អានតួអត្ថបទ
កម្ពុជា

អង្គ​​ភាព​​ប្រ​ឆាំង​​អំពើ​​ពុក​​រលួយ​​នៅ​​មិន​​ទាន់​​ឈាន​​ដល់​​ការ​​ចាប់​​ខ្លួន​​មន្ត្រី​​ជាន់​​ខ្ពស់​​

អង្គ​ភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​បាន​បង្កើន​ការ​ចាប់​ខ្លួន​មន្ត្រី និង​អតីត​មន្ត្រី យ៉ាង​សកម្ម​នៅ​ដើមឆ្នាំ ២០១៤​នេះ។ កាល​ពី​ម្សិល​មិញ អង្គ​ភាព​នេះ​បាន​ចាប់​ខ្លួន​ចុង​ក្រោយ អតីត​អធិការ​ប៉ូលីស​ស្រុក បន្ទាយ​មាស ខេត្ត​កំពត។ ក៏​ប៉ុន្តែ នៅ​តែ​រង​ការ​រិះ​គន់​ថា គ្រាន់​តែ​ជា​ការ​ចាប់​ខ្លួន​មន្ត្រី​ថ្នាក់​ទាប និង​ថ្នាក់​មធ្យម​ប៉ុណ្ណោះ។

ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ត្រូវគេ​មើល​ឃើញ​ថា បាន​បង្កើន​ការ​ចាប់​ខ្លួន​ទៅ​លើ​មន្ត្រី​ពុករលួយ​ដែល​កំពុង​នៅ​ក្នុង​តំណែង និង​ឈប់​ពី​តំណែង​រាជ​ការ នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា។

តាមរយៈ​ការ​ចាប់​ខ្លួន​លោក ស្រុន ឡាំ អតីត​អធិការ​ប៉ូលីស​ស​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត កាល​ពី​ម្សិល​មិញ ទាក់​ទង​ទៅនឹង​សំណុំ​រឿង​ពុករ​លួយ​មួយ​ចំនួន គឺ​ជា​ករណី​ដែល​គេ​មើលឃើញ​ថា អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ខ្លួន មន្ត្រី​ថ្នាក់​ទាប​ម្នាក់​ទៀត​ហើយ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​កត់​សម្គាល់​ថា អង្គ​ភាព​ប្រឆាំងអំពើ​ពុក​រលួយ​មាន​ឆន្ទៈ ធ្វើ​ការ​ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ អង្គភាព​នេះ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ប្រហែល​ពី៦ ទៅ​នាក់ សុទ្ធ​សឹង​ជា​មន្ត្រី​ថ្នាក់​មធ្យម​និង មន្ត្រី​ថ្នាក់​ទាប។ លោក​ព្រាប កុល បន្តថា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​ការងារ​នេះ ក៏ប៉ុន្តែ មន្ត្រី​ថ្នាក់​ខ្ពស់ និង​មន្ត្រី​នយោបាយដែល​បាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅ​ឡើយ។ នេះ​មិន​រ៉ាប់​ពី​ករណី ធំ​មួយ​នៅ​ឆ្នាំ ២០១២ ដែល​កាល​ណោះ​មាន​ការ​ចាប់ខ្លួន ឧត្តម​សេនីយ៍​ផ្កាយ​បី​មួយ​រូប គឺ​លោក ម៉ឹក តារា អតីត អគ្គ​លេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​អតីត​ប្រធាន​មន្ទីរ​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន របស់​ក្រសួង​មហា​ផ្ទៃ។

លោក ទេស​រដ្ឋ​មន្ត្រី ឱម យិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​មាន​ការ​ពន្យល់អំពី​ការ​ចាប់​ខ្លួន​មន្ត្រី​ថ្មី ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ឡើយ។ ក៏ប៉ុន្តែ​លោក ឱម យិន​ទៀង​ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា អង្គ​ភាព​របស់​លោក​នឹង​ចាត់​វិធាន​ការ​ស្មើ​ភាព​គ្នា នៅពេល​មាន​បណ្តឹង​ត្រឹមត្រូវ និង​មាន​ភស្តុតាង​ច្បាស់លាស់។

ទោះ​យ៉ាងនេះ​ក្តី លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ដឹង​បន្ថែមថា មហាជន​ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ចង់ឃើញ​ការចាប់ខ្លួន​ណាមួយ​ទៅលើ​មន្ត្រី​ថ្នាក់លើ នៅពេល​ដែលមាន​ភស្តុតាង​ច្បាស់លាស់ ដោយ​លោក ចង់​ចង្អុលបង្ហាញ​ពី​ចំណាត់ការ​របស់​ប្រទេស​ចិន ដែលមាន​ការ​បោសសំអាត​មន្ត្រីកំពូលៗ ទាក់​ទង់​ទៅនឹង​បទ​ស៊ីសំណូក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ