អានតួអត្ថបទ
ភូមា-នយោបាយ

លោកស្រី​អ៊ុងសាន ស៊ូជី ប្រាថ្នា​ឲ្យ​ជនជាតិ​ភាគតិច​មាន​សិទ្ធ​អំណាច​ច្រើន

នៅ​មិនទាន់​បាន​មួយ​ខែ​ទេ ​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ របស់​លោកស្រី​អ៊ុងសាន សូជី​ បាន​ឡើង​កាន់​អំណាច​ជា​ផ្លូវការ។​ ថ្លែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ​ក្នុង​ឱកាស​ជូនពរ​ឆ្នាំ​ថ្មី​ លោកស្រី​អ៊ុង​សាន ស៊ូជី ​បាន​មាន​ប្រសាសន៍ ថា​​រដ្ឋាភិបាល​ថ្មី​ភូមា ​នឹង​ខិតខំ​កសាង​សន្តិភាព​ទូទាំង​ភូមា។ ក្នុង​ន័យ​នេះ​លោកស្រី ​មាន​បំណង​ចង់​ឲ្យ​តំបន់​ជនជាតិ​ភាគ​តិច​ទាំង​អស់​របស់​ភូមា ​បាន​ទទួល​នូវ​សិទ្ធិ​អំណាច​ ម្ចាស់ការ​ច្រើន ​ដើម្បី​បញ្ចប់​ការ​តវ៉ា​បះបោរ ​និង​អំពើ​ហិង្សា។

លោកស្រី​អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រី​ការបរទេស​ភូមា និងជា​ជំនួយ​ការពិសេស​របស់​ប្រធានាធិបតី​ភូមា
លោកស្រី​អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រី​ការបរទេស​ភូមា និងជា​ជំនួយ​ការពិសេស​របស់​ប្រធានាធិបតី​ភូមា REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ភូមា​ គឺជា​សាធារណរដ្ឋ​សហព័ន្ធ ​ដែល​ផ្គុំ​ដោយ​រដ្ឋ​សមាជិក​ជាច្រើន។ អ្វី​ដែល​ជា​ការងារ​អាទិភាព​ នៃ​រដ្ឋាភិបាល​ថ្មី​ប្រជាធិបតេយ្យ​ភូមា ​គឺ​​ការ​កសាង​នូវ​ការ​បង្រួបបង្រួម​ជាតិ​មួយ ​ឲ្យ​រឹងមាំ។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោកស្រី ​អ៊ុងសាន ស៊ូជី ​ថ្លែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ភូមា ​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ កាល​ពី​ថ្ងៃ​ទី​១៧​មេសា។ ការ​កសាង​សន្តិភាព ​បញ្ចប់​អំពើ​ហិង្សា​បះបោរ ​នៅ​តាម​រដ្ឋ​សមាជិក ​ ​គឺ​ជា​វិធី​តែមួយ​គត់ ​ដើម្បី​ស្ថាបនា​ភូមា។

 
បន្ទាប់​ពី​បាន​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ​ក្នុង​ឆ្នាំ​១៩៤៨ ​ ជនជាតិ​ភាគតិច​ជាច្រើន​ក្រុម ​ដែល​គ្រប់គ្រង​ដែនដី​មួយ​ភាគធំ​នៅ​ភាគ​ខាង​ជើង ​ តែងតែ​ធ្វើការ​រើ​បំរះ​ទាមទារ​នូវ​អធិបតេយ្យភាព។ ជាមួយ​នឹង​របប​ផ្តាច់ការ​យោធា​ភូមា​ ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់​កន្លះ​សតវត្ស ​ចលនា​តស៊ូ​រើ​បំរះ​របស់​ប្រជាជន​ជនជាតិ​ភាគ​តិច​មាន​កាន់តែ​ខ្លាំង ​ ដោយសារ​តែ​អំណាច​រដ្ឋបាល​ទាំងស្រុង ​ត្រូវ​ប្រមូល​ផ្តុំ​នៅ​លើ​ដៃ​អំណាច​កណ្តាល​របស់​ពួក​យោធា​តែមួយ។ រដ្ឋធម្មនុញ្ញ​ ដែល​ក្រុម​នេះ​បាន​តាក់តែង​ក្នុង​ឆ្នាំ​២០០៨​ ស​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់ ​អំពី​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ជនជាតិ​ភាគតិច ​ ដែល​ជា​ប្រជាជន​ម្ចាស់ស្រុក ​នៅ​តាម​រដ្ឋ​ភាគ​ជើង។

គួរ​រំលឹង​ផងដែរ​ថា ​ជោគ​ជ័យ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ​កន្លង​ទៅ​របស់​គណបក្ស​លោកស្រី​អ៊ុង​សាន ស៊ូជី ​គឺ​បាន​មក​មួយ​ផ្នែក ​ ក៏ដោយ​សារ​តែ​សម្លេង​គាំទ្រ​នៅ​តាម​រដ្ឋ​ភាគខាង​ជើង ​ ដែល​មាន​ជនជាតិ​ភាគ​តិច​រស់នៅ​ច្រើន។ ពួក​គេ​ត្រូវការ​ការ​ផ្លាស់ប្តូរ ​​ចាកចេញ​ពី​អំណាច​យោធា​ផ្តាច់ការ ​ ទើប​ពួក​គេ​បោះឆ្នោត​គាំទ្រ ​ក្រុម​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី។ ម្យ៉ាង​វិញទៀត​ តំបន់​ជនជាតិ​ភាគ​តិត ​ដែល​សំបូរ​ទៅ​ដោយ​សម្បត្តិ​រ៉ែមាស ​រ៉ែត្បូង​ និង​ឈើ​ប្រណិត ​ គឺ​ជា​ចំនុច​យុទ្ធសាស្រ្ត​ផងដែរ ​សម្រាប់​សេដ្ឋកិច្ច​ភូមា។

តាម​រយៈ​សារ​របស់​លោកស្រី​អ៊ុងសាន ​ស៊ូជី​ នា​ពេល​នេះ ​លោកស្រី​បាន​សន្យា​ថា​ នឹង​ធ្វើ​យ៉ាង​ណា ​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​បាន​ច្រើន​ដល់​តំបន់​ជនជាតិ​ភាគតិច​ តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។ ក៏​ប៉ុន្តែ​ចំណុច​នេះ​ហើយ​ដែល​ស្ថិត​ក្នុង​ការ​លំបាក ​ ដោយសារ​តែ​ក្រុម​យោធា​ភូមា ​នៅតែ​មាន​សមាជិក​សភា​របស់​ខ្លួន ​ចំនួន​១ភាគ​៤ ​នៃ​ចំនួន​តំណាង​រាស្ត្រ​សរុប។ ការ​នេះ ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាច​បរាជ័យ ​ដោយសារ​តែ​គ្មាន​អ្នក​យល់​ព្រម​គ្រប់គ្រាន់ ​ឲ្យ​បាន​លើស​ពី​៧៥%៕

គំនូសបែងចែកតំបន់​នានា ​ដែល​មានជនជាតិ​​​ខុសៗ​​គ្នា​រស់​នៅ​ ក្នុង​ប្រទេសភូមា
គំនូសបែងចែកតំបន់​នានា ​ដែល​មានជនជាតិ​​​ខុសៗ​​គ្នា​រស់​នៅ​ ក្នុង​ប្រទេសភូមា le-cartographe.net

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ