អានតួអត្ថបទ
កម្ពុជា

អ្នកស្រាវជ្រាវ​ការ​ប្រឡង​បាក់ឌុប​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន

អ្នក​ស្រាវជា្រវ​ឯករាជ្យ​ផែ្នក​សង្គម​សដ្ឋកិច្ច​គ្រោង​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​នៅ​ថៃ្ង​សុក្រ​ចុង​សប្តាហ៍​ក្រោយ​នេះ​ ទាក់ទង​នឹង​ការ​ស្ទង់​មតិ​ ស្តីពី​អំពើ​ពុក​រលួយ​ និង​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ ប្រឡង​បាក់​ឌុប​ឆ្នាំ​ ២០១២​នេះ។​ អ្នក​ស្រាវជ្រាវ​បាន​បង្ហើប​ថា​មាន​អំពើ​ពុក​រលួយ​ និង​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ពេល​ប្រឡង​នេះ ​ប៉ុនែ្ត​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា បាន​វាយ​តម្លៃ​ការរៀបចំ​ប្រឡង​នៅ​ទូទាំង​ប្រទេស​​ឆ្នាំ​នេះ​ថា​មាន​បរិយាកាស​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ។

ទិដ្ឋភាពនៅមណ្ឌលប្រឡងបាក់ឌុប នៅ​សាលា​បឹងត្របែក
ទិដ្ឋភាពនៅមណ្ឌលប្រឡងបាក់ឌុប នៅ​សាលា​បឹងត្របែក RFI/ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ ផែ្នក​សង្គម​សេដ្ឋកិច្ច​ លោក​ កែម​ ឡី​ បាន​ថែ្លង​អោយ​ដឹង​ថា លោក​បាន​អងេ្កត​និង​សម្ភាសន៍​គ្រូ​ដែល​ជា​មេប្រយោគ​៦នាក់​នៅ​ក្នុង​ អំឡុង​ពេលប្រឡង​ ក្នុង​នោះ​គ្រូ​មួយ​ចំនួន​ឆ្លើយ​ថា​ នៅ​ក្នុង​រដូវ​ប្រឡង​ឆ្នាំនេះ​ ពួកគេ​អាច​រក​លុយ​បាន​ចំនួន​ ៥ម៉ឺន​រៀល​ និង​១០ម៉ឺន​រៀល​ ប៉ុនែ្ត​ភាគច្រើន​ពួកគេ​អះអាង​ថា​ ឆ្នាំនេះ​ពិបាក​និង​តឹង​តែង​ជាង​កាល​ពី​ឆ្នាំ​មុន។​

អ្នក​ធ្វើ​អង្កេត​ក៏​បាន​សំភាសន៍​ជាមួយ​ឪពុកម្តាយ​សិស្ស​ដែល​កំពុង​ឈរ​រង់​ចាំ​កូន​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង​ចំនួន​៣០នាក់​ ក្នុងនោះ​ ពួកគាត់​អះអាង​ថា​ បាន​ចំណាយ​លុយ​អោយ​គ្រូ​ក្នុង​រយៈពេល​ប្រឡង​នេះ​អស់​ពី​ ៥ម៉ឺន​ ទៅ​២០០ដុល្លារ។​ សូម្បី​តែ​ព្រះសង្ឃ​ក៏​ត្រូវ​តែ​ចំណាយ​លុយ​ទៅ​អោយ​មេប្រយោគ​ ក្នុង​មួយ​១ម៉ោងៗ​ អស់​៥​ពាន់​ ទៅ​១​ម៉ឺន​រៀល​ដែរ។​ នេះ​បើ​យោងតាម​ការ​បង្ហើប​ឲ្យដឹង​របស់លោក​ កែម​ ឡី។​ យ៉ាង​ណា​ក៏​ដោយ​ លោក​សន្និដ្ឋាន​ថា​ ស្ថានភាព​ការ​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ២០១២​នេះ​ មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន។​

ផ្ទុយពី​នេះ​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា​ ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ការកើន​ឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ លោក​អះអាង​ថា រយៈពេល​ប្រឡង​ពីរ​ថ្ងៃ​កន្លះ​នេះ កើតមាន​ភាពមិនប្រក្រតី​ច្រើន ​ស្ទើរ​តែ​គ្រប់មណ្ឌល​ប្រឡង ដោយ​បេក្ខជន​បាន​នាំគ្នា​រៃអង្គាស​លុយ​ជូន​មេ​ប្រយោគ​ជា​ថ្នូរ​នៃ​ការចម្លង​ព្រីយ៉ុង។ ក្រៅពីនោះ លោក​អះអាង​ថា បេក្ខជន​អាច​យក​ទូរស័ព្ទ​ទៅជា​មួយ​មើល​ចម្លើយ និង​មាន​ប្រធាន​មណ្ឌល​មួយ​ចំនួន​ធ្វើ​ចម្លើយ​លក់​ឲ្យ​សិស្ស​ក្នុង​មណ្ឌល រួមទាំង​មានការ​បែកធ្លាយ​វិញ្ញាសា​ថែម​ទៀត​ផង។

ប៉ុនែ្ត​លោក​ អ៊ឹង​ ង៉ោហុក​ ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ អះអាង​ថា​ ក្រសួងអប់រំ ​បាន​បូក​សរុប​ការ​វាយ​តម្លៃ​របស់​ខ្លួន​រួច​រាល់​ហើយ ថា​គ្មាន​បញ្ហា​អី្វ​កើត​ឡើង​ទេ និង​ក៏​គ្មាន​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រឡង​ដែរ​។ លោក​អះអាង​ថា ក្រសួង​អប់រំ​បាន​សន្និដា្ឋន​ថា ការប្រឡង​ឆ្នាំ​នេះ​អាច​ទទួល​យក​បាន។ មន្ត្រី​ក្រសួង​អប់រំ​រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា បើ​មាន​របាយការណ៍​ស្តីពី​ភាព​មិន​ប្រក្រតី​មែន លោក​សុំ​ឲ្យ​ម្ចាស់​របាយការណ៍​បង្ហាញ​ អោយ​បាន​ច្បាស់លាស់​ថា​ តើ​បញ្ហា​នោះ​កើត​ឡើង​នៅ​ក្នុង​បន្ទប់​ណា​ និង​មណ្ឌល​ណា​?

គួរបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​ឆ្នាំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៦​ដល់​០៨​សីហា​កន្លង​ទៅ ដែល​មាន​សិស្ស​ជាង ១១ម៉ឺន​នាក់​ចូល​រួម​ប្រឡង។ នៅមុន​ពេល​ប្រឡង ក្រសួង​អប់រំ​បាន​ចេញ​បទបញ្ញត្តិ​មួយ​ចំនួន​បិទ​នៅតាម​មណ្ឌល​ប្រឡង​នានា​ដោយ​ព្រមាន​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​ដល់​បេក្ខជន​ណា​ដែល​ធ្វើ​ជា​មេ​ខ្លោង​ប្រមូល​លុយ​ឲ្យ​មេប្រយោគ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ