អានតួអត្ថបទ
តៃវ៉ាន់-ជប៉ុន

តៃវ៉ាន់​ទាមទារ​ឲ្យ​ជប៉ុន​សុំទោស ​និង​សង​ជម្ងឺចិត្ត​ស្រី្ត​កំដរ​តៃវ៉ាន់ ​កាល​ពី​ជំនាន់​សង្រ្គាម​ដែរ

មួយ​ថ្ងៃ​បន្ទាប់​ពី​ជប៉ុន ​និង​កូរ៉េ​ខាងត្បូង ​បាន​ត្រូវរូវ​គ្នា​សម្រេច​កិច្ច​ព្រមព្រៀង ​ស្តីពី​ការ​សង​ជម្ងឺចិត្ត​ ដល់​ស្ត្រី​ជនជាតិ​កូរ៉េ ​ដែល​ធ្លាប់​ត្រូវ​គេ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្រី្ត​បំរើ​ផ្លូវភេទ ​របស់​ទាហាន​ជប៉ុន ​កាល​ពី​ជំនាន់​សង្រ្គាម​ នៅ​ថ្ងៃ​អង្គារ​នេះ ​គឺ​តៃវ៉ាន់ ​បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ដែរ​ ថា​ជប៉ុន​ក៏​ត្រូវ​តែ​សង​ជម្ងឺចិត្ត​ ដល់​ស្រ្តី​ជនជាតិ​តៃវ៉ាន់​ដែរ។ ជា​ការពិត ​ស្ត្រី​កំដរ​ផ្លូវភេទ ​ដែល​ត្រូវ​កងទ័ព​ជប៉ុន​ចាប់​បង្ខំ ​ក្នុង​ជំនាន់​អាណានិគម​ចក្រព័ត្រ​ជប៉ុន​ គឺ​មិនមែន​មាន​តែ​ជនជាតិ​កូរ៉េ​ទេ ​គឺ​មាន​ស្រ្តី​តៃវ៉ាន់ ​ចិន ​និង​ហ្វីលីពីន​ជាដើម។

រូបសំណាក​តំណាង​ឲ្យ​ស្រ្តី​កំដរផ្លូវភេទ​កូរ៉េ​ នៅ​ទីក្រុង​សេអ៊ូល
រូបសំណាក​តំណាង​ឲ្យ​ស្រ្តី​កំដរផ្លូវភេទ​កូរ៉េ​ នៅ​ទីក្រុង​សេអ៊ូល REUTERS
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​សង​ជម្ងឺចិត្ត​ ស្ត្រី​ជនជាតិ​កូរ៉េ ​ អញ្ចឹង​មាន​រឿងអី ​ដែល​ស្ត្រី​ជនជាតិ​តៃវ៉ាន់​ មិន​ត្រូវ​បាន​ទទួល​សំណង​ដែរ?​ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​  ម៉ា យីងជើ ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ​ដែល​បាន​មាន​ប្រតិកម្ម ​ក្រោយ​ពេល​ដែល​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង ​បាន​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង ​ស្តី​ពី​ការ​សង​ជម្ងឺចិត្ត ​ទៅ​ដល់​ស្រ្តី​ទាសករ​ផ្លូវភេទ​កូរ៉េ ​ក្នុង​ជំនាន់​អាណានិគម​ជប៉ុន។ លោក​ប្រធានាធិបតី​តៃវ៉ាន់ ​ក៏​បាន​ទាមទារ​ ឲ្យ​ជប៉ុន​ធ្វើ​ការ​សុំទោស​ ជា​សាធារណៈ ​នូវ​ទង្វើរ​ព្រៃផ្សៃ ​អនុស្សធម៌​កន្លង​មក​ ដែល​ខ្លួន​ធ្លាប់​បាន​ប្រព្រិត្តិ ​ក្នុង​សម័យ​សង្រ្គាម​ចក្រព័ត្រ ​ទៅ​លើ​ប្រជាជន​តៃវ៉ាន់។

 
នៅ​ចន្លោះ​ពី​ឆ្នាំ ​១៨៩៥​ ដល់​ឆ្នាំ​១៩៤៥​ កោះ​តៃវ៉ាន់ ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ របស់​ទាហ៊ាន​ចក្រព័ត្រ​ជប៉ុន​ ហើយ​កាល​ជំនាន់​នោះ ​មាន​ស្ត្រី​តៃវ៉ាន់​ជាច្រើន ​ត្រូវ​បាន​គេ​ កៀងគរ​ចាប់​បង្ខំ​ ឲ្យ​ធ្វើ​ជា​ស្ត្រី​កំដរ​ បំរើ​ការ​សប្បាយ​របស់​ទាហាន​ជប៉ុន។ គ្រប់​ប្រទេស​ ដែល​ធ្លាប់​ស្ថិត​ក្រោម​អំណាច​ជប៉ុន​កាល​ជំនាន់​នោះ ​គឺ​មាន​ករណី​ចាប់​បង្ខំ​ស្ត្រី​ ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​នេះ​ នៅ​គ្រប់​ទី​កន្លែង​ ឲ្យ​តែ​មាន​ទាហាន​ជប៉ុន​ ដូច​ជា​នៅចិន ​ កូរ៉េ ​ហ្វីលីពីន ​និង​ឥណ្ឌូណេស៊ី​ជាដើម។

នៅ​កោះ​តៃវ៉ាន់ ​មាន​ស្ត្រី​ចំនួន​ ប្រមាណ​ជា​៥៨​នាក់ ​ប៉ុណ្ណោះ ​ដែល​ត្រូវ​ជប៉ុន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​ ពិត​ជា​ស្ត្រី​ដែល​ធ្លាប់​រងគ្រោះ​ ដោយ​ការ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ស្រី​កំដរ។ ហើយ​បច្ចុប្បន្ន​អ្នក​ដែល​នៅ​រស់​មាន​ជីវិត​ នៅ​តៃវ៉ាន់ ​គឺ​សល់​តែ​៤នាក់​ប៉ុណ្ណោះ ​ដែល​ភាគច្រើន ​​មាន​អាយុ​ជាង​៩០​ឆ្នាំ​ទៅ​ហើយ។ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ជាច្រើន ​យល់​ថា ​ចំនួន​ស្ត្រី​ដែល​ធ្លាប់​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​ឲ្យ​ជប៉ុន​ នៅ​លើ​កោះ​តៃវ៉ាន់ ​គឺ​មាន​ចំនួន​ប្រមាណ​ជា​ ២០០០​នាក់ ​មិន​មែន​ ៥៨​នាក់ទេ។

យ៉ាងណា​ក៏ដោយ​ ប្រមុខ​រដ្ឋាភិបាល​តៃវ៉ាន់ ​បាន​ទាមទារ​ឲ្យ​ជប៉ុន ​ទំនុក​បំរុង​ស្រ្តី​៤នាក់​ ដែល​នៅ​រស់ ​ ហើយ​នឹង​ធ្វើ​ការ​ទទួល​ស្គាល់​ជា​សាធារណៈ។ ជប៉ុន​មិន​អាច ​សង​ជម្ងឺចិត្ត​ស្ត្រី​ជនជាតិ​កូរ៉េ​ហើយ ​ ចាត់ទុក​ថា​បាន​ធ្វើ​ចប់​សព្វ​គ្រប់​នោះ​ទេ។ ជប៉ុន​ត្រូវ​តែ​ធ្វើ​វា​ទៅ​គ្រប់​កន្លែង​ទាំងអស់ ​ហើយ​នេះ​គឺ​ជា​វិធី​តែ​មួយ​គត់ ​ ដើម្បី​ធ្វើការ​សុំ​ខមាលទោស​ ព្រម​​ទាំង​ផ្តល់​យុត្តិធម៌​ ដល់​ជន​រង​គ្រោះ​ទាំងអស។

សូម​បញ្ជាក់​ផងដែរ​ថា ​កាល​ពី​ថ្ងៃ​ ២៨ ធ្នូ​រដ្ឋាភិបាល​ជប៉ុន​សុខចិត្ត​សុំទោស​ស្ត្រី​ជនជាតិ​កូរ៉េ ​ហើយ​បាន​ផ្តល់​ប្រាក់​ជាង​៧លាន​យ៉េន ​ដើម្បី​សង​ជម្ងឺ​ចិត្ត។ ប៉ុន្តែ​សម្រាប់​អ្នក​រិះគន់​កិច្ច​ព្រមព្រៀង​នេះ ​គេ​យល់​ថា​ វា​នៅ​តែ​អយុត្តិធម៌​ ព្រោះ​ការ​សង​ជម្ងឺចិត្ត​នេះ ​ជប៉ុន​មិន​បាន​បញ្ជាក់​ថា​ជា​សំណង​ ដែល​មាន​តម្លៃ​គតិយុត្តិ ​ស្តែង​ចេញ​ពី​ការ​ទទួល​ស្គាល់​ពី​ឧក្រិដ្ឋកម្ម​របស់​ជប៉ុន​ ជា​ផ្លូវការ​ទេ។ ដោយឡែក​នៅ​ក្រុង​តូក្យ៉ូ​ឯណោះ​វិញ ​ អ្នក​ជាតិ​និយម​ជប៉ុន​ជាង​២០០​នាក់​ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ នៅ​មុខ​វិមាន​រដ្ឋាភិបាល ​ដោយ​បាន​ស្រែក​បន្ទោស​លោក​ ស៊ិន ហ្ស៊ូអាបេ ​ថា​បាន​បន្ថោក​បន្ទាប​កិត្តិយស​ជប៉ុន ​ ហើយ​មិន​គោរព​វិញ្ញាណខ័ន​ របស់​កងទ័ព​ជប៉ុន ​ដែល​បាន​ពលីជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ