់​ថែម​ទៀត

នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការ​ណា​មួយ​ដែល​បញ្ជាក់​ពី​ភាព​បរាជ័យ​របស់​ពួក​អាវក្រហម​ទេ។ ប៉ុន្តែ​មេ​អាវក្រហម​ខ្លួន​ឯង​បាន​លើក​យក​ហេតុផល​ថា សុំ​ចុះ​ចាញ់ មក​ពី​មិន​ចង់​ឃើញ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​បន្ថែម​ទៀត។ ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុម​បាតុករ​វិញ មាន​អ្នក​ខ្លះ​ក៏​បាន​យល់​ព្រម​តាម​មេ​របស់​គេ តែ​មាន​អ្នក​ខ្លះ​ទៀត​ផ្តើម​ស្រក់​ទឹក​ភ្នែក មិន​យល់​ស្រប​ទេ។ បើ​យើង​ពិនិត្យ​មើល​ជា​រួម​ទៅ អាច​មាន​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់​ពី​ភាព​បរាជ័យ​របស់​ពួក​អាវក្រហម ទីមួយ៖ មក​ពី​កម្លំាង​របស់​ពួក​អាវក្រហម​បាន​ចុះ​ខ្សោយ​ស្រាប់​ផង ពិសេស តំាង​ពី​កងទ័ព​បាន​បិទ​ខ្ទប់​ច្រក ចេញ​ចូល​ជំរំ​របស់​ពួក​គេ​ជិត​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ។ បិទ​ខ្ទប់​កុំ​ឲ្យ​មនុស្ស​និង​ស្បៀង​អាហារ​ចូល​ផង កាត់​ផ្តាច់​ទឹក និង​ចរន្ត​អគ្គិសនី​ផង។ គឺ​តំាង​ពី​ពេល​នោះ​មក ចំនួន​បាតុករ​នៅ​ក្នុង​ជំរំ​មាន​ការ​ថយ​ចុះ​តិច​ទៅៗ ពី​ចំនួន ១ម៉ឺន​នាក់ ធ្លាក់​ដល់ ៥ពាន់​នាក់ ២ពាន់​នាក់ និង​នៅ​សល់​ប្រមាណ​ជា​ជាង ១០០០នាក់ នៅ​ពេល​កងទ័ព​បើក​ការ​វាយប្រហារ។ ហេតុផល​ទី​ពីរ យុទ្ធសាស្រ្ត​របស់​កងទ័ព​បាន​រៀប​ដូច​យុទ្ធសាស្រ្ត​សង្គ្រាម ដែល​ធ្វើ​ឲ្យ​ពួក​អាវ​ក្រហម​មិន​អាច​ទ្រំា​ទ្រ​បាន។

គួរ​រម្លឹក​ជូន​ថា តំាង​ពី​មាន​ផ្ទុះ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃទី ១៣ ឧសភា​មក មាន​មនុស្ស​ស្លាប់ ៣៩​នាក់ និង​របួស ៣០០នាក់។ បើ​គិត​តំាង​ពី​ថ្ងៃ​ផ្តើម​មាន​វិបត្តិ​កាល​ពី​ពាក់​កណ្តាល​ខែ​មិនា ឆ្នំា ២០១០​មក មាន​មនុស្ស​ស្លាប់ ៦៨នាក់ និង​របួស​ប្រមាណ ១៧០០នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ