អានតួអត្ថបទ

ហុងកុង៖ បាតុកម្មធំ​គម្រប់​៦ខែ នៃ​ការ​តវ៉ា​ដើម្បី​ប្រជាធិបតេយ្យ

នៅថ្ងៃអាទិត្យ ទី​៨ធ្នូ ប្រជាជនហុងកុងជាច្រើនម៉ឺននាក់ បានជួបជុំគ្នាដង្ហែរក្បួនធ្វើបាតុកម្ម ដ៏ធំសម្បើម ដើម្បី​គម្រប់ខួប​៦ខែ នៃការតវ៉ាដើម្បីប្រជាធិបតេយ្យ។ បើតាមការលើកឡើងរបស់បាតុករខ្លះ មហាបាតុកម្មលើកនេះ គឺហាក់ដូចជាការផ្តល់ឱកាសចុងក្រោយ ឲ្យរដ្ឋបាលហុងកុង ឲ្យ​សម្រេចចិត្ត​ឆ្លើយតប​ រកដំណោះស្រាយ ទៅតាមការទាមទាររបស់ប្រជាជនហុងកុង ដែលមិនសុខចិត្តទទួលការកៀបសង្កត់ ពីសំណាក់បក្សកុម្មុយនីស្ត​ប៉េកាំង។

ក្បួនដង្ហែរដើម្បីប្រជាធិបតេយ្យ នៅ​ហុងកុង ថ្ងៃទី​៨ធ្នូ ២០១៩​
ក្បួនដង្ហែរដើម្បីប្រជាធិបតេយ្យ នៅ​ហុងកុង ថ្ងៃទី​៨ធ្នូ ២០១៩​ REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមសន្ទុះ មានមនុស្សជាច្រើនម៉ឺននាក់ ដែលចូលរួមបាតុកម្មធំ នៅហុងកុង។ បាតុកម្មថ្ងៃទី​៨ធ្នូនេះ គឺជាបាតុកម្មគម្រប់ខួប៦ខែ នៃការតវ៉ា ដើម្បីលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ នគរបាលហុងកុង បានអនុញ្ញាត ឲ្យមានការជួបជុំដង្ហែរក្បួននេះ ដែលរៀបចំឡើង ដោយក្រុមប្រជាប្រយុទ្ធដើម្បីសិទ្ធិមនុស្ស​។

គួរកត់សំគាល់ មហាបាតុកម្មដ៏ធំនៅពេលនេះ គឺធ្វើឡើង២សប្តាហ៍ បន្ទាប់ពីលទ្ធផលបោះឆ្នោត​តំបន់ កាលពីថ្ងៃទី​២៤វិច្ឆិកា បានផ្តល់ជោគជ័យភ្លូកទឹកភ្លូកដី ទៅឲ្យអ្នកតំណាងរាស្ត្រប្រជាធិបតេយ្យហុងកុង។ លទ្ធផលនេះ វាបានស្តែងឲ្យឃើញពីសន្ទុះនៃការគាំទ្រលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនហុងកុងទូទៅ ហើយវាផ្ទុយពី​អ្វីដែលអាជ្ញាធរ​ហុងកុង ធ្លាប់បានអះអាងថា ប្រជាជនហុងកុងមួយចំនួនធំ មិនបានគាំទ្របាតុកម្ម​ដើម្បីប្រជាធិបតេយ្យ នាពេល​កន្លងមកនេះឡើយ។

ឆ្លើយទៅកាន់អ្នកកាសែតបារាំងAFP បាតុករអាយុ៥០ឆ្នាំម្នាក់ បានលើកឡើងថា៖ "ទោះបីប្រជាជនចង់សម្តែង​មតិដោយរបៀបណា ដោយការដង្ហែរក្បួនសន្តិភាព ដោយការធ្វើបាតុកម្មហិង្សា ក៏អាជ្ញាធរហុងកុង នៅតែមិនកម្រើក នៅតែមិនស្តាប់មិនឮ ការចង់បានរបស់ប្រជាជនដដែល"។ លោកបន្ថែមថា៖ "រដ្ឋបាលហុងកុង រាល់ថ្ងៃនេះ ស្តាប់តែបង្គាប់បក្សកុម្មុយនិស្តប៉េកាំងតែមួយប៉ុណ្ណោះ"

យុវជនបាតុករអាយុ២១ឆ្នាំម្នាក់ទៀត បានលើកឡើងថា៖ រដ្ឋបាលហុងកុង មិនអាចរំងាប់ការស្រេចឃ្លានចង់បានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនបានទេ។ បើរដ្ឋបាលហុងកុង នៅតែធ្វើមិនដឹងមិនឮ ប្រជាជនហុងកុង នឹងនៅតែបន្តទាមទារ"។ លោក Jimmy Sham តំណាងក្រុម​ប្រជាប្រយុទ្ធ​ ដើម្បី​សិទ្ធិមនុស្ស បានអះអាងថា៖ "បាតុកម្មលើកនេះ គឺប្រជាជនផ្តល់ឱកាសជាចុងក្រោយ ឲ្យលោកស្រីការី ឡាំ ក៏ដូចជារដ្ឋបាលហុងកុង ត្រូវប្រញ៉ាប់​បំពេញការចង់បានរបស់ប្រជាជនហុងកុង"។

តែយ៉ាងណា បើតាមការសង្កេត គឺមិនមានសញ្ញាណណាមួយ បង្ហាញថាលោកស្រីការី ឡាំ ប្រមុខរដ្ឋបាល​ហុងកុង នឹង​ធ្វើបន្ទន់ឥរិយាបថនោះឡើយ។ បើទោះបីលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី​២៤វិច្ឆិកា បានផ្តល់ជ័យជំនះដល់បក្សប្រជាធិបតេយ្យមែនពិត​ តែមកទល់ពេលនេះ លោកស្រីការី ឡាំ មិនទាន់បាន​បោះដៃ ធ្វើសម្បទានមួយចំណុចណាទាល់តែសោះ ទៅខាងក្រុមប្រជាធិបតេយ្យហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ