អានតួអត្ថបទ
កម្ពុជា

VINCI រម្លឹក​ខួប ១៥​ឆ្នាំ នៅ​កម្ពុជា

ទន្ទឹម​នឹង​ការសម្ពោធ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France ឡើងវិញ​នៅ កម្ពុជា ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ នៅកម្ពុជា VINCI ដែលជា​ក្រុមហ៊ុន​បារាំង​ដ៏​ធំ​មួយ​ដែល​មាន​ជំនាញ​ស្ថាបនា និង​គ្រប់គ្រង​ដំណើរការ​ព្រលាន​យន្តហោះ ក៏​បាន​រម្លឹក​ខួប ១៥​ឆ្នាំ នៃ​វត្តមាន​របស់​ខ្លួន នៅកម្ពុជា​ផងដែរ។ ក្រុមហ៊ុន​VINCI សព្វថ្ងៃ​កំពុង​គ្រប់គ្រង​ព្រលាន​យន្តហោះ​សំខាន់ៗ​ទាំងបី​របស់​កម្ពុជា គឺ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ខេត្តព្រះសីហនុ។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង Vinci
អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង Vinci ©
ផ្សាយពាណិជ្ជកម្ម

01:48

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ថ្ងៃ​សម្ពោធ​ជើង​ហោះហើរ​ឡើងវិញ​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំងAir France នៅ​កម្ពុជា ត្រូវបាន​រៀបចំ​ធ្វើ​ជាមួយ​ថ្ងៃ​រម្លឹក​ខួប​១៥​ឆ្នាំ​នៃ​វត្តមាន​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​VINCI​របស់​បារាំង នៅកម្ពុជា​ដែរ។

ក្រុមហ៊ុន​បារាំង VINCI កំពុង​គ្រប់គ្រង​ដំណើរការ​ព្រលាន​យន្តហោះ​សំខាន់​ទាំងបី​របស់​កម្ពុជា។ VINCI​បាន​ចាប់ផ្តើម​វិនិយោគ និង​គ្រប់គ្រង​ដំណើការ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាំងពី​ឆ្នាំ​១៩៩៥ បន្ទាប់មក គឺ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៃ​ទីក្រុង​ទេសចរណ៍​វប្បធម៌​សៀមរាប នៅ​ឆ្នាំ​២០០១ ហើយ​ចុងក្រោយ គឺ​ព្រលាន​យន្តហោះ​នៅក្នុង​ខេត្ត​ទេសចរណ៍​ព្រះសីហនុ​នៅឆ្នាំ​២០០៦។ ក្នុងឱកាស​នេះ ក្រុមហ៊ុន​VINCI​ដែល​មាន​ភាគហ៊ុន​ធំ​ជាងគេ នៅក្នុង​ការវិនិយោគ​លើព្រលាន​យន្តហោះ​នៅកម្ពុជា ក៏បាន​បង្កើត​អោយ​មាន​ឈ្មោះ​រួម​មួយ គឺCAMBODIA Airports។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ក្រុមហ៊ុនVINCI បានក្លាយ​ទៅជា​ដៃគូ​យ៉ាង​សំខាន់ និង​មាន​និរន្តរភាព​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយសារ​តែ​ព្រលាន​យន្តហោះ​ដែល​វិនិយោគ​ដោយ CAMBODIA Airports ត្រូវបាន​ទទួលស្គាល់​ថា បាន​ផ្តល់​សេវា​ដ៏​មាន​គុណភាព។

កាលពីឆ្នាំ​២០១០​កន្លងទៅ ព្រលាន​យន្តហោះ​ទាំង៣​របស់​កម្ពុជា​បាន​ទទួល​អ្នកដំណើរ​ជាង​៣លាន ៣សែន​នាក់ ដែល​ចំនួន​នេះ​បាន​បង្ហាញ​ពី​កំណើន​នៃ​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​កម្ពុជា ១៧ភាគរយ​លើស​ពី​ឆ្នាំ​២០០៩​ដែល​មាន​តែ ២លាន ៨សែន​នាក់។ រីឯ​ការ​ដឹកជញ្ជូន​ទំនិញ​តាម​ជើងអាកាស​ក៏​មាន​កំណើន​ដូចគ្នា។

ក្រុមហ៊ុន​ព្រលាន​យន្តហោះ VINCI បាន​វិនិយោគ​លើ​ព្រលានយន្តហោះ​ចំនួន​៩ នៅ​ក្នុង​ប្រទេស​បារាំង និង​ព្រលាន​យន្តហោះ​អន្តរជាតិ​៣ នៅក្នុង​ប្រទេស​កម្ពុជា។ ជាសរុប ព្រលាន​យន្តហោះ​ទាំង​១២​ដែល​វិនិយោគ​ដោយ​VINCI បាន​ទទួល​អ្នកដំណើរ​ជិត​៨លាននាក់​នៅក្នុង​ឆ្នាំ​២០១០ ហើយ​ទទួលបាន​ចំនូល​១៥០​លាន​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ