អានតួអត្ថបទ
វិបត្តិសេដ្ឋកិច្ច​

ប្រាក់បំណុល៖​ អ្នកនយោបាយ​ខិតខំ​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ ប៉ុន្តែ​ពុំបាន​ធ្វើឲ្យ​គេមាន​ជំនឿ​ឡើយ​

ថ្វីដ្បិតតែ​ទីផ្សារ​មូលបត្រ​អន្តរជាតិ​នៅថ្ងៃពុធ​ទី១០​សីហា​ឆ្នាំ២០១១​នេះ​បាន​ស្គាល់​ភាពធូរ​ស្បឿយ​​បន្តិច​វិញ​ ​ ក្រោយពី​ទីផ្សារ​មូលបត្រ​នៅ​ទូទាំង​ពិភពលោក​បាន​ឋិត​នៅក្រោម​ការ​គំរាម​យ៉ាងខ្លាំង​នៃ​ព្យុះសង្ឃរា​ហិរញ្ញវត្ថុ​ ​ ដោយហេតុ​តែ​គេ​ខ្លាចក្រែង​សហរដ្ឋ​អាមេរិក​ជួប​នឹង​សេដ្ឋកិច្ច​ដើរថយ​ក្រោយ​សាជាថ្មី​។​ អ្នកនយោបាយ​ខិតខំ​ប្រយុទ្ធ​ទប់ទល់នឹង​វិបត្តិ​ ប៉ុន្តែ​ពុំបាន​ធ្វើឲ្យ​គេ​មាន​ជំនឿឡើយ។

លោក​ Ben Bernanke អគ្គនាយក​ធនាគារកណ្តាល​អាមេរិក
លោក​ Ben Bernanke អគ្គនាយក​ធនាគារកណ្តាល​អាមេរិក © Reuters
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​វិវត្ត​ទៅយ៉ាង​ឆាប់រហ័ស​ ​ អ្នកវិនិយោគ​កាន់តែ​បាត់បង់​អំណត់​អត់ធន់​របស់ខ្លួន​ ​ ចំណែកឯ​អ្នកដឹកនាំ​ប្រទេស​វិញ​ពុំបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​វិធានការ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ឬ​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​ប្រយុទ្ធ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ឡើយ​។​ ទោះបីជា​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​ អ្នក​នយោបាយ​ទាំងនោះ​បាន​ខិតខំ​បញ្ចេញ​សុន្ទរកថា​ពោរពេញ​ទៅដោយ​សុឆន្ទៈ​យ៉ាងណាក្តី។​ ទាំងនេះហើយ​ដែល​បាន​ធ្វើឲ្យ​អ្នកវិនិយោគ​បាត់បង់​ទំនុកចិត្ត​ទៅលើ​អ្នកនយោបាយ។

 
​​​​                         អនុសាសន៍របស់​លោក​ប្រធានធនាគារ​កណ្តាល​អឺរ៉ុប

លោក​ Jean–Claude Trichet ​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ថ្លែង​ទៅកាន់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​តំបន់អឺរ៉ូ​ ​ ឲ្យចេះ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​តទល់​នឹង​វិបត្តិ​ប្រាក់​បំណុល​ ​ ហើយនិង​ឲ្យ​ចេះមាន​ការទទួល​ខុសត្រូវ​ខ្ពស់។

នៅក្នុង​ទស្សនៈ​នេះ​ ​ លោក​ Jean–Claude Trichet ​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​៖

-ចេះ​ធ្វើការ​កាត់​បន្ថយ​ឧនភាព​សាធារណៈ​។
-ធ្វើការ​ដំឡើង​ពន្ធដារ​ដោយ​ចៀស​ពុំផុត។
-ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​។
-ប្រយុទ្ធ​ប្រឆាំង​នឹងបញ្ហា​ឥត​ការងារធ្វើ​។
-ដោះស្រាយ​បញ្ហា​វិបត្តិ​សង្គម​ដែល​អាច​កើតមាន​ជាយថាហេតុ។​ វិបត្តិ​សង្គម​ដែលអាច​បង្ក​ឡើង​ដោយ​ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល។

វិធានការ​ទាំងប៉ុន្មាន​ខាងលើនេះ​ បើគេ​ពិនិត្យ​មើលទៅ​ឃើញថា​ពិបាក​នឹងស៊ី​គ្នា​ណាស់​។​ ណាមួយ​ចង់​ធ្វើការ​ដំឡើង​ពន្ធដារ​ ​ ណាមួយ​ចង់​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ធ្វើ​ម្តេច​នឹង​ទៅរួច។​ បើធ្វើការ​ដំឡើង​ពន្ធដារ​ដើម្បី​រកប្រាក់​ចំណូល​សម្រាប់​កាត់បន្ថយ​ឧនភាព​សាធារណៈ​ ​ ធ្វើម្តេច​ប្រជាជន​នឹង​មាន​អំណាច​ទិញ​ខ្ពស់​ទៅកើត​។​ បើ​ប្រជាជន​មាន​អំណាច​ទិញ​ធ្លាក់ស្រុត​ចុះ​ ​ ធ្វើម្តេច​នឹង​មាន​ប្រាក់​យកទៅ​ធ្វើការ​ទិញដូរ​ហូបចុក​។​ បើ​ការទិញដូរ​ហូបចុក​គ្មាន​សន្ទុះ​ទេ​ ​ ធ្វើម្តេច​នឹងមាន​កំណើន​សេដ្ឋកិច្ច។​ មូលហេតុ​ទាំងនេះហើយ​ដែល​បាន​ធ្វើឲ្យ​អ្នកវិនិយោគ​កើតមាន​ក្តីបារម្ភ។

ចំណែកឯ​ការ​រក្សា​អត្រា​ការប្រាក់​នាំមុខ​ឲ្យឋិត​នៅ​កម្រិត​យ៉ាងទាប​ដោយ​ធនាគារ​កណ្តាល​អាមេរិក​ ​ ពោលគឺ​នៅកម្រិត​០%​និង​០,២៥%​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ២០១៣​គឺ​ពិត​ជា​សេចក្តី​សម្រេច​ចិត្ត​មួយ​ជា​ប្រវត្តិសាស្ត្រ។​ នយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​អាមេរិក​នេះ​បាន​ត្រូវ​វិនិយោគិន​មើលឃើញថា​ ​ ជា​នយោបាយ​ជួយ​ជំរុញ​គាំទ្រ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​។

ក៏ប៉ុន្តែ​ នយោបាយ​រក្សា​អត្រា​ការប្រាក់​នាំមុខ​ឲ្យឋិត​នៅ​កម្រិត​យ៉ាងទាប​ដោយ​ធនាគារ​កណ្តាល​អាមេរិក​ដូច្នេះ​ប្រៀបបាន​ទៅនឹង​នយោបាយ​កាំបិត​មុខពីរ​ ​ ពីព្រោះថា​ធ្វើ​យ៉ាងនេះ​ហាក់​ដូចជា​ធនាគារ​កណ្តាល​អាមេរិក​ទទួល​ស្គាល់ថា​ នៅរយៈកាល​ពីរឆ្នាំ​ខាងមុខនេះ​នឹង​ពុំ​អាច​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​មាំទាំ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ