អានតួអត្ថបទ
ចិន

Amnesty International៖ប៉ូលិស​ចិន​បន្ត​ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ក្នុង​ពេល​ឃុំឃាំង

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បញ្ជាក់​ថា ការ​ធ្វើ​ទារុណកម្ម​​លើ​ជនសង្ស័យ​ពី​សំណាក់​ប៉ូលិស​ចិន​នៅ​ពេល​ឃុំឃាំង និង​សួរចម្លើយ គឺ​ជា​ទម្លាប់​មួយ​ដែល​កំពុង​បន្ត​មាន​ជា​ប្រចំា។ ការ​អះអាង​យ៉ាង​ដូច​នេះ​របស់ Amnesty International ដោយ​សំអាង​លើ​លទ្ធផល​នៃ​កិច្ចសន្ទនា​ជាមួយ​នឹង​ក្រុមមេធាវី​ចិន​ប្រមាណ​ជា ៤០នាក់។ ទន្ទឹម​គ្នា​នេះ មាន​មេធាវី​ខ្លះ​ក៏​បាន​សារភាព​ថា ពួក​គេ​ក៏​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែរ។

Amnesty International៖ប៉ូលិស​ចិន​បន្ត​ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ក្នុង​ពេល​ឃុំឃាំង
Amnesty International៖ប៉ូលិស​ចិន​បន្ត​ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ក្នុង​ពេល​ឃុំឃាំង Capture d'écran
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ថ្ងៃ​នេះ Amnesty International បាន​ប្រាប់​ឲ្យ​ដឹង​ពី​វិធានការ​ទារុណកម្ម​ដែល​ប៉ូលិស​ចិន​បាន​អនុវត្តន៍​លើ​ជនសង្ស័យ​ដែល​ពួក​គេ​បាន​ចាប់​ទៅ​ឃុំ រួម​មាន ទាត់ធាក់ វាយ​នឹង​ស្បែកជើង វាយ​នឹង​ដបទឹក មិន​ឲ្យ​ដេក ឬ​មួយ​ក៏​ចង​នឹង​ច្រវ៉ាក់​ជាប់​នឹង​កៅអី​អស់​ជា​ម៉ោង​ជាប់ៗ​គ្នា។ យោង​តាម​តួលេខ​ផ្លូវការ​បញ្ជាក់​ដោយ​ Amnesty International ឲ្យ​ដឹង​ថា នៅ​ចន្លោះ​ឆ្នំា ២០០៨ និង​ពាក់កណ្តាល​ឆ្នំា ២០១៥ នេះ តុលាការ​ចិន​បាន​ទទួល​បណ្តឹង​យ៉ាង​តិច ១ ៣២១ករណី​ដែល​បរិហារ​ពី​ការ​ធ្វើ​ទារុណកម្ម​ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ។ តែ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ មាន​មនុស្ស​តែ ២៧៩នាក់​ប៉ុណ្ណោះ​ដែល​បាន​កាត់ទោស​ពី​បទ​កំហែង​យក​ចម្លើយ​សារភាព​តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម។

យោង​តាម​របាយការណ៍​របស់​ Amnesty International ដដែល ក្រុម​មេធាវី​ចិន​ដែល​ខ្លះ​ជា​អ្នកតំណាង​ឲ្យ​សកម្មជន​ប្រឆំាង និង​ខ្លះ​ទៀត​ជា​សមាជិក​ក្រុមសាសនា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួក​គេ​ក៏​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ដែរ។ ក្នុង​ចំណោម​មេធាវី​ចិន ៣៧នាក់​ដែល​ Amnesty International បាន​សាកសួរ មាន ១០នាក់​បាន​និយាយ​ថា ពួក​គេ​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​តំាង​ពី​ឆ្នំា ២០១០ និង​អ្នក​ខ្លះ​ទៀត​បាន​ទទួល​រង​ការ​ដៀលត្មះ។ Amnesty International បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​ហាក់​ដូច​ជា​បាន​ទើសទាល់​ចិត្ត​ខ្លំាង​នឹង​ការ​កាត់ទោស​ដែល​គ្មាន​ភស្តុតាង​ត្រឹមត្រូវ ហើយ​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​ភាព​ចំាបាច់​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​អនុវត្តន៍​ទារុណកម្ម​លើ​ជនសង្ស័យ​ក្នុង​ពេល​ឃុំឃាំង​ប៉ុន្មាន​ទេ។

យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់​ Amnesty International បាន​ធ្លាក់​មក ១សប្តាហ៍​មុន​នឹង​គណៈកម្មការ​ប្រឆំាង​ទារុណកម្ម​របស់​អង្គការ​សហប្រជាជាតិ​ផ្តើម​ពិនិត្យ​មើល​លើ​សំណុំរឿង​របស់​ប្រទេស​ចិន​ទាក់ទង​នឹង​ទារុណកម្ម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ