អានតួអត្ថបទ
ចិន

ចិន​កាន់​ទុក្ខ​ឲ្យ​ប្រជាជន​ទីបេ​ដែល​រងគ្រោះ​ដោយ​ការរញ្ជួយដី

នៅ​ថ្ងៃ​នេះ ទង់ជាតិ​ចិន​ត្រូវ​បង្ហូត​មក​នៅ​ពាក់​កណ្តាល​ដង សារព័ត៌មាន​ធំៗ​ក្នុង​ស្រុក​ទាំង​អស់​បាន​បោះពុម្ព​ជា​ពណ៌​ស​ខ្មៅ ទាំង​នេះ​ជា​កាយវិការ​កាន់​ទុក្ខ​របស់​ចិន​សម្រាប់​ជនរងគ្រោះ​ដោយ​ ការរញ្ជួយដី កាល​ពី​សប្តាហ៍​មុន​ក្នុង​ខេត្ត​ជិនហៃ។ ការសំដែង​ការឈឺឆ្អាល​ដល់​សុខទុក្ខ​របស់​ជនរងគ្រោះ ជាពិសេស​ប្រជាជន​ទីបេ ពី​សំណាក់​ថ្នាក់ដឹកនាំ​ចិន ជា​រឿង​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ពី​មុន​មក។

ទូទាំង​ប្រទេស​ចិន​កាន់ទុក្ខ​ឲ្យ​ប្រជាជន​ដែល​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយដី​ ក្នុង​ខេត្ត​ជិនហៃ
ទូទាំង​ប្រទេស​ចិន​កាន់ទុក្ខ​ឲ្យ​ប្រជាជន​ដែល​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយដី​ ក្នុង​ខេត្ត​ជិនហៃ ©reuters
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

នៅ​ម៉ោង​១០ ព្រឹកមិញ​(ថ្ងៃ ពុធ ២១ មេសា ២០១០)​នេះ នៅ​កន្លែង​រញ្ជួយដី ក្រុមជួយ​សង្គ្រោះ​បាន​ផ្អាក​ការរុករក​របស់​ខ្លួន​មួយ​ភ្លែត និង​ឈរ​ស្មឹងស្មាធិ៍​ក្រោម​ព្រិល។ នៅ​ថ្ងៃ​នេះ ប្រជាជន​ចិន​នៅ​ទូទាំង​ប្រទេស​បាន​ស្ថិត​ក្នុង​ភាពស្ងៀមស្ងាត់ ៣​នាទី​ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ គ្រោះ​រញ្ជួយដី កាល​ពី​សប្តាហ៍​មុន។ សំលេង​ស៊ីរ៉ែន​បាន​បន្លឺ​នៅ​គ្រប់​ទី​កន្លែង​សាធារណៈ​របស់​ចិន ចំណែក​ទូរទស្សន៍​ជាតិ​បាន​បង្ហាញ​ពី​រូបភាព ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន​ទាំង ៨​រូប ដែល​រួម​មាន​ទាំង​លោក​ប្រធានាធិបតី ហូ ជិនតាវ។ លោក​ហូ ជិនតាវ​ក្នុង​សំលៀក​បំពាក់​ស​ខ្មៅ​បាន​ធ្វើ​សុន្ទរកថា ទៅ​កាន់​ប្រជាជន​ឲ្យ​កាន់ទុក្ខ​ឲ្យ​ជន​រងគ្រោះ​ដោយ​ការរញ្ជួយ​ដី​Yushu។

កាយវិការ ​កាន់ទុក្ខ​ដ៏​គួរ​ឲ្យ​កត់សំគាល់​មួយ​ទៀត​គឺ រាល់ទង់ជាតិ​នៅ​ស្ថានទូត​ចិន​នៅ​បរទេស​ទាំង​អស់ ក៏​ត្រូវ​បង្ហូត​មក​នៅ​ពាក់​កណ្តាល​ដង ចំណែក​កម្មវិធី កំសាន្ត​សប្បាយ នៅ​គ្រប់​កន្លែង និង​នៅ​តាម​ទូរទស្សន៍​ត្រូវ​គេ​ហាមឃាត់។ ការកេណ្ឌ​គ្នា​ធ្វើការ​កាន់ទុក្ខ​ថ្នាក់ជាតិ​ដូច្នេះ​ហាក់​ចង់​បង្ហាញ​ពី​ ការឈឺឆ្អាល​របស់​ប្រជាជន​ចិន​ទាំង​មូល​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន​ខេត្ត​ ជិនហៃ។

ទូទាំង​ប្រទេស​ចិន​កាន់ទុក្ខ​ឲ្យ​ប្រជាជន​ដែល​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយដី​ ក្នុង​ខេត្ត​ជិនហៃ
ទូទាំង​ប្រទេស​ចិន​កាន់ទុក្ខ​ឲ្យ​ប្រជាជន​ដែល​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយដី​ ក្នុង​ខេត្ត​ជិនហៃ ©reuters

សារ ​សំខាន់​មួយ​ដែល​រដ្ឋាភិបាល​ចិន​ចង់​និយាយ​ទៅ​កាន់​ប្រជាជន​ខេត្ត​ជិនហៃ​ដែល ​ភាគច្រើន​ជា​ជនជាតិ​ទីបេ គឺ​បក្ស​កុម្មុយនិស្ត​ចិន​ជា​អ្នកជួយ​សង្គ្រោះ​ពួកគេ តែ​មិនមែន​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ទេ។ សម្តេច​សង្ឃ​ដែល​បាន​រត់គេច​ពី​ការតាម​ចាប់​របស់​បក្ស​កុម្មុយនិស្ត​ចិន​ ក្នុង​ឆ្នាំ ១៩៥៩ កំពុង​រស់​និរទេស​ខ្លួន​នៅ​បរទេស។ កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះអង្គ​ដាឡៃ ឡាម៉ា​ធ្លាប់​បាន​បង្ហាញ​ចេតនា​ចង់​ត្រលប់​មក​ទឹកដី​កំណើត​របស់​ព្រះអង្គ​ ដើម្បី​ជួយ​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​ទីបេ។

គួ​កត់​សំគាល់​ថា គេ​មិន​បាន​ឃើញ​ការយកចិត្ត​ទុកដាក់​បែប​នេះ របស់​ថ្នាក់ដឹកនាំ​ចិន នៅ​ក្នុង​គ្រោះថ្នាក់​រញ្ជួយដី​នៅ​ខេត្ត​ស៊ីឈាន់​ឆ្នាំ ២០០៨ ទេ។ គ្រោះ​រញ្ជួយដី​ដែល​បាន​សម្លាប់​ប្រជាជន​៩​ម៉ឺន​នាក់។ ហើយ​កាលណោះ អាជ្ញាធរ​ចិន​បាន​ទទួល​រង​ការរិះគន់​យ៉ាង​សម្បើម​ក្នុង​រឿង​សំណង់​អគារ​មិន​ រឹងមាំ។ អគារ​សាលារៀន​ផុយស្រួយ​បាន​សម្លាប់​កូនសិស្ស​ជា​ច្រើន​ពាន់​នាក់។

ប៉ុន្តែ នៅ​ពេល​នេះ រដ្ឋាភិបាល​ចិន​បាន​គ្រប់គ្រង​ស្ថានភាព​មិន​ឲ្យ​ដូចមុន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងតែង​ពី​សំណាក់​អាជ្ញាធរ។ យោង​តាម​កាសែត South China Morning Post និពន្ធ​នាយក​សារព័ត៌មាន​ជាច្រើន​បាន​ទទួល​សំបុត្រ​ផ្លូវការ​ពី​រដ្ឋាភិបាល​ ក្នុង​ការកោះហៅ​អ្នកយកព័ត៌មាន​របស់​ខ្លួន​ឲ្យ​ត្រលប់​ចូល​ការិយាល័យ។ គេ​បាន​ពន្យល់​ថា នឹង​អាច​មាន​គ្រោះ​រញ្ជួយដី​ជា​ថ្មី​នៅ​ខេត្ត​ជិនហៃ។

ជាទូទៅ ព័ត៌មាន​ស្តី​ពី​លក្ខខណ្ឌ​ជីវិត​លំបាក​របស់​ប្រជាជន​រងគ្រោះ​ត្រូវ​គេ​បិទ​ ទាំង​ស្រុង។ ផ្ទុយ​ទៅ​វិញ នៅ​តាម​ទូរទស្សន៍ គេ​ឃើញ​តែ​រូបភាព​ថ្នាក់ដឹកនាំ​ចិន​ចុះ​សួរសុខទុក្ខ​ប្រជាជន​រងគ្រោះ។ នេះ​ជា​រូបភាព​តែមួយ​គត់​ដែល​ថ្នាក់ដឹកនាំ​ចិន​ចង់​ឲ្យ​គេ​ឃើញ។ គេ​វាយ​តំលៃ​ថា ថ្នាក់ដឹកនាំ​ចិន​ មិន​ប្រាថ្នា​ឲ្យ​មាន​ការបះបោរ​របស់​ប្រជាជន ចង់​ការពារ​មុខមាត់​របស់​ខ្លួន និង​ ជា​ពិសេស​ក្នុង​ពេល​ប្រទេស​ចិន​ត្រូវ​ទទួល​បើក​ពិពណ៌​ពិភពលោក​ក្នុង​ទីក្រុង ​សៀងហៃ ដែល​នឹង​ត្រូវ​រៀបចំ នៅ​ថ្ងៃ ទី ១​ឧសភា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ