អានតួអត្ថបទ
ថៃ-វិបត្តិនយោបាយ

អាជ្ញាធរថៃ​ដាក់សម្ពាធ​​កាន់តែខ្លាំង​ឡើង​​ទៅលើ​បាតុករ​អាវក្រហម​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អាជ្ញាធរ​ថៃ​បាន​សម្រេច​ដាក់​សម្ពាធ​កាន់តែ​ខ្លាំងឡើង​ទៅលើ​បាតុករ​អាវក្រហម ​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​បោះ​ជំរំ​ធ្វើ​ឲ្យ​គាំងស្ទះ​សង្កាត់​ពាណិជ្ជកម្ម​នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក។ ​ ការ​បោះ​ឆ្នោត​សភា​មុន​ចប់​អាណត្តិ​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៤​វិច្ឆិកា ​ដែល​សន្យា​ដោយ​លោក​​អភិស៊ីទ​នឹង​ត្រូវ​លុបចេញ​ ដោយ​ហេតុ​តែ​បាតុករ​អាវ​ក្រហម​ពុំ​ព្រម​ចាក​ចេញ​ពី​សង្កាត់​ពាណិជ្ជកម្ម​នៅ​ កណ្តាល​ទីក្រុង​បាងកក។

បាតុករ​អាវក្រហម​ម្នាក់​កាន់​រូបថត​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​នៅ​​ទីក្រុង​បាងកក​​
បាតុករ​អាវក្រហម​ម្នាក់​កាន់​រូបថត​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​នៅ​​ទីក្រុង​បាងកក​​ ©REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

យោធា​ថៃ​គ្រោង​ដាក់​ពង្រាយ​រថក្រោះ​នៅ​តាម​គ្រប់​ចំណុច​និង​ច្រក​ត្រួត​ពិនិត្យ​ដែល​មាន​នៅ​ជុំវិញ​តំបន់​កាន់កាប់​ដោយ​ពួក​បាតុករ​អាវ​ក្រហម​ ដើម្បី​ខាឃាំង​កុំ​ឲ្យ​បាតុករ​ថ្មី​ទៀត​អាច​មក​ចូល​រួបរួម។

 

01:50

សេចក្តីរាយការណ៍របស់​ សៀក​ សារិន

“​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​ដែល​ធ្វើឡើង​ដើម្បី​ដាក់​សម្ពាធ​កាន់តែ​ខ្លាំងឡើង​ទៅលើ​បាតុករ​អាវក្រហម​ យើង​ត្រូវ​តែ​ដាក់​ពង្រាយ​​រថ​ក្រោះ​ដើម្បី​ការពារ​ទាហាន​របស់​យើង​ដែល​ឋិត​នៅ​ក្នុង​ចំណោម​ហ្វូង​បាតុករ។​ ហើយ​វិថី​នានា​ដែល​នាំ​ទៅ​កាន់​សង្កាត់​កាន់​កាប់​ដោយ​បាតុករ​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចាប់​ពី​ម៉ោង​១៨​ទៅ​”។​ នេះ​ជា​ពាក្យ​សំដី​របស់​អ្នក​នាំពាក្យ​នៃ​កង​កម្លាំង​យោធា​ថៃ។

គួរកត់​សម្គាល់ថា​ បាតុករ​អាវក្រហម​ដែល​គាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់​ស៊ីន​នៅ​មាន​ប្រមាណ​១០ ០០០នាក់​នៅ​ឡើយ​នៅ​បន្ត​ធ្វើ​​បាតុកម្ម​ ដោយពុំ​រវល់នឹង​ឳសានវាទ​របស់​រដ្ឋាភិបាល​អភិស៊ីទ​ដែល​បាន​ដាក់​កំហិត​ឲ្យ​បាតុករ​អាវក្រហម​ចាកចេញ​ពី​សង្កាត់​ពាណិជ្ជកម្ម​មុន​ម៉ោង​១២​យប់នេះ។​ បាតុកម្ម​ដែល​ពួក​អាវក្រហម​បាន​ធ្វើ​អស់​រយៈពេល​ពីរខែ​មក​ហើយ។

ចំណែកឯ​មេដឹកនាំ​អាវក្រហម​ដែល​បាន​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​ចុះចេញ​ពី​មុខ​តំណែង​ ហើយនិង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សភា​មុន​ចប់​អាណត្តិ​វិញ​ ក៏​បាន​អំពាវនាវ​ឲ្យ​សកម្មជន​របស់​ខ្លួន​​មក​ចូល​រួបរួម​ឲ្យ​បាន​ច្រើន​នៅ​ជំរំ​កាន់​កាប់​របស់​ខ្លួន​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៅ​កណ្តាល​ទីក្រុង​បាងកក។

ក្នុង​ខណៈដែល​វិបត្តិ​នយោបាយ​ថៃ​ធ្លាក់​កាន់តែ​រ៉ាំរ៉ៃទៅៗ​ ការ​បែក​បាក់​គ្នា​ក៏​លេច​ចេញ​កាន់តែ​ច្បាស់ឡើងៗ​រវាង​ក្រុម​អាវក្រហម​ដែល​ជា​អតីត​កម្មុយនិស្ត​ហើយនិង​ក្រុម​អាវ​ក្រហម​ដែល​ពុំ​មាន​និន្នាការ​ជ្រុល​និយម។

រីឯ​រដ្ឋាភិបាល​វិញ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ការ​បោះ​ឆ្នោត​សភា​មុន​ចប់​អាណត្តិ​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៤​វិច្ឆិកា​ដែល​សន្យា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​នឹង​ត្រូវ​លុបចេញ​ ដោយ​ហេតុ​តែ​បាតុករ​អាវ​ក្រហម​ពុំ​ព្រម​ចាក​ចេញ​ពី​សង្កាត់​ពាណិជ្ជកម្ម​នៅ​កណ្តាល​ទីក្រុង​បាងកក៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ