អានតួអត្ថបទ
កម្ពុជា

អាស៊ាន​ជំរុញ​ឱ្យ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន

សមាគមន៍​អាស៊ាន​ស្តី​ពី​ប្រព័ន្ធ​អប់រំ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​បញ្ចេញ​របាយ​ការណ៍​ស្តី​ពី​បញ្ហា​អប់​រំ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ក្នុង​នោះ​ក៏​មាន​ដែរ​បញ្ហា​អប់​រំ​របស់​ប្រទេស​កម្ពុជា។​ របាយការណ៍​នោះ​បាន​បញ្ជាក់​ថា ​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​ទាប​គឺ​ជា​ចំណុច​ ធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​នៅ​ទន់ខ្សោយ។

លោក រ៉ុង ឈុន​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​
លោក រ៉ុង ឈុន​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ប្រាក់​បៀរវត្ស​គ្រូ​បង្រៀន​នៅ​ទាប​ តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។ នេះ​ជា​របាយការណ៍​របស់​សមាគមន៍​អាស៊ាន​ស្តី​ពី​បញ្ហា​អប់រំ​ដែល​បណ្តាញ​សារព័ត៌មាន​ទើប​តែ​ទទួល​បាន។​ ក្នុង​របាយ​ការណ៍​កំរាស់​ជាង​១០០​ទំព័រ​របស់​ខ្លួន​ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​អគ្គ​លេខាធិកា​លោក ​ឡេ ឡុងមីង។​ អាស៊ាន​ បាន​សំឡឹង​មើល​ពី​បញ្ហា​ច្បាប់ ​និង​រដ្ឋបាល ​ប្រព្ធ័ន​អប់​រំ​ជា​ទូទៅ​ទាំង​បី​កម្រិត​ ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស  ​ការ​បណ្តុះ​បណ្តាល​ក្រៅ​ប្រព៍័ន្ធ​ បញ្ហា​ប្រឈម​ដូចជា​ហិរញ្ញ​វត្ថុ ​ការ​គ្រប់គ្រង​ និង​អភិបាល​កិច្ច​ វិសមភាព​នៃ​ការ​សិក្សា ​រួម​ទាំង​គុណភាព​នៃ​ការ​អប់​រំ​ផង​ដែរ។

ក្នុង​របាយ​ការណ៍​ដដែល​នោះ ​ក្រៅ​ពី​បញ្ហា​ប្រាក់​នៅ​ទៀប​ដែល​គ្រូ​បង្រៀន​នៅ​កម្ពុជា​កំពុង​តែ​ប្រឈម​នោះ ​របាយ​ការណ៍​នេះ​ បាន​បង្ហាញ​ពី​ពី​វិសមភាព​នៃ​ការ​សិក្សា​របស់​ក្មេង​នៅ​តំបន់​ប្រជុំជន​ និង​អ្នក​នៅ​តំបន់​ដាច់​ស្រយាល​ផង​ដែរ។​ ពោល​គឺ​ក្មេង​នៅ​តំបន់​ប្រជុំជន​ដាច់​ស្រយ៉ាល​តែ​១០​ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ ​និង​ចំនួន​ក្មេង​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ចំនួន​១៨​ភាគ​រយ​ បាន​ទទួល​ការ​អប់​រំ​ស្រដៀង​គ្នា​នេះ។ ​ខណៈ​ដែល​កូន​អ្នក​មាន​ជីវភាព​ធូធារ​នៅ​តំបន់​ប្រជុំ​ជន​៦៩​ភាគ​រយ​ទទួល​បាន​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ។​ ទន្ទឹម​នឹង​នេះ ​អាស៊ាន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​បន្ត​លើក​ទឹក​ចិត្ត​ដល់​លោក​គ្រូ​អ្នក​គ្រូ​ឱ្យ​ចូល​ទៅ​បម្រើ​ការ​នៅ​តំបន់​ដាច់​ស្រយាល ​និង​តំបន់​ជនជាតិ​ភាគ​តិច។

ក្រសួង​អប់​រំ​នៅ​មិន​ទាន់​អាច​ទាក់​ទង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អាស៊ាន​ស្តី​ពី​បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​ទៀប​នេះ​នៅ​ឡើយ​ទេ។ ​យ៉ាង​ណា​ក៏​ដោយ​ក្នុង​អាណត្តិ​ទី​៥​នេះ​ ក្រសួង​អប់​រំ​បាន​សម្រេច​ផ្តល់​ប្រាក់​បំណាច់​ទៅ​ដល់​គ្រូ​បង្រៀន​គ្រប់​កម្រិត​ដើម្បី​បំពេញ​ទៅ​នឹង​ប្រាក់​ខែ​ដែល​មាន​កំរិត​ទាប​នោះ។ ប្រធាន​សមាគមន៍​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​លោក​ រ៉ុង​ឈុន ​បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​អាស៊ាន​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ការ​តំឡើង​ប្រាក់​ខែ​នេះ។ ​លោក​បាន​បញ្ជាក់​ថា​ ប្រាក់​ខែ​តិចតួច​របស់​គ្រួ​បង្រៀន​នេះ ​បាន​បណ្តាល​ឱ្យ​គ្រូបង្រៀន​ស្វែង​រក​មុខរបរ​ទី​២ ​ដែល​នេះ​គឺ​បាន​ប៉ះពាល់​គុណភាព​នៃ​វិស័យ​អប់រំ។ ​លោក​បាន​សង្កត់​ធ្ងន់​ថា​៖  «ការ​កែ​ប្រែ​ប្រព័ន្ធ​អប់​រំ​តែ​ម្ខាង​មិន​អាច​ទៅ​រួច​ទេ​ ល្គឹកណា​ប្រាក់​ខែ​គ្រូ​បង្រៀន​មិន​បាន​ដំឡើង»។

សូម​បញ្ជាក់​ថា ​នា​ពេល​បច្ចុប្បន្ន​គ្រូ​បង្រៀន​ពី​ថ្នាក់​បឋម​ទៅ​ដល់​ថ្នាក់​វិទ្យាល័យ​ទទួល​បាន​ប្រាក់​បៀរ​វត្ស​ជា​មធ្យម​ពី​៤០​ទៅ ​៦០​ម៉ឺន​រៀល​ក្នុង​រយៈ​មួយ​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ