អានតួអត្ថបទ
ចិន-រុស្ស៊ី

ប៉េកាំង និង​ម៉ូស្គូ​គ្រោង​នឹង​ពិភាក្សា​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់

តាម​ដែល​មជ្ឈដ្ឋាន​ផ្លូវការ​ចិនជូន​ជា​ដំណឹង​កាល​ពី​ព្រឹក​មិញការ​ពិភាក្សា ​គ្នា​ជុំ​វិញ​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់ នឹង​ប្រព្រឹត្ត​ទៅ ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន Hu Jintao នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​រុស្ស៊ី ថ្ងៃទី ៨ និង​៩ ឧសភា​ខាង​មុខ។ គឺ​ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​រម្លឹក​ខួប ទី ៦៥​នៃ​ការ​ខ័ណ្ឌ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី ២ នៅ​ទ្វីប​អឺរ៉ុប។

លោក Hu Jintao ប្រធានាធិបតី​ចិន
លោក Hu Jintao ប្រធានាធិបតី​ចិន ©AFP
ផ្សាយពាណិជ្ជកម្ម

02:33

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពី​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី

កែវ ឆាយា

ថ្លែង​នៅ​ថ្ងៃ​នេះ​ទៅ​កាន់​ពួក​អ្នក​កាសែត អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Cheng Guoping ប្រកាស​ឲ្យ​ដឹង​ថា ពេល​វត្តមាន​នៅ​ម៉ូស្គូ លោក​ប្រធានាធិបតី​ចិន Hu Jintao នឹង​ជួប​ចរចា​ជាមួយ​សមភាគី​រុស្ស៊ី គឺលោក Dmitri Medvedev និង​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី Vladimir Poutine ​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​យល់​ឃើញ ជុំវិញ​បញ្ហា​អន្តជាតិ និង​បញ្ហា​តំបន់​ណា ដែល​ជា​ផលប្រយោជន៍​រួម​របស់​គូ​ភាគី ប្រាកដ​ណាស់ បូក​ទាំង​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់ផង។អ្នកការទូតចិនបន្ថែមថា“ ជុំវិញ​សំណុំរឿង​អៀរ៉ង់​ចិន និង​រុស្ស៊ី​ប្រកាន់​យក​ទស្សនៈ​យល់​ឃើញ​ដូច​គ្នា “។

 
គួរ​រម្លឹក​​ថា កាល​ពី​សប្តាហ៍​មុន លោក​រដ្ឋមន្ត្រី​កាបរទេស​រុស្ស៊ី Serguei Lavrov បាន​សារភាព​ទទួល​ស្គាល់​ថា អៀរ៉ង់​ជា​ដៃគូ​ពិបាក​ដែល​ទល់​នឹង​ប្រទេស​នេះ “ ប្រហែល​ជា​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​ចៀស​មិន​រួច​ទេ“។​ ទាក់​ទង​នឹង​ទណ្ឌកម្ម​នេះ​មេដឹកនាំ​កំពូល​រុស្ស៊ី​លោក Medvedev តែង​​ថ្លែង​ថា ទណ្ឌកម្ម​នោះឯង បើ​ដាក់​មែន​ គឺ​ត្រូវ​ដាក់ “ ដោយ​ប្រើ​ប្រាជ្ញា “ ដើម្បី​កុំ​ឲ្យ​រង​គ្រោះ​ដល់​ប្រជាជន​ដែល​គ្នា​គ្មាន​ទោស​ពៃ​អ្វី​សោះ។ តាម​សំដី​ប្រមុខ​ការទូត​រុស្ស៊ី លោក Lavrov ទីក្រុង Téhéran ពុំ​ព្រម​ឆ្លើយ​ឲ្យ​បាន​ស្ថាបនា​ឡើយ តប​នឹង​សំណើ​ម្តង​ហើយ​ម្តង​ទៀត របស់​ក្រុម ៦​ប្រទេស ដែល​ទទួល​បន្ទុក​ខាង​សំណុំរឿង​នុយក្លេអ៊ែរ​អៀរ៉ង់ក្នុង​នោះ​មាន​៥ ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប.ពោល​គឺ ស.រ.អា. អង់គ្លេស បារាំង ចិន រុស្ស៊ី ដែល​សុទ្ធ​តែ​បំពាក់​ដោយ​សិទ្ធិ Veto និង​ប្រទេស​អាឡឺម៉ង់ គ្រាន់​នឹង​ជម្រុញ​ដល់​ការ​ធ្វើ​សំវាទ​ជាមួយ​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​បរមាណូ ហៅ​កាត់​ថា AIEA។

ខុស​ពី​រុស្ស៊ី គោលជំហរ​ប្រកាន់​យក​ដោយ​ចិន គឺ​នៅ​តែ​ព្យាយាម​ឲ្យ​សហគម​ពិភពលោក​បន្ត​ធ្វើកិច្ចចរចា​ជាមួយ​អៀរ៉ង់​ត​ទៅ​ទៀត។ រីឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. កំពុង​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​គ្នា​ជុំវិញ​គម្រោង​អាមេរិកាំង​សំដៅ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត​ទល់​នឹង​អៀរ៉ង់​ ក្រោយ​ពី​មាន​អនុម័ត​យក​សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​៣​លើក​ទៅ​ហើយ ទល់​នឹង​ប្រទេស​នេះ គ្រាន់​នឹង​បង្ខំ​ទីក្រុងTéhéran ឲ្យ​ផ្អាក​ឈប់​សកម្មភាព​ខាង​ចម្រើន​ធាតុ Uranium ប៉ុន្តែ​អៀរ៉ង់​នៅ​តែ​ធ្វើ​ថ្លង់​ធ្វើ​ខ្វាក់​ចំពោះ​សេចក្តី​សម្រេចចិត្ត​ទាំង​នោះ។​ មក​ពី​មូលហេតុ​នេះបានជាបស្ចិមលោកសង្ស័យថាទីក្រុងTéhéran កំពុង​ឈ្មុស​ឈ្មុល​ផលិត ទាល់​តែ​បាន​សម្រាប់​ខ្លួន គឺ​អាវុធ​បរមាណូ​តែ​ម្តង ដោយ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ស្អី​ណា ទោះ​បី​ភាគី​អៀរ៉ង់​ផ្ទាល់​រមែង​ថ្លែង​បដិសេធ​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ