អានតួអត្ថបទ
ចិន-ភេរវកម្ម

អាមេរិក​ប្រាប់​​ពលរដ្ឋ​ខ្លួន​នៅ​ក្រុង​ប៉េកាំង ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្រែង​មាន​ភេរវកម្ម​ក្នុង​ពេល​បុណ្យ​ណូអែល

ស្ថានទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​ ទើប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រាប់​ឲ្យ​ជនជាតិ​អាមេរិក ​ដែល​កំពុងតែ​ស្នាក់នៅ​ ក្នុង​ទីក្រុង​នេះ​ទាំងអស់​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ចំពោះ​ហេតុការណ៍​ភេរវកម្ម ​ដែល​អាច​នឹង​កើត​មាន​ឡើង ​នៅ​ក្នុង​ពេល​បុណ្យ​ណូអែល ​ឬ​គ្រិស្តស្មាក់ ​និង​បុណ្យ​ចូលឆ្នាំ​សកល​ថ្មី​នេះ។ នេះ​ជា​ការ​ប្រកាស ​ឲ្យ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ ដ៏​កម្រ​មួយ​ ​ ដែល​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​ ព្រោះថា​ជា​ធម្មតា​ នរណា​ក៏​ទទួល​ស្គាល់​ដែរ​ថា ​ រដ្ឋាភិបាល​ចិន​មាន​នយោបាយ​ការពារ​សន្តិសុខ​ យ៉ាង​តឹងតែង​ជា​ទី​បំផុត។

ទីក្រុង​ប៉េកាំង ស្ថិត​ក្នុងផ្សែងពុល ហើយ​កំពុង​ព្រួយ​បារម្ភ ខ្លាច​មានភេរវកម្ម ក្នុងឱកាស​បុណ្យណូអែល
ទីក្រុង​ប៉េកាំង ស្ថិត​ក្នុងផ្សែងពុល ហើយ​កំពុង​ព្រួយ​បារម្ភ ខ្លាច​មានភេរវកម្ម ក្នុងឱកាស​បុណ្យណូអែល REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ស្ថានទូត​សហរដ្ឋ​អាមេរិក​ បាន​ផ្ញើរ​លិខិត​ ទៅឲ្យ​គ្រប់​ប្រជាពលរដ្ឋ​ខ្លួន ​ដែល​កំពុង​តែ​ស្នាក់នៅ​ ក្នុង​រដ្ឋធានី​ប៉េកាំង ​​ប្រទេស​ចិន​ ​ព្រម​ទាំង​បាន​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ទូទៅ​មួយ ​នៅ​លើ​គេហទំព័រ​របស់​ស្ថានទូត ​ដែល​មាន​ខ្លឹមសារ ​សុំឲ្យ​ពលរដ្ឋ​អាមេរិក​ទាំង​អស់ ​ មាន​ការ​ប្រុង​ប្រយ័ត្ន ​ជៀសវាង​ទី​កន្លែង​ប្រជុំ​ជន​ធំៗ​ ដែល​សំបូរ​ជន​​បរទេស​ច្រើន ​ព្រោះ​វា​អាច​ជា​ចំណុច​វាយ​ប្រហារ​ភេរវកម្ម ​ នៅ​ចំ​ពេល​បុណ្យ ​ណូអែល ​រឺ​ បុណ្យ​គ្រិស្តម៉ាក់ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល។

 
បើ​ទោះ​ជា​មិន​បាន​បញ្ជាក់ ​ឲ្យ​បាន​ល្អិតល្អន់​ ពី​ប្រភេទ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ក៏ដោយ​ ​ស្ថានទូត​អាមេរិក​ គ្រាន់តែ​បាន​បញ្ជាក់ ​នៅ​ក្នុង​សេចក្តី​ប្រកាស​ថា ​ស្ថានទូត​បាន​ទទួល​ព័ត៌មាន​មួយ​ចំនួន ​​ស្តី​អំពី​គម្រោង​​វាយ​ប្រហារ​ភេរវកម្ម ​ប្រឆាំង​ជន​បរទេស ​នៅ​ក្នុង​សង្កាត់​ សានលីទូន​ ក្នុង​ទីក្រុង​ប៉េកាំង។ សូម​បញ្ជាក់​ថា ​ សង្កាត់​សានលីទូន​នេះ ​ ជា​សង្កាត់​សំបូរ​ទៅ​ដោយ​ស្ថានទូត​បរទេស ​និង​ហាង​ទំនិញ​ទំនើបៗ ​ ព្រម​ទាំង​ភោជនីយដ្ឋាន ​បារ​ រង្គសាល ​ដែល​មាន​ភ្ញៀវ​ភាគ​ច្រើន ​ គឺ​ជា​ជន​បរទេស​តែម្តង។ ស្ថានទូត​អង់គ្លេស ​និង​បារាំង ​ប្រចាំ​នៅ​ក្រុង​ប៉េកាំង ​ក៏​បាន​ទទួល​ដំណឹង​នេះ​ ពី​ស្ថានទូត​អាមេរិក​ដែរ ​ ហើយ​ក៏​បាន​ធ្វើការ​ប្រកាស​ ក្នុង​ន័យ​ស្រដៀង​គ្នា​នេះ​ឲ្យ​ ​ប្រជាពលរដ្ឋ​ខ្លួន ​ ធ្វើការ​ប្រុង​ប្រយ័ត្ន​​ ផងដែរ។

យ៉ាង​ណាក៏​ដោយ ​គេ​មិនទាន់​បាន​ទទួល​ការ​បំភ្លឺ​ពី​សំណាក់​អាជ្ញាធរ​ចិន​ក្រុង​ប៉េកាំង​ទេ​ ព្រោះ​ថា​នេះ​ជា​រឿង​កម្រ​ណាស់ ​ដែល​ស្ថានទូត​បរទេស ​ធ្វើការ​ប្រកាស​ ឲ្យ​ពលរដ្ឋ​ខ្លួន​មាន​ការ​ប្រុង​ប្រយ័ត្ន​បែបនេះ។ គ្រប់​គ្នា​ដឹង​យ៉ាង​ច្បាស់ថា​ ការ​យាមកាម​សន្តិសុខ​នៅ​ក្រុង​ប៉េកាំង ​ ត្រូវ​បាន​អាជ្ញាធរ​ចិន​ ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ ​ស្ទើរ​តែ​ជ្រុល​ហួសហេតុ​ផង​ ព្រោះ​ទី​កន្លែង​ណា​ក៏​ដោយ ​សឹងតែ​គ្រប់​ផ្លូវ​ គឺ​មាន​ទាហាន​ ឬ​ប៉ូលីស​យាម​ជានិច្ច។ យ៉ាងណា​មិញ​​ព្រហស្បតិ៍​នេះ ​ គេ​សង្កេត​ឃើញ ​មាន​ការ​រិត​បន្តឹង​សនិ្តសុខ ​ នៅ​ជុំវិញ​ស្ថានទូត​អាមេរិក ​ និង​នៅ​ម្តុំ​ហាង​ទំនិញ ​កណ្តាល​សង្កាត់ ​សានលីទូន​ ដោយ​មាន​រថយន្ត​ប៉ូលីស​ជា​ច្រើន​គ្រឿង។ ទោះ​បី​ជា​យ៉ាងណា​ អាជ្ញាធរ​ចិន​ បាន​កំណត់​ដាក់ សន្តិសុខ​ក្នុង​កំរិត​ពណ៌​លឿង ​ដែល​នៅ​ក្រោម​កំរឹត​ធ្ងន់​បំផុត​ ​បី​កំរឹត​នៅឡើយ។

សូម​រំលឹក​ថា​ ករណី​ភេរវកម្ម​ ​នៅ​ក្រុង​ប៉េកាំង ​គឺ​មិន​សូវ​ធ្លាប់​កើត​មាន​ឡើង​ទេ។ ករណី​វាយ​ប្រហារ​ចុង​ក្រោយ​គេ ​ គឺនៅ​ខែ​តុលា ​​ឆ្នាំ​២០១៣ ​ ដោយ​ជនជាតិ​អ៊ុយហ្គួរ​៣​នាក់ ​បាន​បើក​រថយន្ត​មួយ​ទៅ​បុក​បំផ្ទុះ ​នៅ​ខាង​មុខ​ទីលាន​ធានអានមិន ​ចំ​ច្រកទា្វរ​ ដែល​មាន​រូប​គំនូរ​ដ៏​ធំ​របស់ ​លោក​សេនាប្រមុខ​ម៉ៅសេទុង ​បិតា​ជាតិ​កុម្មុយនីស្ត​ចិន។ ហេតុការណ៍​នេះ ​បាន​បង្ករ​ឲ្យ​ស្លាប់ ​អ្នក​ទេសចរ​៥នាក់ ​និង​របួស​៣៨​នាក់។ អាជ្ញាធរ​ចិន​បាន​សន្និដ្ឋាន​ទាំង​ស្រុង​ថា ​ជាស្នាដៃ​របស់​ក្រុម​សកម្មជន​បះបោរ​អ៊ុយហ្គួរ​ នៅ​ខេត្ត​ស៊ីនជាំង។ ជនជាតិ​អ៊ុយហ្គួរ​នៅ​ខេត្ត​ស៊ីនជាំង ​ដែល​មាន​ដើមកំណើត​តួកគី ​ និង​ដែល​កាន់​សាសនា​អ៊ីស្លាម ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ធ្វើ​ទុក​បុក​ម្នេញ ​បំបិទ​សេរីភាព។ បើ​តាម​ការ​សង្ស័យ ​ក្រុម​សកម្មជន​អ៊ុយហ្គួរ ​មួយ​ចំនួន ​កំពុង​ត្រូវ​បាន​ក្រុម​ជីហាដ​ អង្គការ​រដ្ឋ​អ៊ីស្លាម ​អូសទាញ ​បំពាក់​បំប៉ន​ ​ដើម្បី​វិល​មក​ធ្វើ​ភេរវកម្ម​នៅ​ក្នុង​ទឹកដី​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ