អានតួអត្ថបទ
កម្ពុជា

Amnesty International អំពាវនាវ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ធ្វើការ​ដោយ​តម្លាភាព

អង្គការ​ Amnesty International បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​សាលាក្តី​ខ្មែរក្រហម​។ តាម​សេចក្តីថ្លែងការណ៍នេះ សាលាក្តី​ចម្រុះ ដែល​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា កំពុង​ឈានទៅរក​ការ​បំភ្លេចចោល​សំណុំរឿង ដែល​អាច​ចោទប្រកាន់​មនុស្ស​ផ្សេង​ទៀត ដោយសារ​តែ​ការងារ​ខ្វះ​តម្លាភាព និង​ភាពសម្ងាត់​ហួសហេតុ ក្រោម​ការជ្រៀតជ្រែក​នយោបាយ​។​

អង្គជំនុំជម្រះ​​នៃ​តុលាការ​ខ្មែរក្រហម
អង្គជំនុំជម្រះ​​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​៨​មិថុនា អង្គការ Amnesty International បាន​អំពាវនាវ​ឲ្យ​តុលាការ​ខ្មែរក្រហម​អនុម័ត​វិធាន និង​គោលការណ៍ ដែល​ធានា​តម្លាភាព និង​ការទទួលបាន​ព័ត៌មាន​ទូលំទូលាយ ជាពិសេស​ តុលាការ​ចម្រុះ​នេះ​ត្រូវ​ធានា​ដំណើរការ​ស៊ើបអង្កេតប្រកបដោយតម្លាភាព និង​ត្រូវ​ចៀសវាង​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​។

​អង្គការ Amnesty ក៏​បាន​រិះគន់​ចំពោះ​សហ​ចៅក្រម​ស៊ើបអង្កេត ដែល​បាន​ផ្សព្វផ្សាយ​សេចក្តីសន្និដ្ឋាន ស្តីពី​លទ្ធផល​បិទ​បញ្ចប់​ការស៊ើបអង្កេត ​ក្នុង​សំណុំរឿង​០០៣ កាលពី​ថ្ងៃ​ទី​២៩ មេសា ២០១១។ នោះគឺចៅក្រម​មិនបាន​ធ្វើ​ការស៊ើបអង្កេត​ហ្មត់ចត់ និង​​ត្រឹមត្រូវ ស្រប​តាម​និយាម​របស់​តុលាការ​ខ្នាត​អន្តរជាតិ​ឡើយ​។​

Amnesty International បាន​អំពាវនាវ​ឲ្យ​តុលាការ​កូនកាត់​នេះ ធ្វើការ​ប្រកប​ដោយ​តម្លាភាព តាមរយៈ​ការស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់ និង​ហ្មត់ចត់ ជាពិសេស​ លើ​សំណុំរឿង ០០៣ និង ០០៤ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។​

​យ៉ាងណាក៏ដោយ លោក ឌឹ​ម សុ​វណ្ណា​រុំ មន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ របស់​សាលាក្តី​ខ្មែរក្រហម បាន​មានប្រសាសន៍ថា សហ​ចៅក្រម​ស៊ើបអង្កេត​កំពុង​តែ​បំពេញ​កិច្ចការ​របស់​ខ្លួន ស្រប​តាម​នីតិវិធី​ច្បាប់​។ រយៈពេល​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​ត្រូវធ្វើ​កិច្ចការ​របស់​ខ្លួន​បន្ត​។​

​តាម​លោក ឌឹ​ម សុ​វណ្ណា​រុំ សហ​ចៅ​ក្រហម​ស៊ើបអង្កេត បានបញ្ជាក់​រួចហើយ​ទៅកាន់​សាធារណៈជន​ថា ការងារ​ស៊ើបអង្កេត​នៅ​ក្នុង​សំណុំរឿង​០០៣ គឺ​សហ​ចៅក្រម​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន ដោយ​ឯករាជ្យ ហើយ​សហ​ចៅ​ក្រហម​ស៊ើបអង្កេត​ប្រឆាំង​ដាច់ខាត​នូវ​រាល់​ការជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ណាក៏ដោយ​។​

​សំណុំរឿង ០០៣ ត្រូវបាន​គេ​រាយការណ៍​ថា មាន​មេដឹកនាំ​ខ្មែរក្រហម ២ រូប ត្រូវ​ប្រឈមមុខ ជាប់ចោទ​ក្នុង​រឿង​កាប់​សម្លាប់​មនុស្ស​សម័យ​ខ្មែរក្រហម​។ ក្នុងនោះ រួមមាន លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ពជើងទឹក និង​លោក ស៊ូ ម៉េត ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​របស់​ខ្មែរក្រហម​។ ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ ជន​ត្រូវ​ចោទក្នុងសំណុំរឿង០០៣ មិន​ត្រូវ​បាន​សាលាក្តី​បង្ហាញ​អត្តសញ្ញាណ​ច្បាស់លាស់​ជា​សាធារណៈ​ឡើយ​។

​ទោះជា​យ៉ាងណា​ក៏ដោយ សំណុំរឿង​ថ្មី​ដ៏​ចម្រូងចម្រាស់​នេះ ត្រូវបាន​ជំរុញ​ឲ្យ​ដំណើរការ​​ទៅមុខ ដោយ​​ភាគី​អន្តរជាតិ​។ ចំណែក​ភាគី​កម្ពុជា រួមទាំង​រដ្ឋាភិបាល​ មិន​ចង់ឲ្យ​មាន​សំណុំរឿង​ថ្មី ក្រៅ​តែ​សំណុំរឿង​០០២ ដែល​នឹង​ត្រូវ​ផ្តើម​សវនាការ​នា​ថ្ងៃ​២៧​មិថុនា​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ