អានតួអត្ថបទ

ចិន​អះអាង​ថា ការ​បង្រ្កាប​បាតុកម្ម​នៅ​ទីលាន​ធានអានមិន គឺជា​ការ​សម្រេច​ចិត្ត​ដ៏ត្រឹមត្រូវ

ថ្ងៃទី​៤ មិថុនា គឺ​ជាខួប៣០ឆ្នាំ នៃការបង្រ្កាបយ៉ាងហិង្សា ទៅលើបាតុកម្មរបស់ប្រជាជន​ចិន នៅទៅលានធានអានមិន នៅឆ្នាំ១៩៨៩។​ ក្នុងឱកាសវេទិកាសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ដែល​កំពុងប្រព្រឹត្តិធ្វើទៅ នៅប្រទេសសឹង្ហបុរី លោករដ្ឋមន្ត្រីការពារជាតិចិន បានថ្លែងអះអាងថា ការបង្រ្កាបបាតុកម្ម នៅទីលានធានអានមិន នៅឆ្នាំ៨៩ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់រដ្ឋាភិបាលចិន កាលជំនាន់នោះ។

ប្រជាជនចិន រាប់ម៉ឺននាក់ ធ្វើ​បាតុកម្ម​​ទាមទារ​លិទ្ធិប្រជាធិបតេយ្យ នៅ​​ទីលាន​​ធានអានមិន ខាងមុខ​វិមាន​ដំកល់សព ម៉ៅ សេទុង។ ថ្ងៃទី​១៧ ឧសភា ១៩៨៩
ប្រជាជនចិន រាប់ម៉ឺននាក់ ធ្វើ​បាតុកម្ម​​ទាមទារ​លិទ្ធិប្រជាធិបតេយ្យ នៅ​​ទីលាន​​ធានអានមិន ខាងមុខ​វិមាន​ដំកល់សព ម៉ៅ សេទុង។ ថ្ងៃទី​១៧ ឧសភា ១៩៨៩ REUTERS/Ed Nachtrieb
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេទ័ពធំៗ ជាច្រើនប្រទេស លោកមេបញ្ជាការ Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន បានថ្លែងថា៖ “បាតុកម្មនៅទីលាន​ធានអានមិន នៅឆ្នាំ១៩៨៩ គឺជាសកម្មភាពវិកវរនយោបាយ ហើយរដ្ឋាភិបាល ត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបិទបញ្ចប់ ស្ថានភាពវិកវរនេះ។ ដូច្នេះ ការបង្រ្កាបបាតុកម្មនេះ គឺជាការសម្រេចចិត្ត​​ដ៏ត្រឹមត្រូវបំផុត”។

លោករដ្ឋមន្ត្រីចិនរូបនេះ បន្តថា៖ “ខ្ញុំឆ្ងល់ណាស់ ហេតុអ្វី បានជាប្រទេសផ្សេងៗ មើលមកចិនក្នុងផ្លូវអាក្រក់ ហើយរិះគន់ចិនធ្ងន់ៗ ទាក់ទិននឹងការបង្រ្កាបបាតុកម្មនេះ”។ លោកបន្ថែមថា៖ “ប្រមាណ៣០ឆ្នាំមកនេះ ចិនបានវិវឌ្ឍន៍ផ្លាស់ប្តូរ មានសន្តិភាព និងស្ថិរភាពពេញលេញ ក៏ដោយសារតែ​ការសម្រេចចិត្ត របស់រដ្ឋាភិបាលចិន ក្នុងការបង្រ្កាប និងបិទបញ្ចប់សកម្មភាព​បាតុកម្មអាណាធិបតេយ្យ”។

សូមរំលឹកថា នៅរវាងខែឧសភា ឆ្នាំ១៩៨៩ បាតុកម្មតវ៉ា​របស់សិស្សនិស្សិត និងកម្មករចិន នៅទីក្រុងប៉េកាំង បានរីកកាន់តែធំទៅ ដើម្បីទាមទារ ឲ្យមានការផ្លាស់ប្តូរមកគោរពលទ្ធិប្រជាធិបតេយ្យ និង លប់បំបាត់អំពើពុករលួយ នៅក្នុងជួរបក្សកុម្មុយនិស្តចិន។ នៅយប់ថ្ងៃទី​៣ ឈានចូលថ្ងៃទី​៤ មិថុនា ឆ្នាំ១៩៨៩ បក្សកុម្មនីស្តចិន បានសម្រេចបញ្ជូនកម្លាំងទាហាន មានរថក្រោះជាច្រើនគ្រឿង មកបំបែកហ្វូងបាតុករ នៅទីលានធានអានមិន។ យោងតាមឯកសារជាច្រើន បានឲ្យដឹងថា ក្នុងរយៈពេលតែមួយយប់ នៃការបង្រ្កាបនេះ មានបាតុករស្លាប់យ៉ាងហោច១ម៉ឺននាក់។

៣០ឆ្នាំមកនេះ ព្រឹត្តិការណ៍នៅធានអានមិន បានក្លាយជារឿងរសើបបំផុត ដែលរដ្ឋអំណាចចិនប៉េកាំង មិនចង់ឮ ហើយក៏មិនចង់ឲ្យប្រជាជនចិន រំលឹកដែរ។ នៅតាមអ៊ីនធើនែត និងបណ្តាញសង្គម អាជ្ញាធរចិន បានបិទខ្ទប់ រាល់ការរំលឹក នឹកទៅដល់ការបង្រ្កាបបាតុកម្មនេះ។ មានតែសហគមចិននៅបរទេសទេ ដែលជាទូទៅ តែងតែ​រៀបចំធ្វើបុណ្យ រំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ ដោយការបង្រ្កាប យ៉ាងព្រៃផ្សៃ របស់កងទ័ពចិន ទៅលើហ្វូងបាតុករនៅទីលានធានអានមិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ