អានតួអត្ថបទ
ហ្វីលីពីន

អង្គការ​Amnesty៖ ការធ្វើ​ទារុណកម្ម​កើត​មាន​ជា​ទម្លាប់ នៅ​ហ្វីលីពីន

ការធ្វើ​ទារុណកម្ម​របស់​ប៉ូលិស​ ​ទៅ​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​កើត​មាន​ជាទៀងទាត់ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អាគីណូ។ នេះ​បើ​តាម​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International ដែល​បាន​និយាយ​ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៤​ធ្នូ។  

ខ្នោះ​ដាក់​ជើង​ដែល​គេ​ប្រើ​នៅក្នុង​វគ្គ​ធ្វើ​ទារុណកម្ម​សួរចម្លើយ​ជនសង្ស័យ
ខ្នោះ​ដាក់​ជើង​ដែល​គេ​ប្រើ​នៅក្នុង​វគ្គ​ធ្វើ​ទារុណកម្ម​សួរចម្លើយ​ជនសង្ស័យ Amnesty/© Robin Ballantyne
ផ្សាយពាណិជ្ជកម្ម

ការធ្វើ​ទារុណកម្ម​ពី​សំណាក់​ប៉ូលិស​មាន​កាន់តែច្រើន និង​​សឹង​ជា​ទម្លាប់​នៅ​ហ្វីលីពីន។ នេះ​ជា​ការលើកឡើង​របស់​លោក​Salil Shetty អគ្គលេខាធិការ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Amnesty International ដោយ​​ពឹង​ផ្អែក​ទៅលើ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ហ្វីលីពីន។ ជារៀងរាល់​ឆ្នាំ អង្គការ​ក្នុង​ស្រុក​ហ្វីលីពីន​រកឃើញ​ករណី​ធ្វើ​ទារុណកម្ម​ដោយ​ឆក់​ខ្សែភ្លើង ការរំលោភ​ផ្លូវភេទ និង​ការវាយធ្វើបាប​ទៅលើ​ជនសង្ស័យ​ពី​សំណាក់​ប៉ូលិស​ហ្វីលីពីន។

 
យោងតាម​អង្គការ​ Amnesty International ចាប់តាំងពី​ឆ្នាំ ២០០១ គេរកឃើញ​ករណី​ធ្វើ​ទារុណកម្ម​របស់​ប៉ូលិស​ទៅលើ​ជនសង្ស័យ ចំនួន ៤៥៧​ករណី។ ឆ្នាំ ២០១៣ តែមួយ​ត្រូវ​កត់សំគាល់​ដោយ​ការកើនឡើង​ខ្ពស់​នៃ​ការធ្វើ​ទារុណកម្ម​ក្រៅផ្លូវ​ច្បាប់​របស់​អាជ្ញាធរ។ តាម​អគ្គលេខាធិការ​របស់​អង្គការ អន្តរជាតិ​មួយនេះ នៅក្នុង​ប្រទេស​រីកចម្រើន​ដូចជា​ហ្វីលីពីន ការបិទ​បញ្ចប់​ការធ្វើ​ទារុណកម្ម​របស់​អាជ្ញាធរ អាច​ជា​ស្នាដៃ មរតក​ដ៏​សំខាន់​ដែល​លោក​ប្រធានាធិបតី​អាគីណូ អាច​បន្សល់ទុក មុន​នឹង​​បញ្ចប់​អាណត្តិ​រដ្ឋាភិបាល​នៅ​ឆ្នាំ ២០១៦។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ លោក​ប្រមុខ​ដឹកនាំ​ហ្វីលីពីន​បច្ចុប្បន្ន​មិន​ទាន់​ធ្វើការ​បាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​ការធ្វើ​ទារុណកម្ម​នោះទេ។

កាលពី​ឆ្នាំ ២០០៩ ហ្វីលីពីន​បាន​ធ្វើ​ច្បាប់​ហាម​មិន​ឲ្យ​មាន​ការធ្វើ​ទារុណកម្ម​ទៅលើ​អ្នកទោស ឬ​ជនសង្ស័យ ប៉ុន្តែ​តាម​លោក​ប្រធាន​អង្គការ​ Amnesty International ប៉ូលិស​នៅ​តែ​បន្ត​វិធីសាស្រ្ត​ធ្វើទារុណកម្ម និង​តែងរួច​ខ្លួន​ពី​សំណាញ់​ច្បាប់។ ប៉ូលិស​ដែល​បាន​ទទួល​និទណ្ឌភាព​រឹតតែ​បាន​ចិត្ត ធ្វើ​ទារុណកម្ម​កាន់តែ​ច្រើន។ ម្យ៉ាងទៀត ដោយសារ​តែ​ប្រាក់ខែ​របស់​ប៉ូលិស​នៅ​ខ្សត់ខ្សោយ គេមើលឃើញ​ថា ប៉ូលិស​បាន​ធ្វើ​ទារុណកម្ម​ទៅលើ​ជនសង្ស័យ ដើម្បី​ឈ្លេចសួរ​ឲ្យ​បាន​ចម្លើយ​ផង និង​ដើម្បី​គាប​យក​លុយ​ពី​ជនសង្ស័យ​ផង។

ប៉ូលិស​ហ្វីលីពីន​វិញ បាន​រុញច្រាន​ចោល​ការចោទប្រកាន់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​បាន​អះអាងថា ស្ថាប័ន​ប៉ូលិស​បាន​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​ដាក់​ពិន័យ​ប៉ូលិស​ដែល​បានធ្វើ​ទារុណកម្ម​ទៅលើ​ជនសង្ស័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ