អានតួអត្ថបទ
កម្ពុជា

ជំនួប​ប្រចាំ​ឆ្នាំ​ស្តី​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​លំហូរ​ទុន​វិនិយោគ

ទំហំ​ពាណិជ្ជ​កម្ម​ដែល​ហូរ​ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ​វៀតណាម​ និង​ឡាវ​ មាន​ការ​កើន​ឡើង​ជា​លំដាប់។​នៅ​ក្នុង​សន្និសីទ​រយៈ​ពេល​ ៤​ថ្ងៃ​នៅ​ខេត្ត​សៀមរាប។​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មការ​វិនិយោគ​កម្ពុជា ​បាន​បង្ហាញ​នូវ​តួលេខ​ប្រកប​ដោយ​សុទិដ្ឋិ​និយម​ដែល​នេះ​ជា​បច្ច័យ​ដែល​ទទួល​បាន​ពី​ការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​សេដ្ឋកិច្ច​ ដោយ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​។

រូបភាពផែនទីនៃប្រទេសកម្ពុជា វៀតណាម និងឡាវ។
រូបភាពផែនទីនៃប្រទេសកម្ពុជា វៀតណាម និងឡាវ។ សហការី
ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​ ២០​ កន្លង​ទៅ​នេះ ​គឺ​ចាប់​ពី​ឆ្នាំ​១៩៩៤​ ដល់​ឆ្នាំ​២០១៤​នេះ ​ទឹក​ប្រាក់​ដែល​ជា​ទុន​វិនិយោគ​ ហើយ​ត្រូវ​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ​តាម​បណ្តា​ខេត្ត​នៃ​ត្រី​កោណ​អភិវឌ្ឍន៍​ មាន​ខេត្ត​រតនៈគីរី​ មណ្ឌលគីរី​ ក្រចេះ​និង​ស្ទឹងត្រែង​ មាន​ចំនួន​ជាង ​៣​ពាន់​លាន​ដុល្លារ​ ជា​ពិសេស​លើ​វិស័យ​កសិកម្ម ​ដំណាំ​កៅ​ស៊ូ។

តួរ​លេខ​នេះ​បាន​បង្ហាញ​ចេញ​តាម​រយៈ​សុន្ទរ​កថា​មួយ​ដែល​ថ្លែង​ដោយ​លោក​ ជា​ វុទ្ធី​ អគ្គលេខា​ធិការ​រង​គណៈកម្ម​ការ​វិនិយោគ​កម្ពុជា​ នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​លើក​ទី​៨ ​ស្តី​ពី​ការ​ជម្រុញ​ពាណិជ្ជកម្ម​ វិនិយោគ ​និង​ទេសចរណ៍​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា​នៅ​ទី​ក្រុង​សៀមរាប។

សន្និសីទ​ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​ត្រីកោណ​អភិវឌ្ឍន៍​ មាន​កម្ពុជា​ វៀតណាម​ និង​ឡាវ​ដែល​គេធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នោះ ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ដំណោះ​ស្រាយ​នានា​រាល់​ឧបសក្គ ​ដែល​ជា​ការ​ប្រឈម​ ក្នុង​តំបន់​ដែល​មាន​ខេត្ត​ជាប់​ព្រំដែន​គ្នា​ចំនួន​១៣ ​ហើយ​ជា​ការ​ប្រើប្រាស់​នូវ​សក្តានុពល​ក្នុង​តំបន់​ដើម្បី​បំរើ​ប្រយោជន៍​ប្រទេស​រៀង​ៗ​ខ្លួន។

សម្រាប់​ប្រទេស​កម្ពុជា​លោក​ ជា​ វុទ្ធី ​ថ្លែង​ថា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ជម្រុញ​ការ​វិនិយោគ ​ពាណិជ្ជកម្ម ​និង​ទេសចរណ៍​ក្នុង​តំបន់​ត្រីកោណ ​កម្ពុជា​ វៀត​ណាម​ ឡាវ​ ដែល​មាន​លក្ខណៈ​ជា​ចំណង​មិត្តភាព​ស៊ី​ជម្រៅ ​និង​មាន​លក្ខណៈ​ជាប្រវត្តិសាស្ត្រ។

ក្នុង​ចំណោម​ទុន​វិនិយោគ​ដែល​ហូរ​ចូល​ខេត្ត​នៃ​ត្រីកោណ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ​ស្ទឹង​ត្រែង​ទទួល​បាន​ច្រើន​ជាង​គេ​គឺ​ ជាង​១១០០​លាន​ដុល្លារ​ ដោយ​ហេតុ​ថា​ខេត្ត​ស្ទឹង​ត្រែង​មាន​លំហូរ​វិនិយោគ​ផ្សេង​ទៀត​ក្រៅ​ពី​ដំណាំ​កៅ​ស៊ូ ​គឺ​គម្រោង​សាង​សង់​វារី​អគ្គីសនី​ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ ៧៨១​ដុល្លារ។

តាម​លោក ​ជា ​វុទ្ធី​ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​បី​មាន​ការ​កើន​ឡើង​ជា​លំដាប់។​សម្រាប់​តួលេខ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទំហំ​ពាណិជ្ជ​កម្ម​សរុប​រវាង​កម្ពុជា​និង​ឡាវ​គឺ​មាន​១៩​លាន​ដុល្លារ​ រីឯ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​វៀត​ណាម​វិញ​មាន​សរុប​រហូត​ដល់​ ជិត​៣​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ