អានតួអត្ថបទ
ភូមា-នយោបាយ

ប្រជាជន​ភូមា​មួយក្រុម​ធ្វើ​បាតុកម្ម​ប្រឆាំង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​ ២៨​កុម្ភៈ​នៅ​ទីក្រុង​រ៉ង់ហ្គូន​ មាន​ប្រជាជន​ភូមា​មួយក្រុម​មាន​គ្នា​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​ភូមា។មាត្រា​នេះ​ហាម​មិន​ឲ្យ​អ្នក​ដែល​មាន​ឪពុក​រឺ​ម្តាយ​ជា​ជនជាតិ​បរទេស​ឡើង​កាន់​មុខ​ដំណែង​ជា​ប្រធានាធិបតី​ភូមា​ទេ។ក្រុម​បាតុករ​បាន​ទាមទារ​ថា​ប្រធានាធិបតី​ភូមា​គឺ​ត្រូវ​តែ​​មាន​ឈាម​កំណើត​ជា​ភូមា​សុទ្ធសាធ។

លោកស្រី​ Aung San Suu Kyi ​ពេល​ទៅដល់​សភា​​នៅក្រុង​ Naypyitaw
លោកស្រី​ Aung San Suu Kyi ​ពេល​ទៅដល់​សភា​​នៅក្រុង​ Naypyitaw © Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​មាន​បាតុកម្ម​នៅ​ទីក្រុង​រ៉ង់ហ្គូន​ ដែល​ប្រឆាំង​តវ៉ា ​និង​គម្រោង​ធ្វើ​វិសោធនកម្ម​ លើ​មាត្រា​៥៩​ នៃ​រដ្ឋធម្មនុញ្ញ​ភូមា។ ក្រុម​បាតុករ​ ដែល​មាន​ពាក់​អាវ​យឺត​ មាន​សរសេរ​អក្សរ​ពី​លើ​ថា ​ហាម​ប៉ះពាល់​មាត្រា ​៥៩។​ សូម​បញ្ជាក់​ថា ​មាត្រា​៥៩ ​នៃ​រដ្ឋធម្មនុញ្ញ​​ភូមា​ មាន​ចែងលក្ខខណ្ឌ​ជា​ច្រើន​ចំណុច​ ចំពោះ​បេក្ខជន ​ដែល​អាច​ក្លាយ​ជា​ប្រធានាធិបតី​ភូមា។

មាត្រា​ ៥៩-B  ​និង ​៥៩-F
មាត្រា​៥៩-B​ចែង​ថា ​អាច​ក្លាយ​ជា​ប្រធានាធិបតី​ភូមា​បាន​ ជន​នោះ​ត្រូវតែ​ជា​ជនជាតិ​ភូមា​ពី​កំណើត ​ហើយ​ដែល​មាន​ឪពុក ​និង​ម្តាយ​ ទាំង​ពីរ​នាក់​ជា​ជនជាតិ​ភូមា​ពី​កំណើត​ដែរ។ រីឯ​មាត្រា ​៥៩-F ​កំណត់​ថា ​អាច​ធ្វើ​ប្រធានាធិបតី​បាន ​គឺ​ជន​នោះ​មិន​ត្រូវ​មាន​ប្តី​ រឺ​ប្រពន្ធ​ជា​ជន​បរទេស ​រឺ​មិន​ត្រូវ​មាន​កូន​ដែល​មាន​សញ្ជាតិ​បរទេស​ឡើយ។ ​គឺត្រង់​មាត្រា ​៥៩-F​ នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​លោក​ស្រី​អ៊ុងសាន ស៊ូជី ​មិន​អាច​ឡើង​កាន់​មុខ​ដំណែង​ប្រធានាធិបតី​បាន​​ ព្រោះស្វាមី​ និង​កូនៗ​លោកស្រី​មាន​សញ្ជាតិ​អង់គ្លេស។

ក្រុម​អ្នក​តវ៉ា ​បាន​បរិយាយ​ថា ​ពួក​គេ​គ្មាន​ចេតនា​ហាមឃាត់​លោកស្រី​អ៊ុងសាន ស៊ូជី​មិន​ឲ្យក្លាយ​ជា​ប្រធានាធិបតី​នោះ​ទេ។ ពួកគេ​គ្រាន់តែ​ចង់​ការពារ​ប្រទេស​ភូមា ​មិនឲ្យ​ជន​បរទេស​ណា​ផ្សេង​ ក្រៅ​ពី​ជនជាតិ​ភូមា​ពិតប្រាកដ​ពី​កំណើត​ មក​ដឹកនាំ​តែ​ប៉ុណ្ណោះ។ មេក្រុម​បាតុករ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ​ជន​បរទេស​មិន​ដែល​ស្រលាញ់ជាតិ​ភូមា ​រឺ​ធ្វើ​ល្អ​លើ​ភូមា ​ដូច​ជនជាតិ​ភូមា​ខ្លួន​ឯង​ឡើយ។ បាតុករ​ម្នាក់ទៀត​ថា ​បើ​គេ​លប់​មាត្រា​៥៩​នេះ​ចោល ​ គឺ​មាន​ន័យ​ថា​ថ្ងៃក្រោយ​ទៅ ​មនុស្ស​ម្នាក់​ដែល​មាន​ដើម​កំណើត​អ៊ីស្លាម​ នឹង​អាច​ក្លាយ​ជា​ប្រធានាធិបតី​ភូមា​បានហើយ។ នេះជា​រឿង​ដែល​គេ​មិន​អាច​ទទួល​យក​បាន​ទេ។

យ៉ាងណា​ក៏ដោយ ​បើស្តាប់​ហេតុផល​ទាំងអស់​នេះ​ ​វា​សបង្ហាញ​ពី​គំនិត​ រើសអើង​ប្រកាន់​ពូជសាសន៍​របស់​ហ្វូង​បាតុករ​ ជា​ពិសេស​គឺ​ទៅលើ​ក្រុម​សហគមន៍​ជនជាតិ​ភូមា ​ដែល​កាន់​សាសនា​អ៊ីស្លាម ​ដូចជា​ប្រជាជន​រ៉ូហ៊ីងយ៉ាស ​និង​ជនជាតិ​ភាគ​តិច​ឯទៀត​ជាដើម។ មួយ​វិញ​ទៀត ​ហេតុផល​ទាំងអស់​នេះ ​គ្រាន់តែ​ជា​លេស​ ដើម្បី​ហាម​មិន​ឲ្យ​គេ​ប៉ះពាល់​មាត្រា​៥៩​ទាំងស្រុង​តែ​ប៉ុណ្ណោះ ​ដើម្បី​រារាំង​មិន​ឲ្យ​លោក​ស្រី​អ៊ុងសាន ស៊ូជី​ ក្លាយ​ជា​ប្រធានាធិបតី។​ តាមពិត ​បើ​គ្រាន់តែ​ធ្វើ​វិសោធនកម្ម​ លប់​ចោល​ចំណុច F ​នៃ​មាត្រា​៥៩​ គឺ​វា​នឹង​អាច​អនុញ្ញាតិ​ឲ្យ​លោកស្រី​អ៊ុងសាន​ សូជី ​ក្លាយជា​ប្រធានាធិបតី​ ដោយ​រក្សា​លក្ខខណ្ឌ​ដើម​កំណើត​ឪពុកម្តាយ​ជា​ភូមា ​ឲ្យ​នៅ​ដដែល​បាន។

មិនចង់​ធ្វើ​ឲ្យ​ក្រុម​យោធា​មួរម៉ៅ៖
ខាង​គណបក្ស​លោកស្រី ​អ៊ុងសាន ស៊ូជី ​នៅ​មិនទាន់​មាន​ការ​តវ៉ា​យ៉ាង​ណា ​ចំពោះ​បញ្ហា​វិសោធនកម្ម​នេះ​នៅ​ឡើយ​ទេ។ គេ​អាច​យល់​បាន​ថា ​លោកស្រី​នៅ​មិន​ចង់​ទាមទារ​អ្វី​ឲ្យ​ច្រើន​ហួស ​ដែល​អាច​បង្ក​ការ​ក្តៅ​ក្រហាយ​ដល់​ក្រុម​យោធា​ទេ ​ព្រោះ​សម្រាប់​ដំណាក់កាល​នេះ​ ដែល​ក្រុម​យោធា​បាន​ទទួល​ស្គាល់ ​ឲ្យ​គណបក្ស​លោកស្រី​បាន​ចូលកាន់​កាប់​សម្លេង​ភាគច្រើន​ក្នុង​សភា​ វា​​គឺ​ជា​ជោគជ័យ​មួយ​ធំ​ណាស់​ទៅ​ហើយ។ ការ​ពិត​ទៅ​ នរណា​ក៏​ដឹងដែរ​ថា​ មាត្រា​៥៩ ​នៃ​រដ្ឋ​ធម្មនុញ្ញ​ភូមា ​ដែល​បាន​តាក់តែង​ឡើង​ដោយ​ក្រុម​យោធា​ផ្តាច់ការ​ នៅ​ឆ្នាំ​២០០៨​ ​គឺធ្វើ​ឡើង​ក្នុង​គោលបំណង​តែ​មួយ​គត់​ ​គឺ​រារាំង​មិន​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ ក្នុង​ករណី​ដែល​លោកស្រី​ឈ្នះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ