អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

រុស្ស៊ី​ចាប់ខ្លួន​ក្រុម​ភេរវជន​អ៊ុយក្រែន​នៅ​គ្រីមេ​ អូតង់​សង្កេតឃើញ​ការ​ដកថយ​​កងទ័ព​រុស្ស៊ី​​ពី​ព្រំដែន​អ៊ុយក្រែន​

នៅថ្ងៃ​សុក្រ​ម្សិលមិញ រុស្ស៊ី​បាន​ប្រកាស​ថា បានចាប់ខ្លួន​ក្រុម​ជាតិនិយម​ជ្រុល​អ៊ុយក្រែន​មួយក្រុម ដែល​បាន​ប៉ុនប៉ង​​ធ្វើ​អំពើ​ភេរវកម្ម​​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​តំបន់​គ្រីមេ។ រុស្ស៊ី​ទើប​ភ្ជាប់​​តំបន់​គ្រីមេចូល​ក្នុង​ទឹកដី​ខ្លួន​ កាលពី​ខែ​មិនា​កន្លងទៅ។ ម្សិលមិញ​ដែរ​​ អង្គការ​អូតង់​បាន​​ប្រាប់​ថា បាន​សង្កេត​ឃើញ​ថា កងទ័ព​រុស្ស៊ី​បាន​ដក​ថយ​ពីព្រំដែន​អ៊ុយក្រែន​​ហើយ។ ដោយឡែក អ៊ុយក្រែន​បា​ន​បន្ទន់​ឥរិយា​បថ ដោយ​បាន​​​សង​បំណុល​ឧស្ម័ន​អោយ​រុស្ស៊ី​មួយ​ចំណែក។

អ្នកគាំទ្រ​រុស្ស៊ី នៅ​Slaviansk ភាគខាងកើត​អ៊ុយក្រែន
អ្នកគាំទ្រ​រុស្ស៊ី នៅ​Slaviansk ភាគខាងកើត​អ៊ុយក្រែន REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

ផ្នែក​សន្តិសុខ​រុស្ស៊ី​ បាន​ប្រកាស​នៅថ្ងៃ​សុក្រ​ម្សិលមិញ ថា​បាន​ចាប់ខ្លួន​ក្រុម​ភេរវជន​អ៊ុយក្រែន​​​​មួយក្រុម ពីបទ​​ប៉ុនប៉ងធ្វើ​ភេរវកម្ម​ ​​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​​តំបន់​​គ្រីមេ។ រុស្ស៊ី​ប្រាប់ថា ​ក្រុម​ភេរវជន​អ៊ុយក្រែន​ទាំងនេះ មាន​គ្នា​៤នាក់ ក្នុង​នោះ ​មាន​​ផលិតករ​កុន​វ័យក្មេង​មួយរូប ជា​អ្នកដឹកនាំ។ ភេរវជន​ទាំង​៤រូប​នេះ ចេញ​មកពី​ក្រុម​យោធា​ជាតិ​និយម​អ៊ុយក្រែន​មួយ ឈ្មោះថា ​Pravy Sektor។ រុស្ស៊ី​ចោទ​ពួកគេ​​ ពី​បទ​ចង់​បង្ក​ភេរវកម្ម​នៅ​ក្រុង​សាំប៉េរ៉ូហ្វូល យ៉ាល់តា និង​សេបាស្តូប៉ូល និង​ចង់​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​នៅ​គ្រីមេ។​

ដោយឡែក ម្សិលមិញ​នេះ អង្គការ​អូតង់​បាន​ប្រកាស​ថា បាន​សង្កេត​ឃើញ​ការដក​ថយ​របស់​កងទ័ព​រុស្ស៊ី​ពីរភាគ​ ​ចេញ​​ពីព្រំដែនអ៊ុយក្រែន។ អូតង់​ធ្លាប់​រំពឹង​ថា កងទ័ព​រុស្ស៊ី​នៅតាម​ព្រំដែន​អ៊ុយក្រែន​មាន​ចំនួនប្រមាណ​៤ម៉ឺននាក់។ ប្រធានាធិបតី​រុស្ស៊ី​ ធ្លាប់​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ រួចហើយ​ថា កងទ័ព​រុស្ស៊ី​នៅជិត​ព្រំដែន​អ៊ុយ​ក្រែន​នឹង​វិលត្រលប់​ទៅ​កាន់​បន្ទាយ​​ខ្លួនវិញ ក្រោយ​ពេល​​បញ្ចប់​សមយុទ្ធ​ និទាឃរដូវ​នេះ។

អង្គការ​អូតង់​បាន​សុំអោយ​ក្រុង​ម៉ូស្គូ​បញ្ឈប់​ការគាំទ្រ​​ដល់​ក្រុម​បះបោរ​ផ្តាច់ទឹកដី​និយម​ នៅ​ភាគខាងកើត​អ៊ុយក្រែន​ទៀត ហើយ​សុំអោយ​រុស្ស៊ី​បិទ​ព្រំដែន​ដើម្បី​ចៀសវាង​កុំអោយ​ក្រុម​ប្រយុទ្ធ​ អាច​ចូល​ទៅ​កាន់អ៊ុយក្រែន​បាន។ នៅថ្ងៃ​ចន្ទ​ខានស្អែក​នេះ ជំនួប​ក្រុម​ប្រឹក្សា​អូតង់-រុស្ស៊ី នឹង​បើក​ធ្វើ​ ​នៅ​ក្រុងព្រុចសែល​ ជាលើក​ដំបូង គិត​ក្រោយ​ពេល​រុស្ស៊ី​ភ្ជាប់​គ្រីមេ​ចូល​ក្នុង​ទឹកដី​ខ្លួន​ ក្នុង​ខែ​មិនា​មក។ ​ជំនួប​នេះ​នឹង​​​មាន​ការចូលរួម​របស់​ប្រទេស​សមាជិក​អូតង់​ទាំង២៨។

ម្សិលមិញ​នេះ ក្នុង​ជំនួប​រវាង​​បេសកជន​ផ្នែក​ថាមពលអឺរ៉ុប​ និង​​រដ្ឋមន្ត្រី​ថាមពល​រុស្ស៊ី នៅ​ក្រុង​ប៊ែរឡាំង ​រដ្ឋមន្ត្រី​ថាមពល​អ៊ុយក្រែន​​បាន​ប្រាប់ថា ​អ៊ុយក្រែន​បាន​​​​សង​ថ្លៃ​ជំពាក់​ឧស្ម័ន​​ជា​ទឹកប្រាក់​៧៨៦លាន​ដុល្លារ​អោយ​ក្រុមហ៊ុន​ហ្កាសព្រូម​រុស្ស៊ី។ ទឹកប្រាក់​នេះ ត្រូវ​នឹង​​ថ្លៃ​ជំពាក់ឧស្ម័ន​​ខែ​កុម្ភៈ និង​មិនា។ ទង្វើ​អ៊ុយក្រែន​​​​ជា​ការ​ជួយ​​សម្រួល​ភាពតានតឹង​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី ព្រោះថា កន្លងមក​​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី បាន​គម្រាម​កាត់ផ្តាច់​រ៉ូប៊ីណេ​ឧស្ម័ន​ ចាប់ពីថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ ប្រសិន​បើ​អ៊ុយក្រែន​មិនព្រម​ចេញ​សង​ថ្លៃ​ជំពាក់​ខ្លះ​ទេនោះ។

ទាក់ទង​វិបត្តិ​អ៊ុយក្រែន​នេះ​ដែរ ​សមាជិក​សភា​អាមេរិក​៣រូប​បាន​សុំអោយ​បារាំង​​​​បញ្ឈប់​កិច្ច​សន្យា​​លក់​នាវា​ចំបាំង​ប្រភេទ​មីស្ត្រាល់ Mistral ពីរគ្រឿង​ ​​ទៅ​អោយ​រុស្ស៊ី។ សមាជិក​សភា​អាមេរិក​​ទាំងនេះ​ លើកឡើង​ថា ជាជាង​លក់​អោយ​រុស្ស៊ី បារាំង​គួរ​តែ​ជួល​រឺ​លក់​នាវាចំបាំង​ទៅ​អោយ​អង្គការ​​អូតង់​វិញ។ បារាំងប្រាប់ថា ​ពេលនេះ ទ្វារ​នៅបើក​ចំហរ​ដើម្បី​ពិនិត្យ​លើ​កិច្ចសន្យា​លក់​នាវា​ចំបាំង​អោយ​រុស្ស៊ី​ឡើងវិញ។ ជា​កិច្ច​សន្យា​មាន​តម្លៃ​​១ពាន់លាន​៦សែន​ដុល្លារ។

ដោយឡែក នៅថ្ងៃ​៤មិថុនា​ខាងមុខ ក្នុង​ក្របខណ្ឌ​នៃទស្សនកិច្ច​នៅ​អឺរ៉ុប​​ ​ប្រធានាធិបតី​អាមេរិក​​ ​​អូបាម៉ា នឹង​ជួប​ប្រធានាធិបតី​អ៊ុយក្រែន​ថ្មី ប៉ូរ៉ូឆិនកូ ដើម្បី​ប្រាប់​​​លោក​ប៉ូរ៉ូឆិនកូ​ផ្ទាល់ ពី​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ