អានតួអត្ថបទ
ឥណ្ឌា

ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌា​ស្លាប់​១៥៨​នាក់

នៅព្រឹក​ថ្ងៃ​សៅរ៍នេះ យន្តហោះ​មួយ​របស់​ក្រុមហ៊ុន Air India បាន​ធ្លាក់​នៅពេល​ចុះចត នៅព្រលាន​យន្តហោះ​មួយ​របស់​ឥណ្ឌា។ មនុស្ស​១៥៨នាក់​ បាន​បាត់បង់​ជីវិត​ក្នុង​​ឧបទ្ទេវហេតុនេះ។

បំណែក​យន្តហោះ​ដែល​ផ្ទុះឆេះ នៅឥណ្ឌា ថ្ងៃ​សៅរ៍នេះ
បំណែក​យន្តហោះ​ដែល​ផ្ទុះឆេះ នៅឥណ្ឌា ថ្ងៃ​សៅរ៍នេះ ©Mangesh/NDTV
ផ្សាយពាណិជ្ជកម្ម

 

01:24

សេចក្តីរាយការណ៍​របស់ សេង ឌីណា

យន្តហោះ​ដែល​ធ្លាក់​នៅព្រឹកមិញ​នេះ គឺ​ជា​យន្តហោះ​ប្រភេទ​ប៊ូអ៊ីង (Boeing 737) ផ្ទុក​​មនុស្ស​ទាំង​អស់ ១៦៦នាក់ ហោះ​ចេញ​ពី​ឌុយបៃ ទៅកាន់ទីក្រុង​​មែងហ្កាឡរ៍ (Mangalore) ប៉ែកខាងត្បូង​ប្រទេស​ឥណ្ឌា។

យោងតាម​មន្រ្តី​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា យន្តហោះ​នេះ​បាន​​ចុះចត​ហួស​ផ្លូវ ហើយ​ក៏​​ផ្ទុះ​ឆេះ ធ្វើ​ឲ្យ​​អ្នក​ជិះ​ចំនួន ១៥៨​នាក់​បាត់បង់​ជីវិត នៅ​សល់​ ៨​នាក់​ ​ដែល​បាន​រួចជីវិត។ អ្នក​ដំណើរ​​ទាំងអស់ គឺ​ជា​ជនជាតិ​ឥណ្ឌា ហើយ​ភាគច្រើន​ គឺ​ជា​កម្មករ ដែល​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅឌុយបៃ។

រហូតមកទល់ពេលនេះ គេ​នៅមិនទាន់​ដឹង​ពិតប្រាកដ​អំពីមូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយទេ។ ក៏ប៉ុន្តែ ​មន្រ្តី​ប៉ូលិស​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា នៅពេល​ដែល​យន្តហោះ​នេះ​ចុះចត នៅ​ព្រលាន​យន្តហោះ មាន​​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង។ ម្យ៉ាងទៀត ព្រលាន​យន្តហោះ​នេះ ស្ថិត​នៅ​លើ​ភ្នំ ដែល​ធ្វើ​ឲ្យ​​អ្នក​បើក​បរ​កាន់តែ​មាន​ការពិបាក​ទៅទៀត ក្នុង​ការចុះចត​ពេល​ភ្លៀង​ធ្លាក់​។

គួរ​បញ្ជាក់ថា ឥណ្ឌា​តែងតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ ក្នុង​វិស័យ​សុវត្ថិភាព​អាកាសចរណ៍។ ការធ្លាក់យន្តហោះ​ នៅថ្ងៃ​សៅរ៍​នេះ គឺ​ជា​គ្រោះថ្នាក់​​យន្តហោះ​ទ្រង់ទ្រាយធំ​​លើក​ទី១ នៅ​ឥណ្ឌា ក្នុងរយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ។ ក៏ប៉ុន្តែ រឿង​យន្តហោះ​ចុះចត​ហួសផ្លូវ​នេះ ធ្លាប់​បាន​កើត​មាន​ជា​ញឹកញាប់​នៅ​ឥណ្ឌា រួម​ទាំង​នៅ​តាម​បណ្តា​ព្រលានយន្តហោះ​ធំៗ​ផង ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា អាជ្ញាធរ​ខ្វះការយកចិត្ត​ទុកដាក់ ក្នុង​ការត្រួតពិនិត្យ​ការ​សាងសង់​​ហេដ្ឋរចនាសម្ព័ន្ធ​ ក្នុង​ព្រលានយន្តហោះ ឲ្យ​ស្រប​ទៅតាម​ស្តង់ដា​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ