អានតួអត្ថបទ
ជប៉ុន-កូរ៉េខាងជើង

ឆ្មាំសមុទ្រ​ជប៉ុន ​ប្រទះ​ឃើញ​សាកសព​មនុស្ស​១០​នាក់ ​សង្ស័យ​ជា​ជនជាតិ​កូរ៉េ​ខាង​ជើង

យ៉ាងហោចណាស់ មានសាកសពមនុស្ស១០នាក់ ដែលត្រូវបានឆ្មាំសមុទ្រជប៉ុន​ ប្រទះឃើញនៅ២កន្លែងផ្សេងគ្នា នៅតាមឆ្នេរ ភាគពាយព្យរបស់ជប៉ុន ទល់មុខនឹងកូរ៉េខាងជើង។ តាមការសន្និដ្ឋានបឋម  មនុស្សដែលស្លាប់ទាំងនោះ អាចជាអ្នកនេសាទ ជនជាតិកូរ៉េខាងជើង ឬក៏អាចជាប្រជាជនកូរ៉េខាងជើង ដែលប៉ុនប៉ងរត់គេច ចេញពីកូរ៉េខាងជើង ផងក៏ថាបាន។

សមត្ថកិច្ចជប៉ុន ចុះពិនិត្យ​សាកសព​ក្នុងទូក​ឈើ​ នៅ​ Akita​ ថ្ងៃទី​២៧​ វិច្ឆិកា ​២០១៧
សមត្ថកិច្ចជប៉ុន ចុះពិនិត្យ​សាកសព​ក្នុងទូក​ឈើ​ នៅ​ Akita​ ថ្ងៃទី​២៧​ វិច្ឆិកា ​២០១៧ Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

សាកសពមនុស្ស២នាក់ ត្រូវបានគេប្រទះឃើញ នៅតាមឆ្នេរ លើកោះមួយ នៅខាងមុខទីក្រុង Niigata កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ឆ្មាំសមុទ្រជប៉ុន បានប្រទះឃើញ មានបំណែកទូកឈើ ដែលអណ្តែតមកទើរ នៅតាមឆ្នេរ បើតាមការសង្ស័យ អាចជាទូកនេសាទ មកពីកូរ៉េខាងជើង។

មន្ត្រីនរគបាលជប៉ុន បានអះអាងថា ដោយសារតែសាកសព មានលក្ខណៈហើមរលួយទៅហើយ ដូចនេះ គេមិនអាចធ្វើកោសល្យវិច័យបានទេ។ តែយ៉ាងណា គេសង្ស័យថា សាកសពនោះ អាចជាប្រជាជនកូរ៉េខាងជើង ព្រោះគេបានប្រទះឃើញ មានប្រអប់ដាក់ថ្នាំជក់កូរ៉េខាងជើង នៅក្បែរសាកសព ហើយសាកសព ទាំងពីរ មានពាក់អាវពោង ដែលមានសរសេរអក្សរកូរ៉េនៅពីលើ។

ជាមួយគ្នានេះដែរ នៅភាគខាងជើងបន្តិច ក្នុងខេត្ត Akita ឆ្មាំសមុទ្រ​ជប៉ុន ក៏បានប្រទះឃើញ សាកសពមនុស្ស៨នាក់ផ្សេងទៀត អណ្តែតនៅក្នុងទូកឈើបាក់បែកមួយ កាលពីថ្ងៃសុក្រកន្លងទៅ ប៉ុន្តែទើបតែសណ្តោងយកមកលើឆ្នេរបាន នៅថ្ងៃចន្ទ ទី២៧វិច្ឆិកានេះ។ ដោយឡែក សមត្ថកិច្ចជប៉ុន បានអះអាងថា គេមិនអាចសន្មត់ឲ្យជាក់ប្រាដកបានទេថា មនុស្សទាំង៨នាក់ ដែលស្លាប់ក្នុងទូកនេះ គឺជាអ្នកនេសាទ ជនជាតិកូរ៉េខាងជើង ដោយសារតែនៅក្នុងទូក ពុំវត្ថុ ឬសម្ភារៈអ្វី អាចជួយឲ្យកំណត់បានទេ។

គួរកត់សម្គាល់ថា យូរៗម្តង ឆ្មាំសមុទ្រជប៉ុន តែងបានប្រទះឃើញទូកឈើនេសាទ និងសាកសពមនុស្ស ដែលអាចជាជនជាតិកូរ៉េខាងជើង ហើយពេលខ្លះ គេបានប្រទះអ្នកនៅរស់មានជីវិតទៀតផង។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ កន្លងទៅនេះ សមត្ថកិច្ចជប៉ុន បានបញ្ជាក់ថា គេបានប្រទះទូកនេសាទ ដែលមានផ្ទុកមនុស្ស៨នាក់ ដែលពួកគេសុទ្ធតែអះអាងថា គេជាអ្នកនេសាទកូរ៉េខាងជើង បានអណ្តែតមកដល់ខាងជប៉ុន​ ដោយសារតែទូកមានបញ្ហាម៉ាស៊ីន។

យោងតាមអ្នកជំ​នាញជប៉ុន គេជឿថា អាជ្ញាធរកូរ៉េខាងជើង បានបញ្ជាឲ្យអ្នកនេសាទខ្លួន បើកទូកមកឆ្ងាយៗ ចូលជ្រៅក្នុងសមុទ្រ ដើម្បីប្រមូលបានផលនេសាទច្រើន ដោយផ្សងនឹងគ្រោះថ្នាក់ ព្រោះជាទូទៅ ទូកនេសាទកូរ៉េខាងជើង គឺជាទូកឈើតូចៗតែប៉ុណ្ណោះ។ ជាទូទៅ មនុស្សដែលគេសង្រ្គោះបាន ភាគច្រើន បានសម្រេចត្រលប់ទៅកូរ៉េខាងជើងវិញ តែមានអ្នកខ្លះ បានស្ម័គ្រចិត្ត ទៅរស់នៅកូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ